តើមានរបស់អ្វីខ្លះដែលអាចគ្រោះថ្នាក់ដល់កូន?

របស់របរផ្សេងៗដែលអ្នកប្រើប្រាស់ក្នុងផ្ទះ អ្នកត្រូវតែប្រយ័ត្នបំផុត ព្រោះមានរបស់មួយចំនួន អ្នកគិតថាវាគ្មានគ្រោះថ្នាក់ដល់កូនឡើយ ប៉ុន្តែវាបែរជាមានទៅវិញ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបស់មួយចំនួនដែលអាចប៉ះពាល់ដល់កូនបាន។

ទឹកអប់បាញ់ក្នុងផ្ទះ

នៅពេលដែលផ្ទះមានក្លិនមិនល្អ អ្នកខ្លះតែងតែប្រើទឹកអប់ដែលគេប្រើសម្រាប់បាញ់បំបាត់ក្លិនក្នុងផ្ទះមកបាញ់ជានិច្ច ប៉ុន្តែតើអ្នកដឹងទេថា ក្រោយពេលដែលកូនស្រូបយកក្លិនទាំងនេះរួច វាអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនណាស់ ថែមទាំងធ្វើឱ្យកូនពិបាកដកដង្ហើម និងមានអាការៈឈឺក្បាលទៀតផង ដូចនេះអ្នកអាចប្រើសំបកផ្លែឈើ ដូចជា ៖ សំបកក្រូចឃ្វិច ក្រូចពោធិ៍សាត់ ឬសំបកក្រូចឆ្មារដាក់ក្នុងផ្ទះដើម្បីបំបាត់ក្លិនទាំងនោះទើបល្អ។

ថ្នាំធ្វើឱ្យអាវស

នៅពេលដែលអាវកូនប្រលាក់ អ្នកមិនត្រូវយកវាទៅត្រាំក្នុងសាប៊ូម្យ៉ាងដែលធ្វើឱ្យអាវសលឿននោះទេ ព្រោះនៅក្នុងសាប៊ូនោះមានសារធាតុគីមីជាច្រើនដែលអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមកូនជាខ្លាំង ដូចនេះអ្នកអាចប្រើក្រូចឆ្មារដើម្បីជម្រះបាន ទើបវាមិនប៉ះពាល់ដល់សុខភាពកូន។

គ្រឿងអេឡិចត្រូនិចក្នុងផ្ទះ

គ្រឿងអេឡិចត្រូនិចនៅទីនេះសំដៅដល់ទូរទស្សន៍ កុំព្យូទ័រ និងប្រដាប់ប្រដាល់ផ្សេងជាច្រើនទៀត នៅពេលដែលអ្នកប្រើ វាអាចបញ្ចេញសារធាតុម្យ៉ាងទៅក្នុងអាកាស ដែលធ្វើឱ្យស្រូបចូលទៅពិបាកបញ្ចេញមកវិញ ដូចនេះអ្នកមិនត្រូវឱ្យកូននៅក្បែរច្រើនឡើយ។

ប្រដាប់លេងជ័រ

អ្នកមិនត្រូវទិញប្រដាប់ប្រដាល់លេងដែលធ្វើពីជ័រឱ្យកូនលេងច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់កូននៅពេលដែលគេលេងរបស់ទាំងនោះច្រើន។

គ្រឿងអលង្ការ

អ្នកមិនត្រូវឱ្យកូនប៉ះពាល់គ្រឿងអលង្ការផ្សេងៗនោះទេ ព្រោះវាអាចធ្វើឱ្យស្បែកកូនប្រតិកម្ម ហើយជួនកាលកូនអាចលេបចូលទៅក្នុងពោះទៀតផង។

ទឹកសម្អាតបង្គន់

អ្នកមិនត្រូវឱ្យកូនហិតក្លិនសម្អាតបន្ទប់ទឹកច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលក្រោយពេលដែលហិតច្រើន វានឹងអាចប៉ះពាល់ដល់ថ្លើមកូនបាន។

ថ្នាំខាត់ស្បែកជើង

នៅពេលដែលអ្នកប្រើថ្នាំខាត់ស្បែកជើងច្រើន វានឹងអាចប៉ះពាល់ដល់កូនដែលអាចធ្វើឱ្យខួរក្បាលកូនលូតលាស់មិនល្អ ដូចនេះវាអាចធ្វើឱ្យកូនឈឺក្បាលបាន អ្នកអាចប្រើប្រេងអូលីវលាយជាមួយទឹកក្រូចឆ្មារមកខាត់ស្បែកជើងអ្នកជំនួសវិញ នោះវានឹងមិនអាចប៉ះពាល់ដល់សុខភាពកូនឡើយ៕