កូនទើបកើតមានបញ្ហាជើងកោងខុសពីធម្មតា តើអាចមានបញ្ហាអីអត់?
មានម៉ាក់ៗជាច្រើនពេលឃើញកូននៅតូចជើងរាងកោងកើតជាក្ដីព្រួយបារម្ភ ថាកូននឹងទៅបែបនោះរហូតដល់ធំឡើង។
ទោះបីយ៉ាងណាលោកប៉ាអ្នកម៉ាក់កុំសូវបារម្ភពេក នេះមិនមេនបញ្ហាចោទធ្ងន់ធ្ងរឡើយ។
ខាងក្រោមនេះអ្នកនឹងបានជ្រាបច្បាស់អំពីដំណោះ និងការវិវត្តន៍របស់កុមារ៖
គ្រប់ទារកទាំងអស់ពេលកើតមក ជើងរាងកោងដោយសារកូនត្រូវសម្របតាមទម្រង់ និងប្រវែងពោះ ពេលនៅក្នុងពោះម្តាយ ហើយពេលកើតចេញមក កូនមិនទាន់ទម្លាប់ បូករួមនឹងកូនមិនទាន់ចេះតំរែតម្រង់ខ្លួន។
ជាធម្មតាជើងរបស់កូនក្មេងនឹងចាប់ផ្ដើមត្រង់ដោយខ្លួនឯងម្ដងបន្តិចៗ ចាប់ពីពេលពួកគេចេះតោងឈរ ហើយអាយុប្រហែល ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំចាប់ផ្ដើមត្រង់ល្អហើយ តែក៏មានលឿន ឬយឺតជាងនេះទៀតដែរ។ ដូច្នេះហើយយើងជាអាណាព្យាបាលមិនត្រូវធ្វើអ្វីទាំងអស់ ទាំងពត់ទាំងអប់ជើង ព្រោះវាបង្កឲ្យកូនមានគ្រោះថ្នាក់ទៅវិញទេ ដែលអ្នកខ្លះពត់រហូតដល់បាក់ជើងក៏មាន។
ពេលកូនចាប់ផ្ដើមចេះអង្គុយ យើងត្រូវថែទាំ និងបង្រៀនឲ្យចេះសណ្ដូកជើង បត់ជើង ពែនភ្នែនតាមកាលៈទេសៈ និងមិនទម្លាប់ឲ្យកូនអង្គុយជើងអក្សរ W ឡើយ ព្រោះប៉ះពាល់ដល់ឆ្អឹងរបស់ក្មេងយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានការឈឺចាប់ រលាកសន្លាក់ សភាពឆ្អឹងមិនប្រក្រតី បង្អាក់ដល់ការលូតលាស់ឆ្អឹង និងបង្កផលប៉ះពាល់ដល់ការដើររបស់ក្មេងពេលធំឡើង។
មួយវិញទៀត អាចមកពីហ្សែន ដែលកាត់ទៅរកម៉ាក់ ប៉ា ឬជីដូនជីតាខាងណាមួយដែលមានសភាពជើងកោង ឬដំណើរកោងៗជាដើម តែបើជើងកូនកោងខ្លាំង ហើយអាយុច្រើនឆ្នាំនៅតែបែបនោះ ហើយយើងមិនទុកចិត្តអ្វីមួយ គួរតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកវិធីព្យាបាលឲ្យសមស្របតាមបច្ចេកទេស ចៀសវាងការធ្វើអ្វីតាមចិត្តឯង ដែលបណ្ដាលឲ្យខូចកាយសម្បទារកូន។
ដកស្រង់ពី៖ Hello Health Group