កូនផ្តាច់ដោះហើយ តែមិនព្រមបៅទឹកដោះគោ តើគួរធ្វើបែបណា?
ជាធម្មតា ពេលកូនលូតលាស់ដល់វ័យ ៦ខែហើយ ម៉ាក់ៗភាគច្រើនចាប់ផ្ដើមផ្ដាច់ដោះ និងណែនាំឲ្យអាអូនបៅម្សៅទឹកដោះសត្វវិញម្ដង ពិសេសនោះគឺទឹកដោះគោ។ ប៉ុន្តែ ម៉ាក់ប៉ាអាចជួបឧបសគ្គនៅពេលណែនាំឲ្យកូនបៅទឹកដោះគោដំបូងៗ អាអូនខ្លះ អាចមិនព្រមបៅទឹកដោះគោព្រោះរសជាតិប្លែកពីទឹកដោះម្ដាយ។
កូនមិនព្រមបៅទឹកដោះគោដោយសារប្លែករសជាតិពីទឹកដោះម្ដាយ ឬ អាចដោយសារកូនមិនទាន់ទម្លាប់បៅទឹកដោះគោ ជាហេតុចេះតែមិនព្រមបៅចេះតែរុញ ឬច្រានកំប៉ុងទឹកដោះគោចោល។
ទោះជាយ៉ាងណាក៏ដោយ ម៉ាក់អាចដោះស្រាយបញ្ហានេះបានដោយអនុវត្តតាមជំហានខាងក្រោមនេះដូចជា៖
១. ផ្ដល់ទឹកដោះគោឲ្យកូនបៅសន្សឹមៗ ម្ដងបន្ដិចៗ
២. ចាំដល់កូនឃ្លានខ្លាំងល្មមចាំបំបៅកូន
៣. សាកល្បងផ្លាស់ប្ដូរទំហំ រូបរាង និងសណ្ដង់ដោះជ័រ ឬផ្នែកផ្សេងទៀតនៃដប ដើម្បីដឹងថាអាអូនជ្រើសរើសដបប្រភេទណា
៤. សីតុណ្ហភាពទឹកដោះគោមិនត្រូវក្ដៅពេក ឬត្រជាក់ពេក
៥. ចៀសវាងមានអ្វីមករំខានពេលបៅទឹកដោះគោដូចជា ចម្រៀង ឬរបស់លេង ពោលគឺត្រូវទុកពេល ឲ្យកូនផ្ដោតលើការបៅមួយមុខគត់។
អ្វីដែលម៉ាក់ប៉ាត្រូវចងចាំសំខាន់បំផុតពេលជួបឧបសគ្គស្របពេលណែនាំឲ្យកូនបៅម្សៅទឹកដោះគោដំបូងៗ គឺត្រូវមានភាពអត់ធ្មត់ បើអាអូនមិនព្រមបៅភ្លាមៗ ដាច់ខាតកុំស្រែក ឬបង្ខំកូនឲ្យបៅ។ ម៉្យាងវិញទៀត យកល្អម៉ាក់ប៉ាគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញក្មេងសិនចាំប្ដូរឲ្យកូនបៅទឹកដោះគោក្រោយផ្ដាច់ដោះ។
ដកស្រង់ពី៖ Hello Health Group