កូនចេះតែខាំក្បាលដោះ! ប៉ាម៉ាក់អាចសាកតិចនិកងាយៗទាំងនេះដើម្បីដោះស្រាយ
បំបៅដោះកូន គឺជាពេលវេលាមួយដែលម៉ាក់ៗបង្កើនភាពស្និទ្ធស្នាលជាមួយនឹងកូន និងជាពេលសម្រាកសម្រាប់ម៉ាក់ៗដែរ។ ពេលបៅដោះមានអូនតូចមួយចំនួនអាចខាំក្បាលដោះម៉ាក់ៗបាន និងបង្កឱ្យមានការឈឺចាប់ អាចធ្វើឱ្យម៉ាក់ៗខ្លាចលែងចង់បំបៅដោះកូនទៀតក៏មាន។
ខាងក្រោមនេះតិចនិកសម្រាប់ម៉ាក់ៗដែលមានបញ្ហាកូនខាំក្បាលដោះពេលបំបៅ៖
១. បញ្ឈប់ការបំបៅពេលកូនឆ្អែត
ជាទូទៅ កូនអាចខាំក្បាលដោះនៅពេលបៅឆ្អែត ឬធុញនឹងការបៅ ដូច្នេះម៉ាក់ៗត្រូវសង្កេតមើល ប្រសិនបើកូនលែងចង់បៅហើយ ម៉ាក់ៗត្រូវឈប់ការបៅភ្លាមដែរ។
២. ម៉ាស្សាសុដន់ និងចុងសុដន់
កូនអាចខំាក្បាលដោះនៅពេលបៅដំបូងដោយសារទឹកដោះមិនចេញ ដូច្នេះមុនពេលបំបៅដោះ ម៉ាក់ៗអាចម៉ាស្សាសុដន់ និងចុងសុដន់សិនដើម្បីជំរុញឱ្យទឹកដោះចេញ។ បន្ថែមពីនេះទៅទៀត ម៉ាក់ៗអាចច្របាច់សុដន់បន្តិចដើម្បីចេញទឹកដោះ ចៀសវាងអាអូនបៅមិនចេញទឹកដោះ ហើយខាំក្បាលដោះ។
៣. ដាក់ក្បាលដោះឱ្យដល់មាត់កូន
ដាក់ក្បាលដោះឱ្យដល់មាត់កូនអាចជំរុញឱ្យកូនបើកមាត់ធំៗបៅ។ ម៉ាក់ៗក៏អាចទាញចង្ការបស់អាអូនថ្នមៗដើម្បីឱ្យបើកមាត់ធំៗបៅដែរ។ ដូច្នេះក្បាលដោះនឹងចូលជ្រៅក្នុងមាត់ដែលមិនធ្វើឱ្យអាអូនខាំក្បាលដោះពេលកំពុងបៅ។
៤. ឱ្យកូនខាំជ័រលេង
ក្នុងអំឡុងពេលដុះធ្មេញ អាអូននឹងរមាស់ ហើយឈឺអញ្ចាញធ្មេញដែលធ្វើឱ្យកូនខាំក្បាលដោះដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់។ ដូច្នេះមុននឹងបំបៅដោះ ម៉ាក់ៗអាចឱ្យកូនខាំជ័រលេងដែលក្លាសេត្រជាក់ៗដើម្បីបន្ធូរអាការៈឈឺចាប់ និងរមាស់អញ្ចាញធ្មេញរបស់កូន និងការពារមិនឱ្យខាំក្បាលដោះ។
៥. បំបៅនៅកន្លែងគ្មានសំឡេងរំខាន
ម៉ាក់ៗគួរបំបៅកូននៅក្នុងបន្ទប់ ឬកន្លែងស្ងាត់ល្អ គ្មានសំឡេងរំខាន បិទវាំងនន ឬបន្ថយពន្លឺភ្លើងក្នុងបន្ទប់ដើម្បីឱ្យកូនយកចិត្តទុកដាក់ក្នុងការបៅ។ នៅពេលមានសំឡេងរំខាន អាអូនអាចភ្លេចថាកំពុងបៅ ហើយអាចបិទមាត់ និងខាំត្រូវក្បាលដោះម៉ាក់ៗ។
៦. បំបៅពេលអាអូនឃ្លាន
ម៉ាក់ៗគួរបំបៅដោះនៅពេលអាអូនឃ្លាន ទើបកូនបើកមាត់បៅ និងមិនខាំក្បាលដោះ។ ជាទូទៅ ម៉ាក់ៗអាចបំបៅអាអូនរៀងរាល់ ២-៣ ម៉ោងម្តង។
៧. និយាយជាមួយកូនពេលបំបៅ
ម៉ាក់ៗគួរនិយាយលេងជាមួយកូន ច្រៀង ឬនិយាយរឿងនិទានឱ្យអាអូនស្តាប់ និងមើលមុខអាអូនក្នុងអំឡុងពេលបំបៅដើម្បីរក្សាទំនាក់ទំនងជាមួយគ្នា។ ពេលខ្លះកូនអាចខាំក្បាលដោះម៉ាក់ៗដោយសារចង់បានចំណាប់អារម្មណ៍ក៏មាន។
ដកស្រង់ពី៖ Hello Health Group