ប្រយ័ត្នស្តាយក្រោយ! ម៉ាក់ៗទម្លាប់ឱ្យកូនបៅដោះតែម្ខាងអាចជួបបញ្ហាទាំងនេះទាំងមិនដឹងខ្លួន
ទារកទើបកើតត្រូវការទឹកដោះម្តាយតែមួយមុខគឺគ្រប់គ្រាន់ហើយ ដូច្នេះវាជារឿងសំខាន់ណាស់ដែលអ្នកម៉ាក់គួរបំបៅដោះអាអូន យ៉ាងហោចណាស់ ៦ខែ ឬយូរជាងនេះ។ ដោយឡែកក្នុងការបំបៅវិញ ឃើញមានម៉ាក់មួយចំនួនតូចទម្លាប់ឱ្យកូនបៅដោះតែម្ខាង ហើយវាគឺជារឿងមិនល្អឡើយ ហើយបន្ទាប់ពីអានអត្ថបទនេះ ជឿជាក់ថាអ្នកម៉ាក់នឹងបញ្ឃប់ទម្លាប់នេះមិនខាន។

តើអ្នកម៉ាក់បំបៅដោះកូនតែម្ខាងមានផលប៉ះពាល់អ្វីខ្លះ?
ការបំបៅដោះតែម្ខាងអាចបង្កបញ្ហា និងផលប៉ះពាល់មិនល្អមួយចំនួនដល់ម្តាយ ព្រមទាំងទៅលើបរិមាណទឹកដោះសម្រាប់ទារកផងដែរ ពីព្រោះថា សុដន់ទាំងពីររបស់ម្តាយនឹងមានបញ្ហា ដោយសារមួយមិនប្រើ ហើយមួយទៀតបែរជាប្រើហួសកម្រិត។
ខាងក្រោមនេះគឺជាផលមិនល្អមួយចំនួន៖
- អាចបង្ករបួសដល់ក្បាលសុដន់ ដែលធ្វើឱ្យអ្នកម្តាយឈឺចាប់ ដោយសារការបឺតបន្តបន្ទាប់ ដោយមិនមានការផ្លាស់ប្តូរ
- ធ្វើឱ្យមានអារម្មណ៍ឈឺចាប់លើសុដន់ទាំងពីរ ខណៈពេលដែលសុដន់ម្ខាងអាចធ្វើឱ្យអ្នកឈឺចាប់ដោយសារតែអាអូនបឺតច្រើនពេក ហើយម្ខាងទៀតដោយសារការឡើងទឹកដោះតឹងខ្លាំង
- ស្ទះបំពង់ទឹកដោះ៖ នៅពេលសុដន់ម្ខាងមិនត្រូវបានអាអូនបឺតទឹកដោះចេញ អាចបណ្តាលឱ្យស្ទះបំពង់ទឹកដោះ។ អ្នកក៏អាចសម្គាល់ឃើញដុំឈឺចាប់ និងក្រហមនៅលើសុដន់ផងដែរ។
- ការរលាកសុដន់ ដោយសារតែកកស្ទះទឹកដោះ
- បង្កអាប់សែសុដន់ ដែលអាចធ្វើឱ្យមានការហើម និងអាចបង្កខ្ទុះផងដែរ ដែលកើតឡើងដោយសារស្ទះទឹកដោះ
- វាក៏អាចធ្វើឱ្យខ្វះខាតទឹកដោះសម្រាប់អាអូនផងដែរ ពីព្រោះថាសុដន់តែម្ខាងពេលខ្លះមិនអាចផ្តល់បរិមាណទឹកដោះគ្រប់គ្រាន់ដល់ទារកឡើយ។

ជារួមមកវិញ បើសិនជាអាចម៉ាក់ៗគួរតែ ឱ្យអាអូនបៅដោះដោយមានការផ្លាស់ប្តូរចំហៀងទាំងពីរជារឿយៗ ព្រោះវាជួយឱ្យដំណើរការនៃការផលិតទាំងដោះទាំងពីរ មានបរិមាណស្មើរគ្នា ព្រមទាំងមិនបង្កឱ្យមានការកកស្ទះទឹកដោះផងដែរ៕
ដកស្រង់ពី៖ Mom Junction