សូមឈប់ជាបន្ទាន់! ការស្រែកគំហកដាក់កុមារមានផលប៉ះពាល់ខ្លាំងណាស់
ឪពុកម្ដាយភាគច្រើន ជាពិសេសនៅទ្វីបអាស៊ីតែងតែមានការតឹងរឹងចំពោះកូនៗរបស់ខ្លួនដូចជា ដាក់ពិន័យធ្ងន់ធ្ងរនៅពេលកូនមានកំហុស ការប្រើប្រាស់អំពើហិង្សា ជាពិសេសស្រែកគំហកខ្លាំងៗដាក់កូនជាដើម។
តើលោកអ្នកដឹងទេថា ការស្រែកគំហកខ្លាំងៗបែបនេះបានប៉ះពាល់ដល់សតិអារម្មណ៍ និងអាកប្បកិរិយារបស់ពួកគេយ៉ាងធ្ងន់ធ្ងរដែរឬទេ?
ទាំងនេះគឺជាផលប៉ះពាល់ទាំង ៥ យ៉ាងនៃការស្រែកគំហកដាក់កុមារ៖

១. ធ្វើឲ្យកុមារមានឥរិយាបទកាន់តែអាក្រក់
ការសិក្សាមួយបានបង្ហាញថា ការស្រែកគំហកដាក់កុមារមិនមែនជួយឲ្យកុមារស្ដាប់បង្គាប់នោះទេ តែវានឹងធ្វើឪ្យក្មេងកាន់តែរឹងរូស មានអាកប្បកិរិយាមិនសមរម្យ និងថែមទាំងហ៊ានតមាត់ឪពុកម្ដាយទៀតផង។ លោកអ្នកគួរណែនាំពួកគេដោយប្រើសម្ដីផ្អែមល្ហែមទើបធ្វើឲ្យពួកគេមានទម្លាប់ល្អ ស្ដាប់បង្គាប់ និងមានការគោរពចំពោះឪពុកម្ដាយ។
២. ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល
ការស្រែកគំហក និងធ្វើទង្វើអាក្រក់ផ្សេងៗធ្វើឲ្យខួរក្បាលកុមារទទួលរឿងអាក្រក់ៗជាច្រើន ដែលនេះជាហេតុធ្វើឲ្យពួកគេមានការអភិវឌ្ឍន៍មិនបានល្អ។ ការសិក្សាមួយបានបង្ហាញថា កុមារដែលរងការស្ដីបន្ទោសខ្លាំងៗពីអ្នកដទៃភាគច្រើនមានសមត្ថភាពក្នុងនិយាយ និងធ្វើការផ្សេងៗអន់ជាងកុមារដែលទទួលការស្រឡាញ់ថ្នាក់ថ្នមពីមនុស្សជុំវិញខ្លួន។

៣. កើតជំងឺបាក់ទឹកចិត្ត
នៅពេលដែលឪពុកម្ដាយស្ដីបន្ទោសខ្លាំងៗពេក កុមារនោះនឹងមានអារម្មណ៍ក្រៀមក្រំ មិនសប្បាយចិត្ត អន់ចិត្តដែលអាចបង្កឲ្យពួកគេមានជំងឺផ្លួវចិត្ត។ ជំងឺនេះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ខ្លួនរបស់ពួកគេ គ្រួសារផងដែរ។
៤. មានការលូតលាស់មិនល្អ
នៅពេលពួកគេមានអារម្មណ៍ស្រ្តេសនៅពេលឪពុកម្ដាយស្រែកគំហក។ ស្ត្រេសដែលកើតឡើងនៅវ័យកុមារអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់។ មិនតែប៉ុណ្ណោះ វាអាចបង្កឲ្យកើតជំងឺផងដែរនៅពេលអនាគត។

៥. បង្កឲ្យមានជំងឺរ៉ាំរៃ
ការសិក្សាមួយបានបង្ហាញថា ការទទួលការស្ដីបន្ទោសខ្លាំងៗ ការជេរប្រមាថ ការនិយាយពាក្យមិនគប្បីអាចធ្វើឲ្យកុមារមានជំងឺរ៉ាំរៃដូចជា ឈឺសន្លាក ឈឺក្បាលធ្ងន់ធ្ងរ ចុករោយក និងឆ្អឹងខ្នងជាដើម។
ប្រភព៖ healthline II www.healthline.com