សកម្មភាព 12 យ៉ាង ជួយឲ្យអ្នករំសាយអារម្មណ៍ ពេលមានភាពតឹងតឹង និង ស្ត្រេស ម្តងៗ


១. អ្នក​អាច​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ ធ្វើ​លំហាត់​ប្រាណ​ ដោយ​គ្រាន់​តែ​ដើរ ឬ រត់​ត្រឹក​ៗ​ក៏​បាន

ការ​ចំណាយ​ពេល​បន្តិច​បន្តួច​ ទៅ​ដើរ ឬ រត់​តិច​ៗ អាច​ធ្វើ​ឲ្យ​ចិត្ត​​ស្រឡះ​បន្តិច​ពី​បញ្ហា​នា​នា​។ ពេល​វេលា​បែប​នេះ​អាច​ជួយ​ឲ្យអ្នកមិន​​សូវ​មាន​អារម្មណ៍​ច្របូល​ច្របល់ និង អាច​គិត​បាន​ប្រសើរឡើង​​។ ម្យ៉ាង​ទៀត ការ​ហាត់​ប្រាណ​ បញ្ចេញ​អរម៉ូន អ៊ីនដូហ្វីន ដែល​ជា​អរម៉ូន​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍ល្អ។ 

២. ផឹក​តែ​បៃតង​ក្តៅ អ៊ុនៗ 

តែ​បៃតង​ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​សម្រាប់​សុខភាព​របស់​អ្នក។ ម្យ៉ាងទៀត វាក៏​មាន​នាទី​បង្កើន​កម្រិត សេរ៉ូធោនីន ដែល​អាច​កាត់​បន្ថយ​ភាព​តាន​តឹង និង ស្ត្រេស។ 

៣. ជៀស​វាង​កុំ​នៅ កន្លែង​ចង្អៀត ឬ អ៊ូអរ

ជួ​ន​កាល ការនៅ​កន្លែង​ចង្អៀត និង អ៊ូអរ ធ្វើ​ឲ្យ​អ្នក​ធុញ​ថប់ និង ពិបាក​ដក​ដង្ហើម។ ព្យា​យាម​នៅ​កន្លែង​ណា​ទូលាយ និង ស្ងប់​ស្ងាត់ ដើម្បី​ឲ្យ​អ្នក​អាច​សម្រាក​អារម្មណ៍​បាន​បន្តិច។ 

៤. ដក​ដង្ហើម​ឲ្យ​បាន​វែងៗ 

ពេលអ្នក​តានតឹង ឬ​ស្ត្រេស អ្នក​តែង​ដក​ដង្ហើម​ញាប់ៗ និង បេះ​ដូង​លោត​លឿនជាង​មុន។ ការ​ដក​ដង្ហើម​មួយ​ៗ និង វែង​ៗ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​ឆ្លើយ​តប​ដោយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ឡើង។ 

៥. សរសេរ​បញ្ហា​របស់​អ្នក​នៅក្នុង​កំណត់ហេតុ​

​វីធី​មួយដែល​អាច​ធ្វើ​ឲ្យអ្នក​បាត់​ស្ត្រេស​​បានគឺ​បញ្ចេញ​វា​មក​ក្រៅ។ ការ​សរសេរ មាន​ប្រសិទ្ធភាពធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ។ មួយ​ទៀត អ្នក​ក៏​អាច​សរសេរ​អំពី​ អំពើ​ល្អ​ដែល​អ្នក​បាន​ធ្វើ ក៏​ដូចជា​រឿង​ល្អ​កើត​ឡើង​ចំពោះអ្នក។​ ​

៦.និយាយ​ជា​មួយ​មិត្តភក្តិ គ្រួសារ និង អ្នក​ជិតស្និតអំពី​បញ្ហា​របស់អ្នក​

មិត្តភក្តិ និង គ្រួ​សារ​របស់​អ្នក​គឺជា​ជំនួយ​ផ្លូវ​ចិត្ត​ដ៏​សំខាន់ និង​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ឆ្លង​កាត់​ការ​លំបាកក្នុង​ជីវិត​បាន។ និយាយ​ពី​បញ្ហា​របស់អ្នក​ទៅ​កាន់​ពួក​គេ និង ទទួល​យក​គំនិត​យោបល់​របស់​ពួក​គេ។ ការសិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា ការ​ចំនាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ​និងអ្នក​ជិតស្និត អាច​កាត់​បន្ថយ​អារម្មណ៍​តានតឹង​បាន។ 

៧. សើច​ឲ្យ​បាន​ច្រើន ដោយ​មើល​កំប្លែង ឬ មើល​រឿង​កំ​ប្លែង​

ការ​សើច​អាច​ធ្វើ​ឲ្យ​អ្នក​សម្រាក​ចិត្ត ពិសេស​ពី​បញ្ហា​ច្របូល​ច្រ​បល់​នានា។ សើច​សំខាន់​ណាស់។ អ្នក​អាច​ មើល​រូបភាព ឬ រឿង​កំប្លែង ក្នុង​បណ្តាញសង្គម ​ឬក្នុង YouTube ជាដើម។ 

៨. អុចទៀន​ក្រអូប​នៅក្នុង​បន្ទប់​របស់អ្នក​ ដើម្បី​ឲ្យ​មាន​បរិយាកាស​ស្រស់​ស្រាយ

ក្លិន​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេស ឬ ភាព​តា​នតឹ​ង ព្រមទាំង​អាចឲ្យ​អ្នក​គេង​លក់​ស្រួល​ពេល​យប់ផង​ដែរ។ ក្លិន​ខ្លះ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់​ចិត្ត​ទៀតផង។

៩. បរិភោគ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​អ្នក​​​

អាហារ​ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​អ្នក​ ពិសេស​សុខភាព​​របស់​អ្នក​។ ការ​បរិភោគអារហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ឈឺ  ហើយជួនកាលវាថែំទាំងធ្វើឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។ 

១០. ស្តាប់​តន្ត្រី បទយឺត ឬSlow ហើយ​បិទ​ភ្នែក​សម្រាក

តន្ត្រី យឺតៗ មាន​ប្រសិទ្ធភាព​ក្នុង​ការបន្ធូរអារម្មណ៍របស់អ្នក ​ធ្វើ​ឲ្យអ្នក​បាន​សម្រាកផ្លួវ​ចិត្ត។ ភ្លេង​មួយចំនួន​ដូចជា សំឡេងធម្មជាតិ ក៏អាច​ធ្វើ​ឲ្យអ្នក​មានអារម្មណ៍​ប្រសើរ​ឡើង​បាន​ដែរ។ 

១១. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង ទៀង​ទាត់​​

ការ​គេង​ឲ្យ​​បាន​គ្រប់​គ្រាន់​ពិតជា​សំខាន់​សម្រាប់សុខភាព​អ្នក។ មិន​តែ​ប៉ុណ្ណោះ ការសិក្សា​បង្ហាញ​ថា ការគេង​មិន​គ្រប់គ្រាន់​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​អ្នក​អារម្មណ៍​មិន​ល្អ និង មិន​នឹង​នរ។ 

១២. ចាប់ផ្តើម​រៀន​យោគៈ ឬ ធ្វើ​សមាធិ​ឲ្យ​បាន​ច្រើន​​

យោគៈ បាន​ក្លាយ​ជា​វិធី​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ការកាត់​បន្ថយភាព​តាន​តឹង ចំពោះ​មនុស្ស​គ្រប់​វ័យ។ យោគៈ និង សមាធិ ជួយ​ឲ្យអ្នក​ដក​ដង្ហើម​បាន​ស្រួល ជួយ​កាត់​បន្ថយ​អរម៉ូន​ស្រេ្តស ក៏​ដូចជា​ បន្ថយ​​សម្ពាធ​ឈាម​ក្នុង​ខ្លួន​​។ 

ប្រភព៖ LifeHack, Healthline