ម៉ាក់ៗចង់បានស្បែកស្អាតក្រោយសម្រាល មកដឹងតិចនិកពិសេសៗទាំងនេះ
ក្រោយសម្រាលកូនរួច រូបរាងស្ត្រីនឹងផ្លាស់ប្ដូរខ្លាំង បណ្ដាលឲ្យម៉ាក់ៗកាន់តែពិបាកចិត្ត ខ្លាចខូចសម្រស់ លែងស្អាតដូចកាលពីមិនទាន់មានកូន។
តើមានតិចនិកអ្វីខ្លះដែលអាចជួយអ្នកម៉ាក់បានស្បែកស្អាតក្រោយសម្រាល?
អត្ថបទនេះ នឹងបង្ហាញពីមូលហេតុបណ្ដាលឲ្យស្បែកម៉ាក់ៗប្រែប្រួល និងតិចនិកកាត់បន្ថយបញ្ហាស្បែក រក្សាស្បែកឲ្យមានសភាពស្រស់ថ្លាឡើងវិញក្រោយសម្រាលកូន។
១. មូលហេតស្បែកម៉ាក់ៗប្រែប្រួលក្រោយសម្រាលកូនរួចចឹង
ម៉ាក់ៗអាចនឹងទទួលយកការប្រែប្រួលទៅលើរូបរាងមិនបានបន្ទាប់ពីពពោះរួចរាល់ តែក្រោយសម្រាលកូនរួចម៉ាក់ៗគ្រប់រូបទទួលរងនូវស្ត្រេស ភាពនឿយហត់ និងអតុល្យភាពអ័រម៉ូន ដែលជាហេតុបណ្ដាលឲ្យស្បែកម៉ាក់ៗប្រែប្រួល។ មុន ស្នាមសង្វារ ការឡើងជាំ និងការប្រែពណ៌ស្បែក សុទ្ធតែជាបញ្ហាទូទៅក្រោយសម្រាលកូនរួចស្ត្រីជួបប្រទះ។ ម៉ាក់ៗអាចកាត់បន្ថយបញ្ហាលើស្បែកប៉ុន្មាននេះបាន ដោយគ្រាន់តែអនុវត្តការញ៉ាំរបបអាហារត្រឹមត្រូវ និងមានទម្លាប់ Skincare ត្រឹមត្រូវក្រោយសម្រាល។
២. របៀបកាត់បន្ថយបញ្ហាស្បែកក្រោយសម្រាល
រាល់បញ្ហាស្បែកដែលកើតឡើងបន្ទាប់ពីផ្ដល់កំណើតឲ្យកូនរួចហើយ ម៉ាក់ៗអាចកម្ចាត់ ឬកាត់បន្ថយបានដោយគ្រាន់តែធ្វើតាមទម្លាប់រស់នៅល្អៗដូចខាងក្រោម៖
- រាល់ពេលចេញក្រៅត្រូវកម្ដៅថ្ងៃ ម៉ាក់ៗគួរលាបឡេការពារកម្ដៅថ្ងៃ ឬស្លៀកសម្លៀកបំពាក់ជិតៗ ដើម្បីការពារស្បែក កុំឲ្យខូចដោយសារកម្ដៅថ្ងៃ។
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជួយផ្ដល់សំណើមឲ្យស្បែក និងភ្លឺថ្លា ហើយការផឹកទឹកគ្រាប់គ្រាន់ក៏ជួយរក្សាអ័រម៉ូនឲ្យមានតុល្យភាពដែរ។
- លាងមុខ២-៣ដង/ថ្ងៃ ដើម្បីសម្អាតកុំឲ្យឡើងខ្លាញ់លើស្បែក រួចប្រើទឹក Toner និងប្រើគ្រីមផ្ដល់សំណើមឲ្យបានទៀងទាត់។
- គេងឲ្យបានគ្រប់គ្រាន់ ជារឿងសំខាន់ចាំបាច់ក្នុងការថែរក្សាស្បែកឲ្យនៅស្អាតក្រោយកើតកូនរួច ការគេងមិនឆ្អែតប៉ះពាល់ទៅដល់ស្បែកយើងខ្លាំង យកល្អ ម៉ាក់ៗគួរព្យាយាមសម្រាកឲ្យបានច្រើន គ្រប់ពេលដែលមានឱកាស ពិសេសពេលអាអូនគេង។
- ញ៉ាំបន្លែបៃតងផ្ទុកជាតិដែក ល្អសម្រាប់ស្បែក និងជួយកាត់បន្ថយបញ្ហាស្បែកក្រោយសម្រាល ហើយជួយផ្ដល់ភាពស្រស់ថ្លាដល់ស្បែកម៉ាក់ៗវិញ។
- លាបប្រេងសម្បូរវីតាមីនE ឬប៊័រកាកាវ (Cocoa butter) អាចជួយស្នាមសង្វាររបស់ម៉ាក់ៗឲ្យនៅស្ដើង និងមើលមិនសូវឃើញបាន តែវាមិនអាចធ្វើឲ្យបាត់ទាំងស្រុងតែម្ដងនោះទេ។
- ញ៉ាំរបបអាហារដែលមានតុល្យភាពល្អ និងតាមពេលវេលាត្រឹមត្រូវ អាចជួយឲ្យនាំស្បែកម៉ាក់ៗមុនសម្រាលកូនត្រឡប់មកវិញ។
- ញ៉ាំថ្នាំបំប៉នវីតាមីន ឬញ៉ាំវីតាមីនចម្រុះ ក៏អាចជួយឲ្យស្បែកស្អាតដែរ ប៉ុន្តែត្រូវចាំថា មុននឹងប្រើត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញច្បាស់លាស់។
ដកស្រង់ពី៖ Hello Health Group