បន្លែ ផ្លែឈើទាំងនេះល្អខ្លាំងសម្រាប់កូនតូចជាពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ
ការចាប់ផ្តើមឲ្យទារកញ៉ាំអាហារបន្ថែម ដែលពេលខ្លះត្រូវបានគេហៅថាការផ្តាច់ដោះឬការផ្តល់អាហារបន្ថែម ជាការសំខាន់និងមិនអាចរំលងបានក្នុងការលូតលាស់របស់អូនៗ។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចនឹងធូរស្រាលខ្លួនជាងមុនដោយសារមិនបាច់បំបៅកូនទៀតទេ តែវាក៏ស្មុគស្មាញផងដែរ ដោយសារមិនដឹងថាត្រូវឲ្យកូនញ៉ាំអី ហើយចៀសវាងអីនោះ។
យ៉ាងណាបន្លែនិងផ្លែឈើដ៏ស័ក្កិសមបំផុតចំនួន ៤ នេះគឺល្អក្នុងការចាប់ផ្តើមញ៉ាំដំបូងរបស់អូនៗ៖
១. ផ្លែប៊ឺរ
មានពាក្យដំណាលតៗគ្នាថា មិនគួរឲ្យកូនញ៉ាំអាហារសំបូរខ្លាញ់ឡើយ ទោះបីអាហារនោះល្អសម្រាប់សុខភាពក៏ដោយ។ តែការពិតទៅ ខ្លាញ់គឺជាចំណែកមួយដែលមិនអាចខ្វះបានក្នុងរបបអាហាររបស់ក្មេង ជាពិសេសអូនតូចក្រោមមួយឆ្នាំនេះតែម្តង។ ដោយសារខ្លាញ់នេះឯង ជួយឲ្យរាងកាយយើងស្រូបយកពពួកសារធាតុចិញ្ចឹម ដែលរលាយក្នុងខ្លាញ់បាន (វីតាមីនA វីតាមីនC វីតាមីនD និងវីតាមីនE ដែលជួយដល់សុខភាពស្បែកនិងមុខងារខួរក្បាល)។
ដោយសារសាច់ប៊ឺរមានសភាពម៉ដ្ឋល្អនៅពេលក្រឡុកឬកិន វាងាយក្នុងការញ៉ាំសម្រាប់ក្មេងដែលចាប់ផ្តើមផ្តាច់ដោះដំបូងៗ។ ម៉ាក់ៗក៏អាចក្រឡុកលាយជាមួយផ្លែឈើផ្សេងទៀតដើម្បីបង្កើនរសជាតិក៏ដូចជាសារធាតុចិញ្ចឹមដល់ក្មេងបានផងដែរ។
២. ផ្លែចេក
ផ្លែចេកមិនត្រឹមតែល្អសម្រាប់សុខភាព ឆ្ញាញ់ និងស្រួលយកតាមខ្លួននោះទេ ថែមទាំងជាជម្រើសល្អសម្រាប់ក្មេងតូចៗទៀតផង។ ចេកសំបូរទៅដោយសារធាតុសរសៃ វីតាមីនB និងពពួកកាបូអ៊ីដ្រាតដែលល្អសម្រាប់សុខភាពទៀតផង។ ចេកផ្តល់ថាមពលដល់ក្មេងបានយូរ ហើយមិនធ្វើឲ្យហើមពោះ ឬមិនស្រួលពោះអ្វីនោះឡើយ។
៣. មើមដំឡូងជ្វា
ក្មេងរឹតតែចូលចិត្តដំឡូងជ្វាទៅទៀតដោយសាររសជាតិឆ្ញាញ់ និងសំបូរសារធាតុចិញ្ចឹមច្រើន។ មើមដំឡូងជ្វាមានច្រើនប្រភេទដែលមានពណ៌ផ្សេងៗគ្នាតាំងពីស ដល់ផ្កាឈូក។ ជាទូទៅដំឡូងផ្តល់វីតាមីនC វីតាមីនB និងផូស្វ័រ បន្ថែមពីលើនេះដំឡូងពណ៌ទឹកក្រូចមានបែតាការ៉ូទែន (Beta carotene ) ឯពណ៌ស្វាយសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មទៀត។
៤. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវរក្សាដំណែងក្នុងក្រុមអាហារល្អសម្រាប់ក្មេងបានជារៀងរាល់ឆ្នាំ។ មិនត្រឹមតែសំបូរវីតាមីន និងសារធាតុរ៉ែទេ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតផងដែរ។ ផ្កាខាត់ណាខៀវជួយបន្សាបជាតិពុលនិងបន្ថយជាតិអាស៊ីតក្នុងខ្លួនក្មេងបានយ៉ាងច្រើន។
ដកស្រង់ពី៖ Hello Krupet