កុំមើលរំលងអី! កូនឧស្សាហ៍ហើមពោះ ម៉ាក់ៗពិនិត្យមើលចំណុចទាំងនេះផង
ហើមពោះជាអាការៈមួយដែលក្មេងៗទើបកើតជួបញឹកញាប់ដែរ តែម៉ាក់ប៉ាច្បាស់ជាពិបាករកមូលហេតុពិតប្រាកដនាំឲ្យអាអូនឧស្សាហ៍ហើមពោះ។
តាមក្បូនពេទ្យ ក្រៅពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន អាចមកពីមូលហេតុមួយចំនួនខាងក្រោមនេះ៖

១. របបអាហារម្តាយ
បើសិនជាកូនបៅដោះម្តាយ តែបែរជាឧស្សាហ៍ហើមពោះ នោះមូលហេតុច្បាស់ជាមកពីរបបអាហាររបស់ម្តាយហើយ។ ពេលខ្លះអាចមកពីម្តាយផឹកស្រា ពិសេសគឺស្រាថ្នាំ ឬស្រាឫសឈើ ហើយទៅបំបៅដោះកូន ឬក៏អាចមកពីរបបអាហារម្តាយមិនល្អ ញ៉ាំបន្លែឆៅ ឬញ៉ាំអាហារផ្អាប់ ជូរ ផ្អូម ជាដើម។
២. កូនម៉ឹមទឹកមិនស្អាត
អ្នកម៉ាក់មិនគួរបន្តក់ទឹកឲ្យទារកអាយុក្រោម ៦ខែញ៉ាំឡើយ ហើយបើទឹកនោះជាទឹកមិនស្អាត ឬមិនបានដាំពុះទៀត រឹតតែមានបញ្ហាចោទចំពោះសុខភាពកូន ទៅជាចុកពោះ ហើមពោះ រាករូសជាដើម។

៣. កូនម៉ឹមទឹកដោះគោសល់យូរ
ម៉ាក់ប៉ា ឬចាស់ៗមួយចំនួន ច្រើនតែស្តាយ ទឹកដោះគោកូនម៉ឹមមិនអស់ មិនហ៊ានចាក់ចោលទេ ទុកឲ្យញ៉ាំលើកក្រោយទៀត។ ទឹកដោះគោដែលកូនម៉ឹមរួចហើយ មានន័យថា ទឹកដោះគោដែលប្រឡាក់ជាមួយទឹកមាត់កូន មិនអាចទុកបាននោះទេ ព្រោះមានការបង្ករោគ ទុកបានយ៉ាងយូរត្រឹម ១ម៉ោងប៉ុណ្ណោះ ត្រូវចាក់ចោល ព្រោះនៅក្នុងទឹកមាត់កូនមានមេរោគ។
នៅពេលកូនម៉ឹមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះ អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ឹមទឹកដោះគោដែលនៅសល់នោះ អាចបង្កឱ្យកូនឈឺពោះ រាករូសដូចគ្នា។
ដកស្រង់ពី៖ Hello Health Group