ក្លាយជាម៉ាក់ថ្មីថ្មោង! រឿងទាំងនេះដែលអ្នកគួរធ្វើ និងមិនគួរធ្វើក្រោយសម្រាលកូនរួច
ក្រោយសម្រាលអាអូនរួច ម៉ាក់ៗច្រើនតែមានបញ្ហាសុខភាព ដោយសារតមនេះតមនោះ ហើយត្រូវមើលថែទាំកូនទាំងយប់ថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ទៀត។ ជាពិសេសអ្នកម៉ាក់មួយចំនួនមិនទាន់បានជ្រាបច្បាស់អំពីរឿងដែលអ្នកគួរធ្វើ និងមិនគួរធ្វើក្រោយសម្រាល។
ស្ត្រីក្រោយសម្រាលគួរធ្វើ និងមិនគួរធ្វើ ដើម្បីចៀសវាងមានបញ្ហាដល់សុខភាពមានដូចជា៖
១. ប្រការគួរដែលអ្នកម៉ាក់ក្រោយសម្រាលគួរធ្វើ
- ញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងទឹកឲ្យបានច្រើន៖ ក្រោយសម្រាលរួចពេទ្យតម្រូវឲ្យម៉ាក់ៗញ៉ាំអាហារ សម្បូរជីវភាពឲ្យច្រើន ចម្រុះមុខ ដើម្បីប៉ូវសុខភាពឲ្យឆាប់មានកម្លាំង និងសម្បូរទឹកដោះឲ្យម៉ឹម។ក្នុងនោះម៉ាក់ៗក៏អាចញ៉ាំម្សៅទឹកដោះគោសម្រាប់ម្តាយបំបៅដោះ និងទឹកឲ្យបានច្រើនរឹតតែល្អចំពោះសុខភាពខ្លួនឯង និងជួយដល់ការផលិតបរិមាណទឹកដោះបានច្រើន។
- លេបថ្នាំជាតិដែក៖ ពេលសម្រាលកូនរួចស្ត្រីបាត់បង់ឈាមច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រ្តីញ៉ាំថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើន បំបាត់ភាពស្លេកស្លាំង។
- សម្រាកឲ្យបានគ្រប់គ្រាន់៖ កាលណាគេងមិនបាន ញ៉ាំក៏បានតិច ធ្វើឲ្យស្ត្រីងាយមានបញ្ហាសុខភាព ដែលចាស់ៗចំណាំហៅថា ទាស់។ ដូច្នេះស្ត្រីក្រោយសម្រាលត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ដោយពេលកូនគេង យើងត្រូវឆ្លៀតគេងដែរ មិនថាតិច ឬច្រើននោះទេ ព្រោះកូនតូច គេងញឹក ហើយក៏ភ្ញាក់ញឹកដែរ យើងត្រូវមើលថែ គ្មានពេលបានគេងយូរទេ។
- ងូតទឹក កក់សក់ធម្មតា៖ តាមទម្លាប់ចាស់ៗ សម្រាលកូនរួចមិនឲ្យម៉ាក់ៗងូតទឹក ឬកក់សោះនោះទេ ត្រូវរង់ចាំដល់ ១អាទិត្យ ឬកន្លះខែឯណោះ។ តាមក្បូនពេទ្យវិញ ក្រោយសម្រាលរួចមួយថ្ងៃ ស្ត្រីអាចងូតទឹក កក់សក់បានហើយ បើទុកយូរស្អុះស្អាប់ ងាយនឹងឆ្លងរោគ ឯអារម្មណ៍ក៏មិនស្រស់ស្រាយដែរ។
- ដើរឲ្យបានច្រើន៖ ពេលសម្រាលរួច ឲ្យតែមានកម្លាំង អាចងើបដើរបាន គ្រូពេទ្យនឹងឲ្យម៉ាក់ៗដើរចុះដើរឡើងឲ្យបានច្រើន ដើម្បីឲ្យសរសៃដំណើរល្អ ឯឈាមក៏ឆាប់ធ្លាក់អស់។
២. ប្រការគួរជៀសវាងក្រោយសម្រាល
- អាហារក្រៀមក្រោះ-ហិរ៖ អាហារប្រភេទនេះមិនមានជីវជាតិគ្រប់គ្រាន់សម្រាប់ម៉ាក់ៗនោះទេ ថែមទាំងធ្វើឲ្យអត់ទឹកដោះឲ្យកូនម៉ឹមទៀត។ ជំនួសឲ្យអាហារទាំងនោះ ស្រ្តីក្រោយសម្រាលត្រូវញ៉ាំអាហារចម្រុះមុខ មានទាំងបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។
- បន្លែ ឬសាច់ឆៅ៖ បន្លែ និងសាច់ឆៅ មិនមានសុវត្ថិភាពចំពោះសុខភាពយើង និងកូននោះទេ អាចនឹងឆ្លងពពួកប៉ារ៉ាស៊ីត ងាយនឹងរាករូស។
- ស្រា ឬស្រាថ្នាំ៖ ចាស់ៗជឿថាញ៉ាំថ្នាំខ្មែរ ស្រា ឬស្រាថ្នាំ ដែលផ្សំពីរុក្ខជាតិ ឫសរុក្ខជាតិ សត្វព្រៃផ្សេងៗ ក្រោយសម្រាលកូន ជួយឲ្យស្ត្រីឆាប់រឹងសរសៃខ្ចី និងបំបាត់អាការៈទាស់សរសៃ ដូចជាស្ពឹកដៃជើង ចុករួយចង្កេះខ្នង ស្រវាំងភ្នែក ព្រឺរងា។ តែការពិតញ៉ាំស្រា មិនអាចបំបាត់អាការៈទាំងប៉ុន្មានខាងលើនោះទេ តែវាធ្វើឲ្យប៉ះពាល់ទាំងសុខភាពភាពម្តាយ និងកូនធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗបំបៅកូនដោយទឹកដោះ។
- អាំងភ្លើង ឬស្អំថ្មក្តៅលើពោះ៖ ស្ត្រីនៅជនបទមួយចំនួននៅបន្តទម្លាប់អាំងភ្លើង ដើម្បីឲ្យឆាប់រឹងសរសៃខ្ចី ឯការស្អំថ្មក្តៅលើពោះវិញដើម្បីឲ្យឆាប់ស្រកក្បាលពោះ ដែលទម្លាប់ទាំងនេះគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រី។
ដកស្រង់ពី៖ Hello Health Group