ប៉ាម៉ាក់ត្រូវដឹង! ពេលកូនឈឺ កុំកោសខ្យល់ផ្ដេសផ្ដាស ប្រយ័ត្នគ្រោះថ្នាក់ដល់កូន
ទម្លាប់របស់ប្រជាជនខ្មែរតាំងពីបុរាណមក ឲ្យតែមានអារម្មណ៍ធេងធោង មិនស្រួលខ្លួនបន្តិចដឹងតែចង់កោសខ្យល់ ដើម្បីឲ្យអាការៈបានធូរស្រាល។ ជួនកាល ពេលកូនឈឺល្មមៗក៏ចាប់កូនមកកោសខ្យល់ដែរ ទាំងមិនដឹងថា ការកោសខ្យល់ឲ្យក្មេងប៉ះពាល់ដល់កូនច្រើនយ៉ាង។
ពេលកូនឈឺ មិនស្រួលខ្លួន ឬក្ដៅខ្លួន តែងចាប់កោសខ្យល់ឲ្យក្មេងហើយ មិនថាកូនតូច ឬធំទេ ព្រោះពួកគាត់គិតថាការកោសខ្យល់នឹងជួយឲ្យកូនបានធូរ។
តាមពិតទៅ ការកោសខ្យល់ឲ្យក្មេងផ្ដល់ផលប៉ះពាល់ និងគ្រោះថ្នាក់ច្រើនដូចជា៖
១. ប្រកាច់
ពេលកោសខ្យល់ឲ្យក្មេង អាអូនប្រឈមនឹងការប្រកាច់ព្រោះការកកិតស្បែក និងសាច់ដុំធ្វើឲ្យកម្ដៅក្មេងរឹតតែក្ដៅខ្លាំងឡើងថែមទៀត។
២. បាត់បង់ជាតិទឹក
នៅពេលដែលកូនឈឺ ក្ដៅខ្លួន អាចបណ្ដាលឲ្យអាអូនបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ឲ្យក្មេងថែមទៀតនាំឲ្យរាងកាយកូនកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករធ្វើឲ្យក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់។
៣. ខូចសាច់ដុំ
ការកោសខ្យល់ខ្លាំងៗ អាចនាំឲ្យខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើឲ្យកម្ទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតម្រងនោម (ខ្មែរយើងហៅក្រលៀន) នាំឲ្យខូចតម្រងនោម។
៤. រលាកស្បែក
សម្រាប់យើងមនុស្សធំ ការកោសខ្យល់គ្រាន់តែវិធីព្យាបាលតាមបែបបុរាណមួយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ក្មេង ការកោសខ្យល់ប្រៀបបាននឹងការធ្វើទារុណកម្មមួយ ព្រោះវាមិនត្រឹមតែមិនផ្ដល់ប្រយោជន៍ច្រើនទេ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។
ចំណាំ៖ ត្បិតតែការកោសខ្យល់អាចជួយឲ្យយើងមានអារម្មណ៍ធូរស្រាលក៏ពិតសម្រាប់មនុស្សធំ លោកវេជ្ជបណ្ឌិតខាងលើណែនាំថា បើមានបញ្ហាមិនស្រួលខ្លួនកន្លែងណា ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ជាជាងប្រើវិធីបុរាណបែបនេះ ព្រោះបើធ្វើមិនស្រួលអាចនាំឲ្យកាន់តែគ្រោះថ្នាក់ខ្លាំងចំពោះយើង៕
ដកស្រង់ពី៖ Hello Health Group