ជួយបានច្រើនណាស់! តិចនិក ៥យ៉ាងជួយម៉ាក់ៗកាត់បន្ថយស្ត្រេសពេលពពោះ
ស្ត្រេសពេលពពោះ ស្រីៗយើងពិតជាចៀសមិនផុតនោះទេ ដែលនេះកើតឡើងដោយសារតែយើងប្រែប្រួលរាងកាយ និងអ័រម៉ូន ហើយបើយើងស្រ្តេសម្ដងម្កាលមិនជាថ្វីនោះទេ តែថាបើស្ត្រេសយូរពេកអាចបង្កផលប៉ះពាល់ទាំងសុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃទៀតផង។
មូលហេតុស្រីៗកើតស្រ្តេសពេលពោះ និងផលប៉ះពាល់ដល់កូន នឹងប្រាប់ម៉ាក់ៗថាត្រូវដោះស្រាយបែបណាបើយើងមានស្ត្រេសពេលពពោះ៖
១. ផ្ដោតអារម្មណ៍លើកូនជាសំខាន់
វាជាការល្អណាស់បើម៉ាក់ៗអាចបង្វែរអារម្មណ៍ខ្វល់ខ្វាយពីរឿងផ្សេង មកគិតដល់កូនក្នុងផ្ទៃយើងឲ្យបានច្រើនវិញនោះ។ កុំខ្វល់រឿងផ្សេងច្រើនពេក ងាកមកកូនក្នុងផ្ទៃវិញ ម៉ាក់ៗដឹងទេចាប់ពីសប្ដាហ៍ទី២៣នៃការពពោះទៅអូនៗអាចស្តាប់ ឮម៉ាក់ៗនិយាយហើយ។ ដូចនេះ នៅចាំអីទៀត ម៉ាក់គួរកុំគិតច្រើនរឿងរ៉ាវដែលធ្វើឲ្យយើងខ្វល់ចិត្ត ងាកមកនិយាយលេងជាមួយកូនក្នុងផ្ទៃ ឬអានសៀវភៅឲ្យអូនស្ដាប់ក៏បាន។
២. សម្រាក និងគេងឲ្យបានគ្រប់គ្រាន់
ក្នុងអំឡុងពេលពពោះនេះ ម៉ាក់ៗត្រូវចេះសង្កេតពីខ្លួនយើងឲ្យបានច្រើន បើយើងមានអារម្មណ៍ថាអស់កម្លាំង ទៅសម្រាកបន្តិចទៅ អាចគេងមួយភ្លែត ឬបើពេលយប់ត្រូវឆាប់ចូលគេង។ ការគេងបានគ្រប់គ្រាន់ជារឿងសំខាន់ណាស់ក្នុងអំឡុងពេលនេះ មិនថាចំពោះសុខភាពផ្លូវកាយ ឬចិត្តនោះទេ។ បើយើងមានការងារផ្ទះច្រើន យើងគួរស្នើដៃគូឲ្យជួយរំលែកខ្លះ ដើម្បីយើងមានពេលខ្លះបានសម្រាក។
៣. ហាត់ប្រាណ
ទោះបីជាយើងកំពុងមានផ្ទៃពោះក៏ដោយការហាត់ប្រាណនៅតែសំខាន់ចំពោះសុខភាពផ្លូវកាយ និងចិត្តរបស់ម៉ាក់ៗ។ ក្នុងអំឡុងពេលនេះម៉ាក់ៗអាចដើរហាត់ប្រាណ ឬហាត់យូហ្កា ជាដើម។ ការហាត់ប្រាណជួយបញ្ចេញសារធាតុគីមីម្យ៉ាងធ្វើឲ្យម៉ាក់ៗមានអារម្មណ៍ល្អ ដែលនេះជាការណ៍សំខាន់មួយសម្រាប់ម៉ាក់កាត់បន្ថយស្រ្តេសពេលពពោះ។
៤. ចេះស្វែងរកជំនួយ
បើយើងមានកង្វល់ច្រើនជាមួយនឹងសុខភាពកូនក្នុងផ្ទៃ ឬបញ្ហាសុខភាពផ្ទាល់ខ្លួន កុំស្ទាក់ស្ទើរក្នុងការពិភាក្សាជាមួយគ្រូពេទ្យជំនាញ។ ពេលណាយើងនិយាយបញ្ហា ឬកង្វល់នានាចេញមកកាន់តែច្រើន យើងនឹងទទួលបានការជ្រោមជ្រែងកាន់តែច្រើនផងដែរ។
ដូចគ្នាដែរ ក្រៅពីពិភាក្សាជាមួយគ្រូពេទ្យ យើងក៏គួរប្រាប់ដៃគូយើងឲ្យបានដឹងដូចគ្នា ពីអ្វីដែលយើងកំពុងបារម្ភ។ ការជជែកគ្នា នឹងធ្វើឲ្យអ្នកទាំងពីរអាចយល់ពីបញ្ហា និងក្ដីកង្វល់របស់គ្នាបានកាន់តែច្រើន និងអាចដោះស្រាយ ឬរំលែកទុក្ខគ្នាបានកាន់តែឆាប់។
៥. ញ៉ាំអាហារល្អចំពោះសុខភាព
រឿងដែលកាន់តែសំខាន់នោះ គឺសុខភាពនេះឯង បើយើងថែទាំសុខភាពមិនបានល្អ កូនក្នុងផ្ទៃក៏មានបញ្ហាទៅតាមហ្នឹងដែរ។ ម៉ាក់ៗត្រូវព្យាយាមញ៉ាំអាហារសុខភាព ទៅតាមការណែនាំរបស់គ្រូពេទ្យ។ មិនត្រឹមតែញ៉ាំអាហារដែលល្អចំពោះសុខភាពទេ ត្រូវញាំឲ្យបានទៀងទាត់ផងដែរ។
ដកស្រង់ពី៖ Hello Health Group