ប៉ាម៉ាក់ត្រូវដឹង! ក្មេងក្អួតមកពីមូលហេតុអីខ្លះ? តើត្រូវដោះស្រាយបែបណា?
ម៉ាក់ប៉ាដែលមានកូនតូចជួបអាការៈចង្អោរ ឬក្អួតខ្លាំង រហូតដល់ថ្នាក់ដាក់អ្វីចូលទៅក្នុងពោះបន្តិចក៏ក្អួតនោះ ច្បាស់ភ័យស្លន់ស្លោមិនខាន។ ចំពោះក្មេងតូចៗដែលជួបអាការៈក្អួតចង្អោរអាចមកពីការពុលចំណីអាហារ ភេសជ្ជៈផ្សេងៗ ឬក៏ក្មេងមានមេរោគក្នុងក្រពះ-ពោះវៀន។
វិធីជួយតូចពេលជួបអាការៈក្អួតមិនធ្ងន់ធ្ងរនោះ លោកវេជ្ជបណ្ឌិតណែនាំឲ្យធ្វើតាមគន្លឹះមួយចំនួនខាងក្រោមនេះ៖

១. ឪ្យកូនញ៉ាំទឹកច្រើន
កូនក្អួត បាត់បង់ជាតិទឹកដូចរាករូសដែរ ដូចនេះម៉ាក់ប៉ាត្រូវឲ្យកូនញ៉ាំទឹកស្អាត ឬទឹកអូរ៉ាលីតឲ្យបានច្រើន ញ៉ាំបន្តិចម្តងៗតែច្រើនដង ព្រោះកាលណារាងកាយក្មេងខ្សោះជាតិទឹកយូរ អាចបង្កទៅជាផលវិបាកធ្ងន់ធ្ងរផ្សេងទៀត។
២. ឲ្យកូនញ៉ាំអាហាររាវ
កូនក្អួតខ្លាំង ច្បាស់ជាទន់ខ្លួន គ្មានកម្លាំងកំហែងទេ បន្ទាប់ពីឲ្យកូនញ៉ាំទឹកហើយ យើងត្រូវចាប់ផ្តើមឲ្យកូនញ៉ាំចំណីអាហាររាវ ដែលអាចផ្តល់ថាមពលដល់រាងកាយ ដូចជាស៊ុប ទឹកផ្លែឈើផ្អែមៗ ព្រោះវាងាយរលាយ និងចៀសការញ៉ាំអាហាររឹងៗ និងភេសជ្ជៈកំប៉ុង ដូចជាទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំង។

៣. ឲ្យកូនញ៉ាំថ្នាំ
ក្មេងក្អួតកម្រិតស្រាលមិនចាំបាច់ប្រើថ្នាំនោះទេ គ្រាន់តែតាមដានកូនឲ្យបានដិតដល់ តែបើយើងចង់ប្រើថ្នាំប្រភេទទប់ក្អួត គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
ដកស្រង់ពី៖ Hello Health Group