ប្រយ័ត្នហួសពេល! ចង់ឱ្យកូនល្អ ប៉ាម៉ាក់ហាមធ្វើរឿងទាំង ៤នេះចំពោះមុខកូន

ការអប់រំកូនគឺជាភារកិច្ចរបស់ប៉ាម៉ាក់ ហើយកុមារគឺជាវ័យដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ពីព្រោះក្មេងៗចូលចិត្តធ្វើអ្វីតាមដែលពួកគេមើលឃើញ ពិសេសគឺទទួលរងឥទ្ធិពលខ្លាំងពីទង្វើរបស់ប៉ាម៉ាក់ផ្ទាល់តែម្តង។ ដូច្នេះអ្នកត្រូវតែគិតគូរ និងប្រុងប្រយ័ត្នទៅលើទង្វើ ឬសកម្មភាពមួយចំនួន ដែលជះឥទ្ធិពលមិនល្អដល់ពួកគេ។

ខាងក្រោមនេះគឺរឿងចំនួន៤ ដែលប៉ាម៉ាក់ត្រូវជៀសវាងមិនត្រូវធ្វើនៅចំពោះមុខកូនឡើយ៖ 

១. មិនត្រូវឈ្លោះប្រកែកគ្នា
ការឈ្លោះគ្នា ការនិយាយខ្លាំងៗ ឬការប្រើហឹង្សានៅចំពោះមុខកូនរបស់អ្នក អាចធ្វើឱ្យពួកគេមានអារម្មណ៍អសន្តិសុខ និងភ័យខ្លាចយ៉ាងខ្លាំង ហើយក៏អាចនាំឱ្យគាត់បង្កើតទម្លាប់ដូចគ្នានៅពេលធំឡើងផងដែរ។ កុមារជាមួយចំនួនទទួលរងបញ្ហាផ្លូវចិត្ត ដោយសារតែទទួលរងនូវជម្លោះច្រើនពេកក្នុងគ្រួសារ។

២. ចំអកកូននៅចំពោះមុខអ្នកដ៏ទៃ
ការសើចចំអក បង្អាប់ ឬស្តីបន្ទោសកូននៅចំពោះមុខអ្នកដ៏ទៃគឺជារឿងដែលប៉ាម៉ាក់គ្រប់រូបគួរចៀសវាង ពីព្រោះថា វាអាចប៉ះពាល់ដល់ផ្លូវចិត្ត និងបំបាក់ទឹកចិត្តពួកគេជាខ្លាំង។ ពួកគេអាចបាត់បង់ភាពជឿជាក់ និងអស់សង្ឃឹមក្នុងការតស៊ូ ព្រោះប៉ាម៉ាក់គឺជាបុគ្គលដែលមានឥទ្ធិពលខ្លាំងដល់ពួកគេ។

៣. ប្រើទូរស័ព្ទច្រើនពេក
វាគឺជាគម្រូមិនល្អមួយ នៅពេលដែលប៉ាម៉ាក់ចុចទូរស័ព្ទសឹងតែគ្រប់ពេលវេលា នៅចំពោះមុខកូនៗ ពីព្រោះថា ពួកគេអាចនឹងឱ្យតម្លៃទៅលើទូរស័ព្ទខ្លាំង ហើយអនុវត្តន៍តាម ឬយំដណ្តើមយកទៅចុចបាន។

៤. ប្រើអំពើហឹង្សារទៅលើកូន
ជារឿងធម្មតាទេ ក្នុងការដែលប៉ាម៉ាក់ អាចស្តីបន្ទោស ឬប្រៀនប្រដៅនៅពេលដែលកូនប្រព្រឹត្តកំហុសដដែល ប៉ុន្តែមិនគួរប្រើហឹង្សារ ឬស្រែកខ្លាំងៗដាក់ពួកគេឡើយ ពីព្រោះវាធ្វើឱ្យភ័យខ្លាច ឬមានបញ្ហាផ្នែកសតិអារម្មណ៍។ បន្ថែមពីនេះពួកគេក៏អាចយកគម្រូតាមផងដែរ។
ជារួមមកវិញប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ទៅលើចំណុចទាំង៤ខាងលើ ពីព្រោះវាគឺជះឥទ្ធិពលខ្លាំងណាស់ចំពោះកូនរបស់អ្នក និងត្រូវបង្រៀនពួកគេឱ្យបានល្អ ទាំងការលើកទឹកចិត្ត ការព្យាយាម ពិសេសគឺបង្រៀនឱ្យចេះដោះស្រាយបញ្ហាដែលជួបប្រទះ ដើម្បីឱ្យពួកគេរឹងមាំនៅថ្ងៃអនាគត៕

ប្រភព៖ DOCTOR NDTV