ប្រយ័ត្នគ្រោះថ្នាក់! ទារកទើបតែកើតត្រូវដាក់ឪ្យគេងបែបនេះទើបល្អ និងសុវត្ថិភាព

ទារកគេងច្រើន ជាពិសេសទារកទើបកើត។ ទារកទើបកើតគេង​ប្រហែល​ ១៦-២០ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទារកទើបកើតក្រោមអាយុ ១ ខួប​ងាយ​មានហានិភ័យស្លាប់ភ្លាមៗដោយសារការគេងណាស់។

តើម៉ាក់​ប៉ា​​​គួរដាក់ទារក​ទើបកើត​គេង​បែប​ណា និងក្នុងបរិយាកាសបែប​ណាទើប​មានសុវត្ថិភាព?

ដើម្បីធានាថាទារកទើបកើតមានសុវត្ថិភាពក្នុងពេលគេង ម៉ាក់ប៉ាត្រូវ​ប្រយ័ត្នចំពោះបរិយាកាស និង​ឥរិយាបថក្នុងការគេងរបស់ទារកដូចជា៖

១. ដាក់ទារកគេងផ្ងារ
ម៉ាក់ប៉ាត្រូវដាក់ដាក់ទារកគេងផ្ងារគ្រប់ពេល មិនថាថ្ងៃ ឬយប់ទេ ព្រោះការគេងផ្ងារអាចការពារ​ទារក​ពីការថប់ដង្ហើមពេលកំពុងគេង។ លើស​ពីនេះទៅគេងផ្អៀងទៀត ទារកដែលគេងផ្ងារ​មានហានិភ័យ​ស្លាប់​ភ្លាមៗតិចជាងទារកដែល ឬគេងផ្កាប់។

២. កន្លែងគេងរបស់ទារកត្រូវរាបស្មើ និងមិនទន់ពេក
ម៉ាក់ប៉ាអាចគិតថា ការដាក់អូនតូចឱ្យគេងលើពូក ឬកម្រាលទន់ៗអាច​ធ្វើឱ្យអូនតូច​មានផាសុកភាព​ក្នុងពេលគេង ប៉ុន្តែតាមពិតការគេងលើពូក ឬកម្រាលទន់ៗអាចធ្វើឱ្យអូនតូច​ថប់ដង្ហើម​ដោយសារ​បាំង​មុខ ឬច្រមុះនឹងពូក ឬកម្រាលទៅវិញ ព្រោះពូក ឬកម្រាលទន់ៗមិនអាច​ទ្រទម្ងន់​អូនតូចបានល្អ​ដែល​ធ្វើឱ្យអូនតូចទ្រុឌចុះក្រោម។

៣. ដាក់ទារកឱ្យគេងដាច់តែឯង
ម៉ាក់ប៉ាគួរចៀសវាងដាក់អូនតូចគេងលើគ្រែជាមួយម៉ាក់ប៉ា ដើម្បីការពារ​ការគេងសង្កត់​ពីលើអូនតូច​ដែលធ្វើឱ្យអូនតូចថប់ដង្ហើម និងការពារអូនតូចពីក្រឡាប់ធ្លាក់ពីលើគ្រែ។ ម៉ាកប៉ាគួរដាក់អូនតូច​ឱ្យ​គេង​ដាច់​តែឯងក្នុងអង្រឹងរហូតដល់ ៦ ខែ ឬមួយឆ្នាំក្នុងបន្ទប់ជាមួយម៉ាក់ប៉ា។

៤. ចៀសវាងដណ្តប់ភួយឱ្យទារក
ម៉ាក់ប៉ាអាចស្លៀកពាក់អាវដៃវែង ខោជើងវែងឱ្យអូនតូចដើម្បី​ការពារកុំឱ្យអូនតូចរងា​ជំនួសឱ្យការ​ដណ្តប់​ភួយឱ្យអូនតូច ព្រោះភួយដែលម៉ាក់​ប៉ាដណ្តប់ឱ្យអូនតូចអាចគ្របមុខ និងច្រមុះអូនតូច ប្រសិន​បើអូនតូច​រើ ឬក្រឡាប់។

៥​. មិនត្រូវដាក់របស់របរនៅកន្លែងគេងទារក
ម៉ាក់ប៉ាមិនត្រូវដាក់ប្រដាប់ប្រដាលេង តុក្កតា ភួយ ឬខ្នើយឱបជុំវិញ ឬនៅកន្លែងគេងអូនតូចទេ ព្រោះ​អាចបាំងមុខ ឬច្រមុះអូនតូចដែលធ្វើឱ្យអូនតូចថប់ដង្ហើម។

៦. កន្លែងគេងទារកមិនត្រូវមានផ្សែងទេ
ម៉ាក់ប៉ាត្រូវប្រាកដថា បរិយាកាសកន្លែងគេងអូនតូចគ្មានផ្សែងដូចជា ផ្សែងធូប ធូបមូស ឬបារីជាដើម ​ដើម្បីឱ្យអូនតូចដកដង្ហើមបានស្រួល និងមិនពុលដោយសារផ្សែង។

៧. មិនត្រូវដាក់អូនតូចគេងពោបលើម៉ាក់ប៉ាទេ
ម៉ាក់ប៉ាអាចគេងលក់ពេលដាក់អូនតូចគេងពោប ឬទ្រោបលើម៉ាក់ប៉ា ជាពិសេសពេលអង្គុយ​លើ​សាឡុង ឬកៅអីយោលដែលអាចធ្វើឱ្យអូនតូចធ្លាក់ ឬរអិលចូលទីតាំងដែលធ្វើឱ្យអូនតូចដកដង្ហើម​មិនរួច ឬថប់ដង្ហើម។

ពេលទារកគេង ម៉ាក់ប៉ាគួរឧស្សាហ៍មើលអូនតូចផង ក្រែងអូនតូចដាក់​ដៃបាំងមុខ ឬច្រមុះ គេង​ផ្អៀង ឬពោបដែលអាចបណ្តាលឱ្យអូនតូចពិបាក​ដកដង្ហើម ឬថប់ដង្ហើម។

ដកស្រង់ពី៖ Hello Health Group