លែងពិបាកទៀតហើយ! ប៉ាម៉ាក់មានបញ្ហាកូននោមយប់ អាចសាកវិធីទាំងនេះ
ប៉ាម៉ាក់ជាច្រើនតែងតែមានកង្វល់រឿងកូននោមយប់ញឹកញាប់ ហើយវាក៏ជាផលលំបាកមួយផងដែរ។ វាអាចបណ្តាលមកពីកត្តាសុខភាព ហ្សែន ឬចំណីអាហារដែលកុមារទទួលទានប្រចាំថ្ងៃ ដែលធ្វើឱ្យពួកគេនោមច្រើនដងនៅពេលយប់។
ជាមួយគ្នានេះដែរ Parenting Tip នឹងបង្ហាញពីវិធីសាស្រ្តខ្លះៗដល់លោកប៉ាអ្នកម៉ាក់ ដើម្បីកាត់បន្ថយការនោមយប់របស់កូន៖
១. កាត់បន្ថយភេសជ្ជៈឱ្យកូនញ៉ាំមុនពេលចូលគេង
ដើម្បីកុំឱ្យប្លោកនោមកុមារផ្ទុកទឹមនោមច្រើនពេកនៅពេលយប់ ប៉ាម៉ាក់ត្រូវគ្រប់គ្រងបរិមាណសារធាតុរាវដែលពួកគេផឹកនៅពេលល្ងាច និងមុនពេលចូលគេង។ ម្យ៉ាងទៀត ត្រូវឱ្យកូនត្រូវទៅបង្គន់ជារៀងរាល់យប់មុនពេលចូលគេងទើបល្អ។
២. ជៀសវាងអាហារមួយចំនួន
មានអាហារចំនួនដែលអាចធ្វើឱ្យប្លោកនោមកុមារឆាប់ខឹង និងបណ្តាលឱ្យនោមពេលកំពុងគេង ព្រោះមិនអាចគ្រប់គ្រងប្លោកនោមបានល្អ។ គួរជៀសវាងអាហារដែលមានជាតិអាស៊ីតខ្លាំង ដូចជាទឹកផ្លែឈើដែលមានក្រូចឆ្មា ក្រូច ម្នាស់ ផ្លែប៉ោមជាដើម។
៣. លើកទឹកចិត្តឱ្យកូនងើបទៅបន្ទប់ទឹក
តាមដានទម្លាប់កូនរបស់អ្នក ថាតើជារឿយៗគាត់តែងតែនោមនៅម៉ោងប៉ុន្មាន ដើម្បីដាស់កូនរបស់អ្នកឱ្យទៅបន្ទប់ទឹក។ នេះនឹងជួយឱ្យពួកគេមានការប្រុងប្រយ័ត្ន និងមានទម្លាប់ភ្ញាក់ទៅនោមដោយខ្លួនឯង ។
៤. បន្ថែមជាតិម៉ាញ៉ែស្យូម
យោងតាមការស្រាយជ្រាវ កុមារដែលនោមច្រើននៅពេលយប់ គឺដោយសារតែពួកគេខ្វះម៉ាញេស្យូមនៅក្នុងរបបអាហារ ដែលធ្វើឱ្យប្រព័ន្ធប្រសាទមិនសូវឆ្លើយតប ទើបកុមារនោមដោយមិនដឹងខ្លួន។ អាហារដែលសម្បូរ ម៉ាញេស្យូមគឺគ្រាប់ល្ង ផ្លែបឺរ ចេក ត្រីសាម៉ុង គ្រាប់ធញ្ញជាតិ និងតៅហ៊ូ។
៥. បង្រៀនកូនឱ្យមានទំនួលខុសត្រូវ
វាសំខាន់ណាស់ក្នុងការជំរុញកូនរបស់អ្នកឱ្យមានទំនួលខុសត្រូវ។ ប្រសិនបើកូនរបស់អ្នកនោមដាក់កម្រាលពូក ឬភួយ និងខ្នើយ សូមលើកទឹកពួកគេឱ្យព្យាយាមកាត់បន្ថយ និងបង្ហាញពួកគេពីរបៀបផ្លាស់ប្តូរកម្រាល ឬសម្អាតឱ្យបានល្អ។
៦. ផ្តល់រង្វាន់នៅពេលកូនធ្វើបានល្អ
ផ្តល់រង្វាន់ដល់កូនរបស់អ្នកនៅពេលដែលពួកគេអាចគ្រប់គ្រងខ្លួនឯងបាន និងពង្រឹងការគិតវិជ្ជមានរបស់ពួកគេផងដែរ។ វាជួយឱ្យកូនរបស់អ្នកមានកម្លាំងចិត្ត និងព្យាយាមកាត់បន្ថយទម្លាប់នោមយប់តាមអ្វីដែលពួកគេអាចធ្វើបាន។
ជារួមមកវិញ ប៉ាម៉ាក់គួរលើកទឹកចិត្តកូន និងយកចិត្តទុកដាក់ទៅលើរបបអាហារ ក៏ដូចជាភេសជ្ជៈដែលពួកគេបរិភោគប្រចាំថ្ងៃ ដើម្បីកាត់បន្ថយកូនតូចពីការនោមយប់ញឹកញាប់។ បន្ថែមពីនេះត្រូវសម្អាត និងរក្សាអនាម័យទៅកន្លែងគេងរបស់កូនឱ្យល្អ ដើម្បីការពារមេរោគផ្សេងៗពីការនោមរបស់ពួកគេ៕
ដកស្រង់ពី៖ Bright Side