មិនកែប្រយ័ត្នស្តាយ! ប៉ាម៉ាក់មានទម្លាប់បែបនេះ ប្រយ័ត្នកូនមានទម្លាប់មិនល្អតាំងពីតូច
ការចិញ្ចឹមកូនគឺជាតួនាទី និងទំនួលខុសត្រូវរបស់ឪពុកម្តាយគ្រប់រូប។ ប្រសិនបើកូនឆ្លាត មានអត្តចរឹកល្អឬអត់ ក៏អាស្រ័យលើប៉ាម៉ាក់ផងដែរ។ ទង្វើ និងសកម្មភាពមួយចំនួនរបស់ប៉ាម៉ាក់អាចជាគម្រូមិនល្អ និងជះឥទ្ធិពលអវិជ្ជមានខ្លាំងទៅលើកូន ហើយក៏ជាដើមហេតុបណ្តាលឱ្យពួកគេចាប់ផ្តើមមានអកប្បកិរិយាមិនល្អផងដែរ។
ខាងក្រោមនេះ គឺជាទង្វើទាំង ៦ដែលប៉ាម៉ាក់គួរជៀសវាង ព្រោះវាអាចធ្វើឱ្យកូនស្អប់ និងចាប់ផ្តើមមិនចេះគោរពខ្លួន៖
១. ការសន្យាក្លែងក្លាយ
ជាធម្មតាឪពុកម្តាយតែងតែគិតថា ការសន្យាក្លែងក្លាយ ឬកុហកកូនតិចតួចមិនអីទេ ដើម្បីដោះស្រាយបញ្ហាតូចៗបាន។ ប៉ុន្តែកុមារមិនងាយភ្លេចនូវអ្វីដែលប៉ាម៉ាក់បានសន្យាឡើយ ហើយប្រសិនបើឪពុកម្តាយភ្លេច ឬមិនអើពើចំណុចនេះ កូននឹងចាប់ផ្តើមខឹង មិនទុកចិត្ត និងមិនគោរព។
២. ខ្វះវិន័យ
ឪពុកម្តាយជាច្រើនគិតថាការដាក់វិន័យឱ្យកូនមិនចាំបាច់ទេ ព្រោះកូននៅតូច ហើយសន្មត់ថាអ្វីៗនឹងល្អឡើងវិញ នៅពេលពួកគេពេញវ័យ។ ប៉ុន្តែវាមិនត្រឹមត្រូវទេ វាគឺជាផ្នែកមួយដែលធ្វើឱ្យកុមារមានះ រឹងរូស និងមានអកប្បកិរិយារឹងរូសផងដែរ។
៣. ស្របតាមកូនជ្រុលពេក
កាលណាប៉ាម៉ាក់ស្របតាមចិត្តកូន និងទម្លាប់ប្រគល់អ្វីដែលពួកគេចង់បានគ្រប់ពេលនោះ នៅពេលដែលពួកគេមិនបានដូចបំណង នឹងបង្កើតជាក្តីមិនសុខចិត្ត ហើយបញ្ចេញអកប្បកិរិយាមិនល្អ ដូចជាខឹងសម្បារ យំស្រែក និងនិយាយពាក្យមិនសមរម្យជាដើម។
៤. មិនយកចិត្តទុកដាក់នឹងកូន
កុមារទាំងអស់ចង់បានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីប៉ាម៉ាក់ជាងនរណាទាំងអស់ ហើយប្រសិនបើអ្នកប្រងើយកន្តើយ វាជាផ្នែកមួយប៉ះពាល់ដល់អារម្មណ៍របស់ពួកគធ្ងន់ធ្ងរ និងឈានដល់ការស្អប់ ឬមិនគោរពប៉ាម៉ាក់ផងដែរ។
៥. គំរូប៉ាម៉ាក់មិនល្អ
ពេលខ្លះឪពុកម្តាយភ្លេចថាកូនកំពុងយកតម្រាប់តាមខ្លួនយ៉ាងជិតស្និទ្ធ។ កុមារជាធម្មតាមានអាកប្បកិរិយាដូចគ្នាតាមប៉ាម៉ាក់ ប្រសិនបើអ្នកធ្វើមិនល្អ កូនក៏មិនល្អដូចគ្នាដែរ។ ដូច្នេះបើអ្នកចង់ឲ្យកូនគោរពអ្នកដទៃ ចូរធ្វើជាគំរូល្អដល់ពួកគេ។
៦. មិនសូវចំណាយពេលវេលាជាមួយកូន
វាក៏ជាដើមហេតុមួយដែរ ប្រសិនបើអ្នករវល់ច្រើនពេករហូតដល់ថ្នាក់គ្មានពេលចំណាយជាមួយកូន។ កុមារខ្លះតែងគិតថាប៉ាម៉ាក់មិនស្រឡាញ់ខ្លួន ទើបមិនសូវមានពេលនៅជាមួយពួកគេ ហើយវាក៏បង្កើតឱ្យមានការស្អប់ និងមិនគោរពផងដែរ។
ជារួមមកវិញប៉ាម៉ាក់គួរយកចិត្តទុកដាក់ទៅចំណុចខាងលើនេះឱ្យបានល្អ ព្រោះវាជាផ្នែកដែលទាក់ទង់ទៅនឹងអកប្បកិរិយារបស់កូនពេលធំឡើង។ បន្ថែមពីនេះត្រូវណែនាំ និងធ្វើជាគម្រូល្អដល់ពួកគេ ពិសេសចំណាយពេលនៅជាមួយពួកគេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ដកស្រង់ពី៖ India Parenting