កុំសូវឱ្យកូនញ៉ាំពេក! អាហារទាំង ៥នេះ ងាយនឹងធ្វើឱ្យពុកធ្មេញកូនខ្លាំងណាស់
សុខភាពមាត់ធ្មេញគឺពិតជាសំខាន់ណាស់ ហើយការថែក្សានិងការពារកូនពីការពុកធ្មេញគឺជាតួនាទីរបស់ប៉ាម៉ាក់គ្រប់រូបដែលត្រូវយកចិត្តទុកដាក់ ជាពិសេសទៅលើចំណីអាហារបចាំថ្ងៃ ដែលវាជាដើមហេតុងាយបណ្តាលឱ្យពុកធ្មេញបំផុត។
នៅក្នុងអត្ថបទនេះដែរ Parenting Tip នឹងលើកយកអាហារចំនួន ៥ប្រភេទ ដែលងាយធ្វើឱ្យធ្មេញកុមារពុក និងឆាប់ខូច៖
១. ភេសជ្ជៈដែលមានជាតិកាបូន
ភេសជ្ជៈមួយចំនួនដែលមានជាតិកាបូន មិនត្រឹមតែប៉ះពាល់ដល់រាងកាយប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងធ្វើឱ្យធ្មេញកុមារឆាប់ពុកទៀតផង។ ជាតិអាស៊ីតកាបូនិច ដូចជាសូដាជាដើម នៅពេលដែលវាប៉ះនឹងធ្មេញ នឹងធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ការពារ ដែលធ្វើឱ្យធ្មេញកុមារងាយនឹងពុក។
២. ទឹកផ្លែឈើខ្ចប់ ឬកំប៉ុង
ទឹកផ្លែឈើមួយចំនួនផ្ទុកទៅដោយជាតិស្ករច្រើន ដែលវាងាយនឹងធ្វើឱ្យប៉ះពាល់ ក៏ដូចជាធ្វើឱ្យពុកធ្មេញកូនរបស់អ្នកខ្លាំងណាស់។ ជាតិស្ករដែលនៅជាប់ធ្មេញ ចិញ្ចឹមបាក់តេរីដែលមាននៅក្នុងមាត់ និងបង្កើតជាអាស៊ីត ដែលបំផ្លាញស្រទាប់ការពារធ្មេញកុមារ។
៣. បង្អែម និងស្ករគ្រាប់
ស្ករគ្រាប់ ឬបង្អែមគឺជាដើមហេតុដ៏ធំបំផុតដែលធ្វើឱ្យកុមារឆាប់ពុកធ្មេញ ឬដង្កូវស៊ីតាំងតែពីតូចៗ។ ជាតិស្ករស្អិតជាប់នឹងធ្មេញកុមារបង្កើតបានជាបាក់តេរីជាច្រើន ដែលធ្វើឱ្យធ្មេញឆាប់ពុក។ កុមារភាគច្រើនដែលចូលចិត្តញ៉ាំស្ករគ្រាប់ តែងតែមានធ្មេញពុកជាក្មេងដែលមិនចូលចិត្តញ៉ាំ។
៤. ជ្រក់
ជ្រក់បន្លែមួយចំនួនដូចជា ជ្រក់ត្រសក់ និងជ្រក់ឆៃថាវជាដើម គឺងាយនឹងធ្វើឱ្យធ្មេញកុមារឆាប់ពុកខ្លាំងណាស់ ព្រោះវាសប្បូរសារធាតុជូរ និងអាស៊ីត។ អាស៊ីតអាសេទិកដែលមានក្នុងជ្រក់ អាចធ្វើឱ្យស្រទាប់ធ្មេញចុះខ្សោយ ដែលនាំឱ្យពុកធ្មេញ និងបាត់បង់សារធាតុរ៉ែរបស់ធ្មេញ។
៥. ប្រភេទនំបំពងម្សៅ
នំមួយចំនួនដូចជាដំឡូងចៀន ចេកចៀនជាដើមក៏ងាយនឹងធ្វើឱ្យធ្មេញកុមារឆាប់ពុកផងដែរ ដោសារវាពោរពេញទៅដោយម្សៅ ដែលនឹងបំប្លែងទៅជាស្ករ។ ពួកវានឹងប្រមូលផ្តុំគ្នានៅជាប់ធ្មេញ និងចិញ្ចឹមបាក់តេរីដែលមាននៅចន្លោះធ្មេញ។
ជារួមមកវិញ ប៉ាម៉ាក់គួរតែប្រុងប្រយ័ត្នទៅលើអាហារដែលកូនញ៉ាំ ពិសេសចំពោះអាហារខាងលើ ព្រោះវាងាយនឹងធ្វើឱ្យធ្មេញកូនឆាប់ពុកណាស់។ បន្ថែមពីនេះ ត្រូវប្រាកដថាកូនរបស់អ្នកដុសធ្មេញបានទៀងទាត់ និងមានអនាម័យល្អ៕
ដកស្រង់ពី៖ Firstcry Parenting