ឧហ្សាហ៍កើតមានណាស់! កូនឈាមច្រមុះញឹកញាប់បណ្តាលមកពីអ្វី? គួរដោះស្រាយបែបណា?
ការឈាមច្រមុះគឺជាបញ្ហាមួយដែលវាឧហ្សាហ៍កើតឡើងចំពោះក្មេងតូចៗ ហើយវាក៏មិនមែនជារឿងដែលគួរឱ្យព្រួមបារម្ភខ្លាំងដែរ ចំពោះកុមារអាយចន្លោះពី ៣ ទៅ ៥ឆ្នាំ។ ជាធម្មតាការឈាមច្រមុះបណ្តាលមកពីខ្យល់ស្ងួត ហើយវាអាចប៉ះពាល់ដល់កូនខ្លាំង ប្រសិនបើកើតឡើងញឹកញាប់ពេក។

១. អ្វីបណ្តាលឱ្យកុមារឈាមច្រមុះ?
កត្តាមួយចំនួនដែលអាចបណ្តាលឱ្យកុមារឈាមច្រមុះ បានមានដូចជា៖
- ផ្តាសាយ ឬអាឡែស៊ី អាចបណ្តាលឱ្យហើម និងរលាកនៅខាងក្នុងច្រមុះ ហើយអាចនាំឱ្យហូរឈាមដោយឯកឯង
- សំណើមទាប ឬផ្សែងដែលធ្វើឲ្យរលាក៖ ប្រសិនបើផ្ទះរបស់អ្នកស្ងួតខ្លាំង ឬប្រសិនបើអ្នករស់នៅក្នុងអាកាសធាតុស្ងួត ស្រទាប់ខាងក្នុងនៃច្រមុះរបស់កូនអ្នកអាចនឹងស្ងួត ដែលធ្វើឱ្យវាកាន់តែមានការហូរឈាម។ ប្រសិនបើកុមារប៉ះពាល់នឹងផ្សែងពុលជាញឹកញាប់ ក៏អាចមានឈាមច្រមុះផងដែរ។
- ការលូតលាស់ខុសធម្មតា៖ ជាលិកាមិនប្រក្រតីណាមួយដុះក្នុងច្រមុះអាចបណ្តាលឱ្យហូរឈាម។ ទោះបីជាភាគច្រើននៃការលូតលាស់ទាំងនេះ មិនប៉ះពាល់ខ្លាំងក៏ដោយ ប៉ុន្តែវាគួរតែត្រូវបានព្យាបាលឆាប់រហ័ស
- កុមារដែលមានជំងឺរ៉ាំរ៉ៃរយៈពេលវែង ដែលប្រើប្រាស់ថ្នាំពេទ្យច្រើនអាចបណ្តាលឱ្យស្ងួត ឬប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃច្រមុះ បង្ករឱ្យងាយនឹងហូរឈាម

២. គួរធ្វើដូចម្តេច ពេលកូនឈាមច្រមុះ?
- ឱ្យកូនរបស់អ្នកនៅក្នុងទីតាំងអង្គុយ ឬឈរ រួចផ្អៀងក្បាលរបស់ពួកគេទៅមុខបន្តិច
- ច្របាច់ពាក់កណ្តាលខាងក្រោមនៃច្រមុះរបស់កូន (ផ្នែកទន់) ហើយសង្កត់វាឱ្យរឹងមាំយ៉ាងហោចណាស់ 10 នាទី
- ប្រសិនបើនៅតែមិនព្រមបាត់ គួរនាំទៅកាន់មន្ទីរពេទ្យបានឆាប់
៣. ពេលណាគួរបារម្ភ និងទៅរកពេទ្យ?
ការឈាមច្រមុះគឺជារឿងធម្មតាទេសម្រាប់កុមារ ប៉ុន្តែប្រសិនបើវាកើតឡើងញឹកញាប់ពេក ឬប៉ាម៉ាក់មានការសង្ស័យថាមិនប្រក្រតី គួរតែប្រញាប់ទៅរកពេទ្យដើម្បីព្យាបាល។ ប្រសិនបើក្នុងស្ថានភាពដូចខាងក្រោមនេះ ប៉ាម៉ាក់គួរនាំកូនទៅកាន់មន្ទីរពេទ្យ៖

- ហូរឈាមច្រមុះញឹកញាប់ អាចលើសពី ១ ឬ២ដងក្នុង មួយសប្តាហ៍
- កូនរបស់អ្នកងាយនឹងមានស្នាមជាំនៅលើខ្លួន
- ងាយនឹងហូរឈាមខ្លាំងពីរបួសតូចតាច ឬនៅត្រង់អញ្ចាញធ្មេញ
- កូនរបស់អ្នកស្លេក ឬបែកញើសខុសពីធម្មតា ឬមិនឆ្លើយតប
ជារួមមកវិញ ការឈាមច្រមុះនៅលើកុមារគឺជារឿងធម្មតាទេ ហើយប៉ាម៉ាក់ក៏មិនចាំបាច់ព្រួយបារម្ភពេកដែរ ក៏ប៉ុន្តែប្រសិនបើស្ថិតក្នុងស្ថានភាពមួយចំនួនដូចរៀបរាប់ខាងលើ គួរនាំកូនទៅកាន់ម្ទីរពេទ្យ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា៕
ដកស្រង់ពី៖ KidsHealth Healthychildren