ប្រញ៉ាប់ទៅពេទ្យជាបន្ទាន់! បើឃើញកូនមានសញ្ញាទាំងនេះគឺកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរហើយ

មិនថាទារកនៅក្នុងផ្ទៃ ឬទារកដែលទើបតែសម្រាលនោះទេ គឺទាមទារការមើលថែ និងយកចិត្តទុកដាក់យ៉ាងដិតដល់ពីលោកប៉ាអ្នកម៉ាក់ ជាពិសេសនៅពេលដែលទារកមានជំងឺ ឬសញ្ញាមិនស្រួល ដែលគម្រាមកំហែងដល់សុខភាពរបស់ពួកគាត់។

ក្នុងអត្ថបទនេះ នឹងលើកយកសញ្ញាទាំង៦ ដែលបង្ហាញថា ទារកទើបកើតកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ៖

១. បបូរមាត់ឡើងពណ៍ខៀវ
ប្រសិនបើបបូរមាត់របស់ទារកប្រែទៅជាពណ៌ខៀវ ឬភ្នាសរំអិលនៅក្នុងមាត់ ឬអណ្តាតប្រែជាពណ៌ខៀវ នោះគឺជាសញ្ញាដែលបង្ហាញថា ពួកគេមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ឡើយ ។

២. ថប់ដង្ហើម
ប្រសិនបើការដកដង្ហើមរបស់ទារកមានភាពរឹង តឹង និងលឿនជាប្រចាំ ហើយបើអ្នកសង្កាតឃើញថាពួកគេកំពុងប្រើសាច់ដុំដើមទ្រូងដើម្បីដកដង្ហើមខុសពីធម្មតា នោះវាអាចជាសញ្ញានៃបញ្ហាផ្លូវដង្ហើម។

៣. គ្រុន និងកម្តៅលើសពី ៣៨ អង្សារ
ចំពោះអូនតូចដែលមានអាយុតិចជាង 3 ខែចុះក្រោម ហើយបើមានសីតុណ្ហភាពកម្តៅខ្លួន លើសពី ៣៨អង្សារនោះ វាគឺជាសញ្ញាមិនល្អឡើយ។ ជួនកាលវា​អាច​បង្ក​ពី​ជំងឺ​ផ្តាសាយ​រហូតដល់​រលាក​ស្រោមខួរ ថែមទៀតផង ពិសេសចំពោះទារកដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។

៤. កើតមានជំងឺខាន់លឿង
មិនមែនជម្ងឺខាន់លឿងទាំងអស់សុទ្ធតែមានគ្រោះថ្នាក់នោះទេ ពេលខ្លះវានឹងបាត់ទៅវិញដោយខ្លួនឯងទៀតផង។ ប៉ុន្តែប្រសិនបើទារកទើបនឹងកើតមានពណ៌លឿងស្រាប់ ហើយកាន់តែលឿងក្រោយពេលកើត នោះអាចបង្កជាជម្ងឺខាន់លឿងកាន់តែអាក្រក់ទៅៗ។

៥.​ ទារកមើលទៅខ្វះជាតិទឹក
ប៉ាម៉ាក់គួរពិនិត្យទៅលើកន្ទប ខោទឹកនោម ឬកន្សែងដែលប្រើប្រាស់ ប្រសិនបើវាស្ងួតយូរពេក ពី៥ ទៅ៦ថ្ងៃ នោះអាចមានន័យថាអូនតូចកំពុងតែខ្វះជាតិទឹកហើយ។ សញ្ញាមួយចំនួនទៀតដែលអាចបង្ហាញថាទារកកំពុងខះជាតិទឹកធ្ងន់ធ្ងរមានដូចជា រួមមាន៖ មាត់ស្ងួត ភ្នែកលិច និងសន្លឹម។

៦. ក្អែរចេញពណ៍បៃតង
ប្រសិនបើទារកក្អក ក្អែរ ​ឬក្អួតចេញទឹកបៃតងខាប់ៗ វាគឺជាសញ្ញាដែលប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ណាស់។ វាអាចជាសញ្ញាបង្ហាញថា ពោះវៀនអូនតូចកំពុងរងការស្ទះ។

នេះបើតាមការបកស្រាយរបស់វេបសាយ Grow By WedMD

សរុបមកវិញប្រសិនបើឃើញអូនតូចមានសញ្ញាណាមួយខាងលើ ប៉ាម៉ាក់ត្រូវប្រុងប្រយ័ត្ន និងប្រញ៉ាប់ទៅកាន់បន្ទីរពេទ្យ ឬមណ្ឌល់សុខភាពដើម្បីពិនិត្យ និងតាមដានសុខភាពរបស់កូន៕

ដកស្រង់ពី៖ Grow By WedMD