មិនអាចខ្វះបានទេ! កូនអាយុ ៣ឆ្នាំប៉ាម៉ាក់ត្រូវផ្តល់អាហារជំនួយទាំងនេះ

នៅអាយុ ៣ឆ្នាំ អូនតូចកំពុងស្ថិតក្នុងវ័យលូតលាស់ខ្លាំង ទាំងផ្នែកខួរក្បាល និងរាងកាយ ហើយក៏ជាវ័យដែលកំពុងចាប់អារម្មណ៍ ចង់ដឹងចង់លឺ និងលេងច្រើនផងដែរ។ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ និងផ្តល់របបអាហារទៅកាន់ពួកគេឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។

ខាងក្រោមនេះគឺជា របបអាហារដែលប៉ាម៉ាក់គួរផ្តល់ឱ្យកូននៅអាយុ ៣ឆ្នាំ៖

១. អាហារថាមពល
អាហារថាមពលចាំបាច់បំផុតសម្រាប់កុមារ ព្រោះរាងកាយ និងខួរក្បាលត្រូវការលូតលាស់ច្រើន។ ប៉ាម៉ាក់ត្រូវប្រាកដថា កូនទទួលបានអាហារថាមពលគ្រប់គ្រាន់ ពីអាហារមួយចំនួនដូចជា៖ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ដំឡូង និងសណ្តែក។  

២. អាហារសម្បូរប្រូតេអ៊ីន
ប្រូតេអ៊ីនសំខាន់ណាស់សម្រាប់ការលូតលាស់របស់កុមារ។ មានអាហារប្រូតេអ៊ីនជាច្រើនដែលក្មេងអាយុ 3 ឆ្នាំអាចញ៉ាំបាន ហើយត្រូវប្រាកដថាពួកវាត្រូវបានចម្អិនឱ្យទន់ និងងាយស្រួលសម្រាប់កូនញ៉ាំ។ អាហារទាំងនោះមានដូចជា៖ ស៊ុត សាច់មាន់ ត្រី សណ្តែក ទឹកដោះគោ តៅហ៊ូ សណ្តែកសៀង និងអាហារជាច្រើនទៀត។

៣. អាហារសម្បូរខ្លាញ់
កុមារក្នុងវ័យនេះត្រូវការជាតិខ្លាញ់ដើម្បីការអភិវឌ្ឍខួរក្បាល និងរក្សាថាមពលរាងកាយឱ្យបានល្អផងដែរ។ ប៉ាម៉ាក់អាចផ្តល់អាហារដែលសម្បូរជាតិខ្លាញ់ដល់កូនដូចជា៖ អាហារប្រភេទសាច់ ទឹកដោះគោ ផ្លែបឺរ ប្រេងដូង គ្រាប់ធញ្ញជាតិ ជាដើម។

៤. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើសម្បូរ ប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើនដែលល្អសម្រាប់ការលូតលាស់របស់ក្មេង នៅវ័យនេះ។ ប៉ាម៉ាក់គួរជ្រើសរើសបន្លែ ផ្លែឈើឱ្យកូនញ៉ាំដូចជា៖ ប្រូខូលី ការ៉ុត ល្ពៅ ផ្លែប៊ឺរី ក្រូច ផ្លែគីវី និងជាច្រើនទៀត។

៥.តើអាហារ​អ្វី​ខ្លះ​ដែល​មិន​គួរ​ផ្ដល់​ឲ្យ​កូន?
ត្រូវជៀសវាង ឬប្រយ័ត្នទៅលើអាហារមួយចំនួនដែលអាចប៉ះពាល់ដល់សុខភាពរបស់កូន ឬធ្វើឱ្យកូនស្លាក់ ដូចជា៖ បន្លែឆៅ សាច់ក្រក សាច់ដុំធំៗ ស្ករគ្រាប់ ស្ករកៅស៊ូជាដើម។

ជារួមមកវិញរបបអាហារគឺពិតជាសំខាន់ណាស់សម្រាប់កុមារតូចៗ ដូច្នេះប៉ាម៉ាក់ត្រូវប្រាកដថា កូនញ៉ាំបានល្អ និងគ្រប់គ្រាន់ដែលរាងកាយពួកគេត្រូវការ៕

ដកស្រង់ពី៖ kids eat in color