ចង់ដឹងទេថាកូនក្នុងផ្ទៃគាត់ដកដង្ហើមដែរឬទេ
ទារកក្នុងផ្ទៃត្រូវបានចិញ្ចឹមដោយជីវជាតិ អុកស៊ីសែន និងអ្វីៗផ្សេងទៀតសម្រាប់ការលូតលាស់ជាប់រហូត។ ថ្វីបើទារកកំពុងតែទទួលបានអុកស៊ីសែនខណៈពេលកំពុងតែនៅក្នុងផ្ទៃក៏ដោយ ក៏គេមិនអាចដកដង្ហើមបានដូចយើងដែរ។ សម្រាប់សួតរបស់ទារកវិញចាប់ផ្តើមលូតលាស់បានលុះត្រាតែគេអាយុបាន ១២សប្តាហ៍។ ក្នុងពេលនេះដែរ ក្លែបសួតខាងស្តាំនិងឆ្វេងចាប់ផ្តើមលូតលាស់ និងមានការកន្ត្រាក់តិចតួចដែរ។ ថ្វីបើការកន្ត្រាក់នេះមិនអាចឲ្យទារកដកដង្ហើមបានក៏ដោយក៏វាអាចជួយឲ្យលូតលាស់ដល់សាច់ដុំទ្រូងបានដែរ។
នៅពេលស្ត្រីមានផ្ទៃពោះពរពោះបាន ១៥សប្តាហ៍ពេញលេញ អ្នកអាចនឹងសម្គាល់ដឹងចលនានៃការដកដង្ហើមរបស់កូនហើយ។ រឿងនេះមិនមែនមានន័យថា ទារកកំពុងតែទទួលបានអុកស៊ីសែនពីសួតរបស់ពួកគេទេ ប៉ុន្តេអុកស៊ីសែនដែលគេទទួលបានគឺចេញពីម្តាយទៅវិញទេតាមរយៈទងសុក។
ចលនានៃការដកដង្ហើមអាចនឹងត្រូវការពេលយូរព្រោះថា សាច់ដុំសួតត្រូវការលំហាត់ប្រាណ ដើម្បីត្រៀមលក្ខណៈរួចជាស្រេចមួយសម្រាប់ធ្វើការពេញមួយជីវិតក្រោយពីកើត។ នៅពេលស្ថិតក្នុងផ្ទៃម្តាយ ថង់ទងសួតរបស់ទារកគឺពោរពេញទៅដោយទឹកដែលវាធ្វើឲ្យកាន់តែពិបាកសម្រាប់ទារកទទួលបានសាច់ដុំទ្រូងរឹងមាំ។ ពេលឈានដល់ត្រីមាសទី២ ចលនានៃការដកដង្ហើមនឹងកើនឡើង ហើយទារកក៏កំពុងតែបង្កើតសាច់ដុំសួតផងដែរ។ នៅត្រីមាសទី៣ ការដកដង្ហើមនឹងក្លាយទៅជាមុខងារដ៏សំខាន់បំផុត ហើយក៏ជាការហាត់ប្រាណដ៏សំខាន់សម្រាប់គេដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទារកក្នុងផ្ទៃមិនអាចដកដង្ហើមបានទេដរាបណាគេមិនទាន់ចេញពីក្នុងពោះម្តាយ។ ប៉ុន្តែការដកដង្ហើមរបស់គេកំពុងតែរៀនធ្វើខណៈពេលកំពុងតែនៅក្នុងពោះ។ ទារកនឹងចេះដកដង្ហើមដំបូងគេបំផុតនៅពេលគេកើតចេញពីពោះម្តាយបានភ្លាម។ ខណៈពេលដែលទារកភាគច្រើនយំដោយខ្លួនឯង និងខ្លះទៀតត្រូវការគ្រូពេទ្យជួយឲ្យគេយំ។ នៅពេលដែលទងសុកត្រូវបានកាត់ ពេលនោះហើយដែលទារកចាប់ផ្តើមប្រើសួតរបស់គេដើម្បីដកដង្ហើមដោយខ្លួនឯង។ នៅពេលទារករៀនដកដង្ហើម ចេញឬចូល នឹងជួយបញ្ចេញជាតិទឹកពីក្នុងសួតរបស់គេផង។ ករណីបែបនេះក៏អនុញ្ញាតិឲ្យមានលំហូរឈាមទៅកាន់សួត និងសរសៃឈាមដឹកអុកស៊ីសែនចិញ្ចឹមរាងកាយបានទាំងមូលផងដែរ៕