ដំណាក់កាលឈឺពោះ សម្រាលកូន ម៉ាក់ៗចងចាំគ្មានថ្ងៃភ្លេច
ស្ត្រីខ្លះត្រូវទ្រាំទ្រនឹងការឈឺពោះជាច្រើនម៉ោង ទម្រាំកូនជាទីស្រលាញ់កើតមកឃើញពន្លឺថ្ងៃដោយសុវត្ថិភាព។ នៅក្នុងនោះផងដែរ លោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា បានឲ្យដឹងថា ស្ត្រីគ្រប់រូប ដែលជ្រើសរើសការសម្រាលកូនតាមធម្មជាតិ ត្រូវចាំបាច់ឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ មិនដែលរំលងទេ ។
– ដំណាក់កាលទី១ ៖ ការឈឺពោះសម្រាល គឺការកន្រ្តាក់ស្បូនដែលធ្វើឲ្យមាត់ស្បូនបើក និងស្តើងក្នុងចន្លោះពេលទៀងទាត់។ ដំណាក់កាលទី១នេះប្រើពេលយូរជាងគេបំផុត ដែលអំឡុងពេលនេះស្ត្រីពពោះអាចងូតទឹកសម្អាតកាយ អាចដើរចុះឡើង អង្គុយលើបាល់ ដើម្បីបន្ថយការឈឺចាប់ ហើយឲ្យកូនធ្លាក់ចូលក្នុងអាងត្រគាកបានល្អ ។
– ដំណាក់កាលទី២ ៖ ការឈឺពោះសម្រាលកូននេះ កូនយើងនឹងកើតចេញមក ពេលនោះក្រុមគ្រូពេទ្យនឹងលើកទឹកចិត្តយើងឲ្យប្រឹងម្តងហើយ ម្តងទៀត ប្រឹងទាល់តែកូនកើតចេញមកក្រៅ។
– ដំណាក់កាលទី៣ ៖ ពេលកូនកើតមកភ្លាម គ្រូពេទ្យនឹងដាក់កូនលើដើមទ្រូងម្តាយ ឲ្យស្បែកប៉ះនឹងស្បែក ហើយឈានដល់ដំណាក់កាលទី៣នេះហៅថា ការយកសុក ឬទម្លាក់សុកចេញ ដោយប្រើពេល ៥-៣០ នាទី។ បើការឈឺពោះសម្រាលមិនប្រព្រឹត្តិ តាមដំណាក់កាលនោះទេ គ្រូពេទ្យនឹងមានវិធីផ្សេងសម្រាប់ជួយឲ្យយើងដើរតាមដំណាក់កាល ឬឲ្យយើងឈឺពោះសម្រាល ដោយប្រើប្រាស់ថ្នាំបើក និងធ្វើឲ្យមាត់ស្បូនទន់។ គ្រូពេទ្យនឹងចោះបំបែកថង់ទឹកភ្លោះ ដោយប្រើឧបករណ៍ពេទ្យដូចទំពក់ជ័រសម្រាប់ចោះបង្ហូរថង់ទឹកភ្លោះ៕