នៅពេលបញ្ចុកកូនម្តងៗពិបាកណាស់មេនទេ? សាកធ្វើបែបនេះកូននឹងញ៉ាំបានច្រើន
ភាគច្រើនកុមារដែលមានអាយុពី ១ឆ្នាំ ទៅ ៥ឆ្នាំ មានបញ្ហាជាមួយនឹងចំណង់អាហារតិច ដោយសារតែពួកគេមានទម្លាប់ជ្រើសអាហារណាដែលពួកគេចូលចិត្តតែប៉ុណ្ណោះ។ ការញ៉ាំអាហារតិច មិនត្រឹមតែធ្វើឲ្យកុមារខ្វះអាហារូបត្តម្ភនោះទេ វាក៏អាចនាំឲ្យមានបញ្ហាសុខភាពទៅថ្ងៃក្រោយផងដែរ។
តើអ្នកម្តាយគួរធ្វើដូចម្តេចដើម្បីឪ្យកូនរបស់អ្នកងាយស្រួលញុំាអាហារ? នៅពេលនេះ parenting-tip.com សូមលើកយកចំណុចទាំង ៤ ដើម្បីជួយដល់អ្នកម៉ាក់ក្នុងការបញ្ចុកកូនឪ្យកាន់តែងាយស្រួលដូចខាងក្រោម៖
១.កាត់បន្ថយមុខម្ហូបដែលមានជាតិស្ករខ្ពស់
អាហារដែលសម្បូរជាតិស្កររួមមាន ទឹកផ្លែឈើ ទឹកដោះគោ អាហារមានជាតិម្សៅខ្ពស់ ហាំប៊ឺហ្គឺ បង្អែម។ល។ អាហារទាំងនេះមិនត្រឹមតែធ្វើឲ្យកូនរបស់អ្នកមិនសូវឃ្លាននោះទេ វាក៏អាចធ្វើឲ្យពួកគេកើតជំងឺធាត់ និងមានសុខភាពទន់ខ្សោយផងដែរ។ សូមព្យាយាមកាត់បន្ថយបន្តិចម្តងៗ មិនយូរទេកុមារនឹងភ្លេចអាហារទាំងនោះ ហើយងាកមកទទួលទានបាយម្ហូបធម្មតាវិញ។
២.ជៀសវាងសកម្មភាពដែលងាយនឹងធ្វើឲ្យកូនភ្លេចបាយភ្លេចទឹក
សកម្មភាពដែលកូនៗរបស់អ្នកនឹងចំណាយពេលច្រើនទៅលើវា គឺការមើលទូរទស្សន៍ លេងទូរស័ព្ទ ឬលេងហ្គេមលើកុំព្យូទ័រជាដើម។ នៅពេលដែលជក់នឹងសកម្មភាពទាំងនេះ ពួកគេលែងនឹកឃើញរកបាយទឹកទៀតហើយ។ ដូច្នេះអ្នកត្រូវព្យាយាមកាត់បន្ថយសកម្មភាពទាំងអស់នេះ ឬកំណត់ពេលវេលាឲ្យពួកគេលេង។
៣.បង្កើតកាលវិភាគអាហារប្រចាំថ្ងៃ
ដើម្បីបង្កើតទម្លាប់សម្រាប់កុមារ សូមព្យាយាមកំណត់ពេលវេលាញ៉ាំអាហារឲ្យបានច្បាស់ និងឲ្យកុមារអង្គុយនៅលើតុអាហារដើម្បីដឹងថា តើពេលណាដែលត្រូវញ៉ាំ ដើម្បីឲ្យកុមាររៀបចាំជីវិត និងរាងកាយបានត្រឹមត្រូវកុំឲ្យឃ្លាន ប៉ុន្តែត្រូវញ៉ាំនៅពេលវេលាមកដល់។
៤.ព្យាយាមធ្វើអាហារថ្មីៗ
កុំអាក់អនចិត្ត ប្រសិនបើកូនរបស់អ្នកបដិសេធមិនបរិភោគអាហារសម្បូរជីវជាតិដែលអ្នកខំចំណាយពេលធ្វើ ព្រោះអាហារដដែលៗកុំថាឡើយកូន សូម្បីតែអ្នកក៏មានភាពធុញទ្រាន់ដែរ។ ដូច្នេះសូមរកនឹកមុខម្ហូបថ្មី ទើបកូនចូលចិត្តព្រោះវាមានរសជាតិប្លែកមាត់។
ប៉ុន្តែក្នុងការគ្រប់គ្រងអាហាររបស់កូន អ្នកត្រូវជ្រើសអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមត្រឹមត្រូវ ទើបកូនមានសុខភាពល្អ៕