គ្រោះថ្នាក់ខ្លាំងបំផុត! ការកង្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ
បញ្ហាខ្វះគ្រាប់ឈាមក្រហមបណ្តាលមកពីកង្វះជាតិដែក ដែលរាងកាយរបស់មនុស្សយើងប្រើជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ តម្រូវការជាតិដែករបស់ស្ត្រីនឹងកើនឡើងទ្វេរដងដើម្បីជួយទារកក្នុងការផលិតគ្រាប់ឈាមរបស់គេ។ ប្រសិនបើស្ត្រីមានផ្ទៃពោះមិនមានបរិមាណជាតិដែកស្តុកទុកបានគ្រប់គ្រាន់ ឬទទួលទានជាតិដែកមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នោះនឹងងាយកើតមានភាពស្លេកស្លាំងដោយខ្វះជាតិដែក។
តើការកង្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះមានអ្វីខ្លះ?
ខាងក្រោមនេះយើងបានដកស្រង់ពី មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជាជំនួយដល់អ្នកម្តាយកំពុងពពោះជាចំណេះដឹងមួយ ជួយការពារពីហានិភ័យនៃកង្វះគ្រាប់ឈាមមុនសម្រាល៖

ក) មូលហេតុផ្សេងៗដ៏ទៃទៀត នៃជំងឺខ្វះគ្រាប់ឈាមក្រហម៖
- ជំងឺអេម៉ូក្លូប៊ីន
- ឫជំងឺគ្រាប់ឈាមផ្សេងៗទៀត ករណីនេះ តម្រូវអោយអ្នកជំងឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជំងឺឈាមដើម្បីរករោគវិនិច្ឆ័យអោយបានច្បាស់លាស់។
ខ) រោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?
ក្នុងករណីភាពស្លេកស្លាំងនៅកម្រិតស្រាល នោះមិនមានរោគសញ្ញាណាមួយលេចចេញឡើយ គឺមានតែការពិនិត្យគ្រាប់ឈាមដោយឧបករណ៍វេជ្ជសាស្ត្រស្វ័យប្រវត្តិទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន។ តែបើក្នុងករណីភាពស្លេកស្លាំងកំរិតមធ្យមឬធ្ងន់ធ្ងរ រោគសញ្ញាដួចខាងក្រោមនឹងស្ដែងចេញ:
- អស់កម្លាំងខ្លាំងនិងទន់ខ្សោយ
- ស្បែកស ស្លេកជាងធម្មតា
- មានការញ័រទ្រូង ញ័របេះដូង
- ហត់ ដង្ហើមខ្លី
- វិលមុខឬឈឺក្បាល
ចំណាំ៖ ជាទូទៅរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមមួយចំនួនអាចស្រដៀងគ្នាទៅនឹងរោគសញ្ញានៃការមានផ្ទៃពោះទូទៅដែរ។ ទោះមាន ឫមិនមានរោគសញ្ញា គ្រប់ស្ត្រីមានផ្ទៃពោះនឹងត្រូវបានធ្វើតេស្តឈាមក្នុងពេលពិនិត្យសុខភាពមុនសម្រាល។

គ) កត្តាប្រឈមដែលអាចអោយមានខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?
ស្ត្រីដែលមានហានិភ័យខ្ពស់ក្នុងការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះរួមមាន:
- ស្ត្រីដែលមានកូនច្រើនហើយញឹក
- ស្ត្រីដែលមានផ្ទៃពោះដែលមានទារកច្រើនជាងមួយ(កួនភ្លោះ)
- ស្ត្រីដែលដែលក្អួតញឹកញាប់ដោយសារចាញ់កួន
- ស្ត្រីដែលពិសារជាតិដែកមិនបានគ្រប់គ្រាន់
- ស្ត្រីដែលមានប្រវត្តិហូរឈាមរដូវច្រើនមុនពេលមានផ្ទៃពោះ។
ឃ) ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម?
ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។
*បញ្ជាក់៖ ប្រសិនបើអ្នកមានផ្ទៃពោះកំពុងប្រើពួកថ្នាំវីតាមីន និងជាតិដែកគ្រប់គ្រាន់ នៅតែមានភាពស្លេកសាំ្លង នោះការធ្វើតេស្តវេជ្ជសាស្ត្រដើម្បីកំណត់ពីមូលហេតុនៃកង្វះគ្រាប់ឈាមក្រហមផ្សេងទៀត ជាការចាំបាច់។ ក្នុងករណីនេះ ការមកពិគ្រោះជាបន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញរោគស្ត្រី និងសម្ភព រួមនឹងវេជ្ជបណ្ឌិតជំនាញគ្រាប់ឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ជាជំរើសល្អបំផុត។
«ការពារស្ត្រីមានផ្ទៃពោះពីបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺដើម្បីសុខភាពកូន និងមាតា និងសម្រាប់សុភមង្គលគ្រួសារទាំងមូល!»
