តិចនិកសាមញ្ញមួយអាចជួយបាន!ក្មេងៗងាយផ្តាសាយ តឹងច្រមុះ ពេលខែត្រជាក់ នេះជាដំណោះស្រាយ
ក្មេងៗងាយនឹងកើតផ្តាសាយ ពិសេសពេលអាកាសធាតុចុះត្រជាក់បែបនេះទៀតរឹតតែប្រឈមខ្លាំង។ បើកូនតូចផ្តាសាយ តឹងច្រមុះ ពិបាកដកង្ហើម គឹអាចបណ្តាលមកពីកត្តាអាកាសធាតុច្រើន ពីព្រោះខែនេះ ជាខែត្រជាក់ កូនអ្នកងាយនឹងមានជម្ងឺនេះកើតឡើង ដែលជាក្តីកង្វល់របស់អ្នកម៉ាក់គ្រប់រូប។
តើគួរធ្វើដូចម្តេចទើបបន្ធូរបន្ថយអាការៈទាំងនេះបាន?

លោកវេជ្ជបណ្ឌិត ឯកទេសទូទៅ បានពន្យល់ថា ក្មេងកើតផ្តាសាយ អាចមានសញ្ញាផ្សេងៗរួមផ្សំច្រើន ដូចជា ក្តៅខ្លួន ក្អក ហៀរសម្បោរ តឹង ច្រមុះ ធ្វើឲ្យពិបាកដកដង្ហើម។ លោកវេជ្ជបណ្ឌិតបន្តថាអាការៈតឹងច្រមុះ កើតឡើងនៅពេលសរសៃឈាម និងសន្ទះក្នុងរន្ធច្រមុះកូនពោរពេញដោយសម្បោរ អាចធ្វើឲ្យអូនៗពិបាកគេង និងមានបញ្ហារលាកច្រមុះ ហើយខ្លះក៏អាចមានបញ្ហាពិបាកញ៉ាំ ពេលមានកកស្ទះសម្បោរ។ វិធីមួយដែលសាមញ្ញ ហើយមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលអាការៈតឹងច្រមុះលើកូនតូចៗ គឺប្រើទឹកសេរ៉ូមប្រៃ ឬទឹកបន្តក់ច្រមុះ។

បើយើងជ្រើសរើសយកទឹកបន្តក់ច្រមុះ សូមបន្តក់ ៤-៥ តំណក់ម្ខាង ដើម្បីឲ្យសម្បោរនៅខាងក្នុងរលាយ ជួយឲ្យធូរច្រមុះ បន្ទាប់មកត្រូវប្រញាប់យកប្រដាប់បូមច្រមុះ បឺតយកទឹកនោះ និងសម្បោរចេញមកវិញ។ ត្រូវចាំថា ប្រើប្រដាប់បូមច្រមុះ ត្រូវច្របាច់វា មុនដាក់ចូលទៅក្នុងរន្ធច្រមុះអូនៗ ហើយពេលយើងប្រលែងវាមកវិញ ឧបករណ៍នឹងបឺតយកសម្បោរនោះមកក្រៅ ព្រោះបើយើងដាក់ចូលក្នុងច្រមុះហើយ ទើបច្របាច់ខ្យល់ វានឹងរុញសម្បោរទៅក្នុងច្រមុះកាន់តែជ្រៅទៀត។ គួរធ្វើរបៀបនេះយ៉ាងហោចណាស់ ១៥ នាទី មុននឹងបញ្ចុកអាហារអូនៗ ឬមុនចូលគេង អាចធ្វើឲ្យអូនៗ ដកដង្ហើមបានស្រួល។
មិនត្រូវប្រើទឹកបន្តក់ច្រមុះណា មានជាតិថ្នាំនោះទេ។ ទឹកសេរ៉ូមប្រៃសម្រាប់បន្តក់ច្រមុះធម្មតា ត្រូវពេទ្យណែនាំឲ្យប្រើ ដោយគ្រាន់តែប្រាកដថា បានលាងសម្អាត និងសម្ងួតឧបករណ៍បឺតច្រមុះ បន្ទាប់ពីប្រើប្រាស់រួច ដើម្បីចៀសវាងឆ្លងមេរោគផ្សេងៗទៅអូនៗ ធ្វើឲ្យបញ្ហាកាន់តែអាក្រក់ជាងនេះ។
សម្គាល់៖ ប្រសិនបើទារកមានអាយុក្រោម ៣ ខែ កូនតឹងច្រមុះលើសពី ២ សប្តាហ៍ និងមានអាការៈក្អកធ្ងន់ធ្ងរជាប់គ្នាមិនដាច់ គ្រុន ឈឺត្រចៀក ឬដកដង្ហើមញាប់ខុសធម្មតា យើងត្រូវរកជំនួយពីគ្រូពេទ្យ។