ឈប់បារម្មណ៍! ដំណោះស្រាយពេលកូនកើតជ្រាំងអណ្ដាតដែលជាទុក្ខកង្វល់របស់អ្នកម៉ាក់
ជ្រាំងអណ្ដាតជាជម្ងឺមួយប្រភេទដែលបណ្ដាលមកពីការរលាកផ្នែកស្រទាប់ស្ដើងនៅលើអណ្ដាតឬក្នុងមាត់ទៅលើភ្នាស ស្ដើងតាមអញ្ចាញធ្មេញ ក្រអូមមាត់ បបូរមាត់ និងផ្នែកផ្សេងទៀតក្នុងមាត់ ទោះមានមេរោគក្ដី គ្មានមេរោគក្ដី។ ប៉ុន្ដែករណីបង្កដោយ មេរោគនឹងធ្វើឱ្យក្មេងក្តៅខ្លួនខ្លាំង។ ជម្ងឺជ្រាំងអណ្ដាតអាចបណ្ដាលមកពីជម្ងឺផ្សិតផ្សេងៗនិងដែលអាចបង្កដោយមេរោគឱកាសនិយម មួយចំនួន។ ប្រសិនបើមានការរលាកខ្លាំងធ្វើឱ្យក្មេងញ៉ាំអាហារមិនបាន បៅមិនកើត។ ករណីនេះអាចធ្វើឱ្យក្មេងឈានទៅរកជម្ងឺមួយ ប្រភេទទៀត គឺជម្ងឺខ្វះអាហារូបត្ថម្ភ។ ជាទូទៅជម្ងឺជ្រាំងអណ្ដាតច្រើនកើតលើកុមារអាយុក្រោមប្រាំឆ្នាំ។
១. រោគសញ្ញាជម្ងឺជ្រាំងអណ្ដាត
ជម្ងឺជ្រាំងអណ្ដាតអាចចាប់ផ្ដើមឱ្យអាណាព្យាបាលឃើញតាមរយៈការកើតឡើងនូវសភាពក្រហមនិងមានលេចឡើងលក្ខណៈក្ដាំងសៗលើអណ្ដ្កាតធ្វើឱ្យឈឺផ្សាខ្លាំងលើអណ្ដ្កាត ហៀរទឹកមាត់ ក្ដៅខ្លួន យំច្រើន មិនចង់ញ៉ាំអាហារមិនចង់បៅជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ក្មេងអាចមានអាការក្អួតចង្អោរ ប្រេះអណ្ដាត និងចេញឈាមលើបបូរមាត់តិចៗផង។ បើការរីករាលដាលលឿន ជម្ងឺជ្រាំងអណ្ដាតអាចធ្វើឱ្យមាត់កុមាររលួយ ធុំក្លិនស្អុយទៀតផង។
២. មូលហេតុជម្ងឺជ្រាំងអណ្ដាត
ការកើតមានជម្ងឺជ្រាំងអណ្ដាតគឺអាចបណ្ដាលមកពីកត្ដាផ្សេងៗដូចជា ៖
- កុមារខ្វះវីតាមីន ពិសេសវីតាមីនសេ វីតាមីនបេ ជាតិស័ង្កសី ជាតិដែក អាស៊ីតហ្វូលីកជាដើម
- មានអាការក្តៅក្នុងខ្លាំង លេចចេញជាពងបែក មានការរលាកក្នុងមាត់ និងលើអណ្ដាត
- ការប្រើប្រាស់ថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិកញឹកញាប់រយៈពេលយូរនឹងអាចបង្កើតជាជម្ងឺផ្សិតមួយចំនួនដុះសៗតាមបបូរ មាត់
- ការចាប់ផ្ដើមរលាកបន្ដិចបន្ដួចដោយមូលហេតុផ្សេងៗអាចនឹងក្លាយជាជម្ងឺជ្រាំងអណ្ដាតបានប្រសិនបើមានមេរោគជ្រៀតចូល ហើយអាណាព្យាបាលមិនយកចិត្ដទុកដាក់ ឬប្រញាប់ព្យាបាលទាន់ពេល។
3. ផលវិបាកជម្ងឺជ្រាំងអណ្ដាត
កុមារដែលកើតមានជម្ងឺជ្រាំងអណ្ដាតគឺមានផលវិបាកជាច្រើនដែលនឹងកើតឡើងមួយចំនួន ៖
- ក្មេងក្ដៅខ្លួន គ្រុន យំច្រើន ដែលរំខានដល់ពេលវេលាប្រកបអាជីវកម្ម ការងារផ្សេងៗរបស់អាណាព្យាបាលនិងសមាជិក ដទៃទៀតក្នុងគ្រួសារ
- ក្មេងបៅមិនកើតឬបៅបានតិចតួច ជាហេតុធ្វើឱ្យកុមារមានសុខភាពមិនល្អ ស្រកទម្ងន់
- កុមារនឹងមានក្អួត បើសិនជាមិនបានព្យាបាលត្រឹមត្រូវទេនោះ
- កុមារនឹងញ៉ាំអាហារមិនបានដោយសារឈឺអណ្ដាត និងមាត់របស់វា
- នៅទីបំផុតកុមារអាចមានជម្ងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយអាចស្លាប់បានដោយសារជម្ងឺកង្វះអាហារូបត្ថម្ភ
- ជម្ងឺជ្រាំងអណ្ដាតមិនអាចឆ្លង និងធ្វើឱ្យដំបៅក្បាលសុដន់របស់ម្ដាយទេ។ ប៉ុន្ដែបើសិនជាមានការបំបៅក្មេងដទៃទៀត តាមក្រោយ ក្មេងដែលមានជម្ងឺជ្រាំងអណ្ដាតដោយមិនបានលាងសម្អាតក្បាលដោះជាមុននោះក្មេងទីពីរអាចឆ្លងជម្ងឺជ្រាំងអណ្ដាត បាន។
4 ការព្យាបាលជម្ងឺជ្រាំងអណ្ដាត
វិធីព្យាបាលសាមញ្ញដែលអាណាព្យាបាលអាចធ្វើបាន ៖ ការព្យាបាលគឺអាចចាប់ផ្ដើមពីអាណាព្យាបាលផ្ទាល់ដោយ ម្ដាយត្រូវសម្អាតមាត់កូនដែលមានជម្ងឺតាមវិធីដូចខាងក្រោម ៖
- ដាំទឹកឱ្យពុះហើយទុកឱ្យនៅក្ដៅឧណ្ហៗ
- បង់អំបិលស្អាតទៅក្នុងទឹកក្ដៅឧណ្ហៗនោះឱ្យប្រៃល្មម
- យកក្រណាត់ទន់ៗស្អាត ដែលបានស្ងោរសម្លាប់មេរោគហើយមកជ្រលក់ទឹកអំបិលក្ដៅឧណ្ហៗនោះជូតសម្អាតក្នុងមាត់ លើអណ្ដាតឱ្យបានញឹកញាប់អាចពីបួនទៅប្រាំមួយដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនអាចជូតខ្លាំងពេកទេព្រោះធ្វើឱ្យអណ្ដាតកុមារឈឺឬចេញ ឈាមបាន។ ផ្ទុយទៅវិញបើលោកអ្នកយកក្រណាត់មិនស្អាត ឬមិនបានសម្លាប់មេរោគជាមុនទេនោះការសម្អាតនោះនឹងក្លាយជាការ ចម្លងមេរោគ និងធ្វើឱ្យជម្ងឺជ្រាំងលើទារកកាន់តែធ្ងន់ធ្ងរថែមទៀត។
5. វិធីបង្ការជម្ងឺជ្រាំងអណ្ដាត
ករណីបំបៅកូនដោយទឹកដោះ ម្ដាយត្រូវទទួលទានអាហារឱ្យបានគ្រប់គ្រាន់និងមានវីតាមីនច្រើនប្រភេទដើម្បីការពារ ការកើតមានជម្ងឺពងបែក ឬរលាក ដែលបណ្ដាលឱ្យកើតជ្រាំងអណ្ដាត។ កុមារដែលអាចញ៉ាំអាហារបានគួរឱ្យចំណីអាហារដែលមាន ជីវជាតិគ្រប់គ្រាន់ ដូចជាជាតិសាច់ ត្រី បន្លែពណ៌បៃតងចាស់ និងផ្លែឈើពណ៌លឿងទុំនិងចំណីអាហារមានជាតិវីតាមីនច្រើនប្រភេទ។ លើសពីនេះត្រូវមានអនាម័យល្អផងដែរ។
ដកស្រង់ពី healthcombodia.com