អាហារ និងភេសជ្ជៈទាំងនេះ ម៉ាក់ៗគួរចៀសវាងញ៉ាំអំឡុងពេលបំបៅដោះកូន
អំឡុងពេលពពោះ ការរៀបចំរបបអាហារឲ្យត្រឹមត្រូវតាមការណែនាំ ជារឿងចាំបាច់ម៉ាក់ៗត្រូវដឹង ខណៈក្រោយសម្រាល ពោលអំឡុងពេលបំបៅកូន ម៉ាក់ៗក៏គួរតែដឹងអាហារណាគួរញ៉ាំ អាហារណាមិនគួរញ៉ាំដូចគ្នា។
តើមានអាហារ និងភេសជ្ជៈអ្វីខ្លះដែលគួរជៀសវៀងពេលកូនបំបៅដោះ?
ខាងក្រោមនេះយើង នឹងប្រាប់ពីអាហារ ភេសជ្ជៈ គួរចៀសវាងពេលបំបៅដោះកូន៖
១. កាហ្វេ និងតែ
រឿងនេះ ស្តាប់ទៅអាចពិបាកបន្តិចសម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេ ប៉ុន្តែបើអាចកាត់បាន ត្រូវតែទ្រាំអំឡុងពេលបំបៅដោះអូនៗ។ បើធ្វើមិនបាន អាចផឹកកាហ្វេ ឬតែក្នុងកម្រិតតិចតួចនៅពេលព្រឹក ដើម្បីជួយឲ្យអារម្មណ៍ល្អ ប៉ុន្តែមិនត្រូវផឹកនៅពេលថ្ងៃត្រង់ និងពេលយប់ អំឡុងពេលបំបៅបេប៊ីដោយទឹកដោះនោះឡើយ។
ជាតិកាហ្វេអ៊ីន មានក្នុងកាហ្វេ និងតែ សុទ្ធតែអាចរាំងស្ទះសកម្មភាពផលិតទឹកដោះរបស់រាងកាយ ដែលនឹងបង្កផលវិបាកច្រើនមកលើយើងផ្ទាល់ និងអូនៗ។ អ្វីត្រូវចងចាំនោះ បេប៊ីតូចៗ មិនអាចរំលាយជាតិកាហ្វេអ៊ីនចេញពីរាងកាយបានឆាប់ដូចម៉ាក់ៗឡើង ជាហេតុនាំឲ្យអូនៗពិបាកក្នុងការគេង។
៣. ជាតិអាល់កុល
អំឡុងពេលបៅដោះម៉ាក់ៗ បេប៊ីនឹងមានសុវត្ថិភាព បើម៉ាក់ៗមិនផឹកជាតិអាល់កុលទេនោះ ប៉ុន្តែបើស្រីៗគ្នាយើងចាំបាច់ផឹកគ្រឿងស្រវឹង ខ្វះមិនបាន ត្រូវដឹងពីពេលវេលាសមស្រប និងកម្រិតជាតិអាល់កុលយើងផឹកឲ្យបានត្រឹមត្រូវ។ បើយើង ត្រូវការផឹកគ្រឿងស្រវឹង ត្រូវចាំថា ផឹកក្រោយពេលបំបៅអូនៗរួច ដើម្បីអនុញ្ញាតរាងកាយមានពេលគ្រប់គ្រាន់ធ្វើមេតាបូលីស កុំឲ្យប៉ះពាល់អូនៗនៅពេលយើងបំបៅពេលក្រោយ។
៤. សូកូឡា
ក្រៅពីជាតិកាហ្វេអ៊ីនមានក្នុងសូកូឡាធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់អូនៗហើយនោះ សារធាតុផ្សេងទៀតមានក្នុងសូកូឡា នឹងដើរតួរជាថ្នាំបញ្ចុះលាមក (laxative) ប៉ះពាល់ដល់អូនៗដូចគ្នា។ កម្រិតការញ៉ាំសូកូឡាឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងអូនមានបញ្ហាដំណេក និងបញ្ហាបង់ជើងធំញឹកញាប់។
៥. ជីរវ៉ាន់ស៊ុយ ជីរអង្កាម
បើទោះជាជីរវ៉ាន់ស៊ុយ ជីរអង្កាម សុទ្ធតែចាត់ទុកជាថ្នាំបុរាណដ៏ល្អ និងជួយឲ្យអាហារកាន់តែឆ្ងាញ់ពិតមែន ប៉ុន្តែវាក៏មានផលអវិជ្ជមានទៅលើការផលិតទឹកដោះយើងដូចគ្នា។ ត្រូវកម្រិតបរិមាណញ៉ាំពពួកជីរទាំងនេះ និងមិនត្រូវញ៉ាំម្តងទាំងពីរមុខនោះឡើយ។ អ្វីចាំបាច់បំផុត បើយើងឧស្សាហ៍ញ៉ាំជីរទាំងនេះ ត្រូវចេះកត់សម្គាល់ការលូតលាសរបស់អូនៗឲ្យបានល្អ។
៦. ខ្ទឹមស
រសជាតិទឹកដោះរបស់ម៉ាក់ៗ វាអាស្រ័យទៅលើអាហារដែលម៉ាក់ៗញ៉ាំ ខណៈការសិក្សាជាច្រើនរកឃើញថា ការបៅដោះរបស់បេប៊ី ក៏អាស្រ័យទៅលើរសជាតិទឹកដោះដូចគ្នា។ យ៉ាងណា ខ្ទឹមស ជាអាហារមួយប្រភេទមានរសជាតិធ្វើឲ្យបេប៊ីភាគច្រើនស្អប់បំផុត។ បើពេលណាមួយអូនៗមិនព្រមបៅដោះ គឺវាអាចមកពីយើងញ៉ាំខ្ទឹមសនេះឯង ហើយរសជាតិខ្ទឹំមស នឹងធ្វើឲ្យអូនៗលែងចង់បៅដោះទៀតក៏មាន។
៧. អាហារធ្វើឲ្យកើនឧស្ម័នក្នុងពោះ (Gassy foods)
ពពួកអាហារមួយចំនួន នឹងធ្វើឲ្យឧស្ម័នក្នុងពោះកាន់តែកើនឡើង មានដូចជា ពពួកសណ្តែក សណ្តែកបណ្តុះ ស្ពៃក្តោប និងផ្កាខាត់ណាខៀវ ជាដើម សុទ្ធតែអាចបង្កបញ្ហាហើមពោះដល់អូនៗ ហើយបើបញ្ហាទាំងនេះកើតឡើង វានឹងបណ្តាលឲ្យអូនៗប្រឈមហានិភ័យចុកពោះធ្ងន់ធ្ងរ។
ដកស្រង់ពី៖ hello Health Group