ពេលពពោះ ម៉ាក់ៗចេះតែរមាស់ពោះ តើមកពីកូនដុះសក់ ឬមកពីអ្វីផ្សេង?
ស្ត្រីពពោះភាគច្រើនជួបអាការៈរមាស់ពោះ ជាពិសេសនៅពេលពោះកាន់តែធំ ហើយចាស់ៗតែងតែនិយាយថា មកពីកូនចាប់ផ្តើមដុះសក់ ទើបធ្វើឲ្យម៉ាក់ៗរមាស់ពោះបែបនេះ។
តើម៉ាក់ៗរមាស់បរិវេណពោះ មកពីសក់កូនដុះចាក់ពោះម៉ាក់ មែន ឬមិនមែន?
ម៉ាក់ៗរមាស់ពោះ មិនមែនមកពីកូនចាប់ផ្តើមដុះសក់ ឬសក់ចាក់ពោះនោះទេ គឺបណ្តាលមកពីកោសិកាស្បែកយឺត ធ្វើឲ្យស្បែកតឹង ស្ងួត ទៅជាប្រេះ ពេលកូនក្នុងផ្ទៃកាន់តែធំ។
កាលណាស្បែកប្រេះខ្លាំង ធ្វើឲ្យស្បែកចេញសង្វារ បើស្ត្រី ពពោះរមាស់ខ្លាំងទ្រាំមិនបាន ហើយអេះទៀតនោះ លោកវេជ្ជបណ្ឌិតថា អាចប្រឈមបញ្ហាស្បែកធ្ងន់ធ្ងរ ដោយសារតែស្បែកស្តើង ងាយនឹងដាច់រលាត់ រហូតរលាកស្បែកទៀតក៏មាន ហើយស្នាមសង្វារនឹងរាលកាន់តែច្រើនឡើងៗ។
ចំពោះម៉ាក់ៗបញ្ហារមាស់ស្បែកពោះ លោកវេជ្ជបណ្ឌិតណែនាំ ឲ្យធ្វើតាមប៉ុន្មានចំណុចខាងក្រោមនេះ៖
- ញ៉ាំទឹកឲ្យបានច្រើន
- ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
- លាបឡេផ្តល់សំណើមដល់ស្បែក
- ស្លៀកសម្លៀកបំពាក់រលុងៗ។
ប្រភព៖ Hello Krupet