ទើបសម្រាលកូនរួច! រាងកាយអ្នកម៉ាក់នឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ
អំឡុងពពោះ រាងកាយស្រីៗផ្លាស់ប្ដូរច្រើន ធ្វើការធ្ងន់ ដើម្បីជួយការពារ និងទ្រទ្រង់ការលូតលាស់គភ៌ក្នុងផ្ទៃ ហើយពេលសម្រាលរួច រាងកាយយើងនឹងប្រែប្រួលម្ដងទៀត ដូចជា ដើមទ្រូងពេញដោយទឹកដោះ ស្បូនរួមទៅវិញ និងមានអាការៈផ្សេងៗជាច្រើនកើតមាន ទាំងផ្នែករាងកាយ និងស្មារតី។
តើមានការផ្លាស់ប្តូរអ្វីខ្លះរបស់រាងកាយស្ត្រីក្រោយសម្រាល?
យើងនឹងប្រាប់រឿងទាំង ១២ ឧស្សាហ៍កើតមានក្រោយសម្រាលកូនរួច ពិសេសអំឡុងពេល ៦ សប្តាហ៍ក្រោយសម្រាល។

១. ឈឺចាប់ត្រង់តំបន់ទ្វារមាស
មូលហេតុ៖ រន្ធទ្វារមាស និងរន្ធគូទ អាចត្រូវដាច់រហែកពេលសម្រាល ជាទូទៅធ្វើឲ្យមានការឈឺចាប់ ហើយកាន់តែឈឺខ្លាំង បើពេទ្យ កាត់រន្ធទ្វារមាសបន្ថែម ដើម្បីជួយសម្រួលឲ្យទារកចេញមកក្រៅ។
២. ឈឺពោះ/ឈឺស្បូន
មូលហេតុ៖ ឈឺស្បូន បណ្ដាលមកពីស្បូនត្រឡប់ទៅសភាពដើមវិញក្រោយសម្រាល ស្បូនយើងនឹងឡើងមូល ហើយរឹង មានទម្ងន់ប្រមាណជា ១គីឡូ តែអាការៈនេះ នឹងបាត់ទៅវិញក្នុងរយៈពេល ២-៣ ថ្ងៃ។
៣. ធ្លាក់ឈាមក្រោយសម្រាល
មូលហេតុ៖ បន្ទាប់ពីទារកកើតចេញមកក្រៅ នឹងមានធ្លាក់ឈាមមកតាមក្រោយ។ ប៉ុន្មានថ្ងៃដំបូង មានធ្លាក់ឈាមច្រើន មានពណ៌ក្រហមស្រស់ និងអាចមកជាកំណកឈាមដុំៗ តែយូរៗទៅ នឹងចាប់ផ្ដើមហូរមកតិចៗ ប្រែពណ៌ស្រាលទៅៗ ជាទូទៅ អាការៈធ្លាក់ឈាមនេះកើតមានត្រឹម ២-៣ សប្ដាហ៍ ឬអាចដល់ ១ ខែ។
៤. សុដន់ឡើងតឹង
មូលហេតុ៖ ដោះស្រីៗនឹងឡើងតឹង ហើយឈឺ ដោយសារទឹកដោះចាប់ផ្ដើមផលិតសម្រាប់បំបៅកូនទើបកើត ប៉ុន្មានថ្ងៃបន្ទាប់ពីសម្រាល។ យើងនឹងមានអារម្មណ៍ធូរស្បើយ នៅពេលចាប់ផ្តើមបំបៅកូនជាប់លាប់ តែបើម៉ាក់ៗមិនបំបៅកូនដោយទឹកដោះ ការឈឺចាប់នឹងមានរហូតទាល់ទឹកដោះឈប់ផលិតដោយឯកឯង ក្នុងរយៈពេលប៉ុន្មានថ្ងៃ។

៥. ខ្លួនប្រាណឡើងហើម
មូលហេតុ៖ ស្រីៗភាគច្រើននឹងហើមដៃ ជើង មុខ អំឡុងពេលពពោះ នេះបណ្ដាលមកពីសារធាតុទឹកក្នុងខ្លួនកើនឡើង។ ក្រោយសម្រាល បញ្ហានេះនឹងបាត់ទៅវិញ។
៦. ជំងឺទល់លាមក និងឫសដូងបាត
មូលហេតុ៖ ជំងឺទល់លាមក កើតមាននៅពេលពោះវៀនយើងមិនធ្វើចលនា ម៉ាក់ៗអាចមិនសូវបត់ជើង ឬពិបាកបត់ជើង អាចនឹងបង្កទៅជាឫសដូងបាតទៀតផង។
៧. មានបញ្ហានោម
មូលហេតុ៖ ២-៣ ថ្ងៃក្រោយសម្រាល ម៉ាក់ៗអាចពិបាកនោមមិនចេញ ហើយពេលខ្លះ ហូរនោមដោយមិនដឹងខ្លួន។ អាការៈដោយបញ្ហាស្បូនខ្សោយក្រោយសម្រាល ប៉ុន្តែនឹងបាត់ទៅវិញ នៅពេលសាច់ដុំស្បូនរឹងមាំដូចធម្មតា។
៨. បែកញើសច្រើន
មូលហេតុ៖ ចំណុចនេះ ភាគច្រើនកើតលើស្រីៗកូនដំបូង ពិសេសពេលយប់ ដោយសារការផ្លាស់ប្ដូរអ័រម៉ូនក្នុងរាងកាយ ក្រោយសម្រាលកូន។

៩. អស់កម្លាំង
មូលហេតុ៖ នៅពេលសម្រាលកូន ម៉ាក់ៗបាត់បង់ឈាមច្រើន ធ្វើឲ្យរាងកាយយើងចុះខ្សោយ ម្យ៉ាងទៀត អូនតូច ប្រហែលជាធ្វើឲ្យម៉ាក់ៗគេងមិនបានស្រួលទៀតផង។
១០. ស្បែកឡើងសង្វារ
មូលហេតុ៖ អំឡុងពេលពពោះ ស្បែកស្រីៗនឹងស្ងួត ងាយប្រេះឡើងសង្វារ ជាពិសេសនៅលើពោះរីកធំទៅតាមទំហំកូន ភ្លៅ ត្រគាក និងគូទ ក៏រីកធំទៅតាមនឹងដែរ។ បើសង្វារកើតមានលើស្បែកហើយ ក៏មិនងាយបាត់ទៅវិញទេ។

១១. ជ្រុះសក
មូលហេតុ៖ នៅពេលពពោះ សក់អាចដុះក្រាស់ពេញក្បាល ដោយសារតែអ័រម៉ូននៅក្នុងរាងកាយកើនដល់កម្រិតខ្ពស់ តែបន្ទាប់ពីសម្រាលរួច សក់ដែលដុះក្រាស់នោះ នឹងចាប់ផ្ដើមជ្រុះទៅវិញយ៉ាងច្រើន។ ជាទូទៅ បញ្ហាជ្រុះសក់អាចនឹងបញ្ចប់ក្រោយសម្រាលបាន ៦ ខែ។
១២. ជំងឺបាក់ទឹកចិត្ត
មូលហេតុ៖ ម៉ាក់ៗទើបសម្រាលកូន ជួនកាលមានអារម្មណ៍សោកសៅ តានតឹង អស់កម្លាំង និងឆាប់មួម៉ៅ។ អារម្មណ៍ទាំងនេះ កើតឡើងដោយឯកឯង ហើយក៏បាត់ទៅវិញដោយឯកឯងដែរ។ ប៉ុន្តែមានករណីខ្លះ អាចធ្ងន់ធ្ងរឈានដល់ជំងឺបាក់ទឹកចិត្ត ហៅថា PostpartumDepression ។
ដកស្រង់ពី៖ Hello Krupet