តោះមកដឹងទាំងអស់គ្នា! កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ?
នាមជាម៉ាក់ប៉ាគ្មានអ្វីសប្បាយស្មើនឹងឃើញកូនៗមានសុខភាពល្អ ថែមទាំងឆ្លាតវាងវៃនោះទេ តែការចិញ្ចឹមបីបាច់កូនឲ្យបានល្អ ដូចគិត ដូចចង់បានបែបនេះ មិនមែនជារឿងងាយឡើយ។
តើកូនៗយើងអាចឆ្លាតទៅបានអាស្រ័យលើកត្តារួមផ្សំអីខ្លះ?
១. កត្តាជំរុញឲ្យកូនឆ្លាត
មានកត្តារួមផ្សំជាច្រើនដែលធ្វើឲ្យកូនយើងក្លាយក្មេងឆ្លាតបាន ក្នុងនោះរាប់បញ្ចូលទាំងសុខភាពម្តាយ ជាពិសេសអំឡុងពេលបង្កកំណើត មិនមែនពាក់ព័ន្ធការថែទាំ ឬបំប៉នកូនក្រោយពេលកើតតែមួយមុខទេ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសកុមារ បញ្ចប់ការសិក្សាពីបារាំង និងកូរ៉េ។ លោកបានបញ្ជាក់ថា កត្តារួមផ្សំធ្វើឲ្យកូនឆ្លាត ប្រាជ្ញាវាងវៃមាន៖
- ហ្សែន៖ ពិតណាស់ បើម៉ាក់ប៉ាមានហ្សែនល្អ នោះកូនកើតមកក៏លូតលាស់បានល្អតាមហ្នឹងដែរ។ មិនខុសទេ ករណីកូនដែលកើតពីហ្សែនខ្សោយ ធ្វើឲ្យការលូតលាស់ផ្នែករាងកាយ ស្មារតី និងខួរក្បាលក៏យឺតទៅតាមនោះដែរ។
- ចំណីអាហារ៖ របបអាហាររបស់កូនដើរតួនាទីសំខាន់ណាស់ក្នុងជំរុញការលូតលាស់ទាំងផ្នែករាងកាយ និងស្មារតីរបស់ពួកគេ បែបនោះហើយម៉ាក់ប៉ាត្រូវតែបំប៉នអាហារកូនឲ្យគ្រប់គ្រាន់ ចម្រុះមុខ និងឲ្យកូនញ៉ាំអាហារណាដែលមានផលប្រយោជន៍ចំពោះសុខភាព ជាពិសេស អាហារសម្បូរ DHA ដែលមានក្នុងទឹកដោះគោ។ ចំពោះកូនដែលកើតមកខ្វះការលូតលាស់អ័រម៉ូន ឬខ្វះអាហារូបត្ថម្ភ ពិសេសពពួកជីវជាតិដែលជួយដល់ប្រព័ន្ធការពាររាងកាយ និងខួរក្បាលទៀតនោះ សុខភាពកូនងាកឈឺៗ ខ្សោយបញ្ញាស្មារតី ការលូតលាស់មិនប្រក្រតី ឬកម្ពស់ទាប ជាដើម។
- សកម្មភាពរាងកាយ និងខួរក្បាល៖ ការធ្វើសកម្មភាពរាងកាយ និងខួរក្បាលរបស់ក្មេង ក៏ជាចំណែកដ៏សំខាន់ជួយដល់ការវិវត្តខួរក្បាលកូនដែរ។ ការហ្វឹកហាត់សកម្មភាពរាងកាយរបស់ក្មេង មានដូចជា ការហាត់ប្រាណ លេងកីឡា ឬធ្វើសកម្មភាពផ្សេងៗទៀត ចៀសវាងឲ្យកូនរស់នៅក្នុងបរិយាកាសអាប់អួ ឬស្មោកគ្រោក មិនស្អាត។ ចំណែកសកម្មភាពខួរក្បាលវិញ យើងត្រូវនិយាយលេង ឬសួរនាំកូនឲ្យច្រើន និងត្រូវជំរុញឲ្យកូនប្រើខួរក្បាលទាំងខាងឆ្វេង និងខាងស្តាំ។
ដកស្រង់ពី៖ Hello Krupet