ជាការពិតទេ! ស្ត្រីពពោះប្រឈមខ្លាំងនឹងការឆ្លង COVID-19?
អ្នកដែលមានសុខភាពខ្សោយ មានជំងឺប្រចាំកាយ ពិសេសចាស់ៗ ងាយប្រឈមនឹងការឆ្លងខ្លាំងនឹងការឆ្លងជំងឺ COVID-19 ហើយចុះស្រ្តី
តើការមានផ្ទៃពោះ អាចចាត់ចូលជាមនុស្សងាយប្រឈមខ្លាំងនឹងការឆ្លងដែរឬទេ?
ចំពោះបញ្ហាខាងលើនេះ អង្គការសុខភាពពិភពលោក (WHO) បកស្រាយថា បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។
ដោយឡែកការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោកដដែលបញ្ជាក់ថា កំពុងដំណើរការនៅឡើយ។
ចំពោះវិធីការពារខ្លួនពី COVID-19 មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។
ទី១៖ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជេល ឬអាល់កុលឲ្យបានញឹកញាប់
ទី២៖ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន
ទី៣៖ កុំយកដៃទៅប៉ះភ្នែក ច្រមុះ មាត់
ទី៤៖ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
ដោយបារម្ភខ្លាចមានការរើសអើងចំពោះស្រ្តីពពោះ អង្គការសុខភាពពិភពលោក (WHO) បានផ្សព្វផ្សាយឲ្យដឹងថា ស្រ្តីទាំងអស់មានសិទ្ធិទទួលបានបទពិសោធន៍សម្រាលកូនប្រកបដោយសុវត្ថិភាព និងភាពវិជ្ជមាន ទោះបីស្រ្តីនោះមានផ្ទុក ឬគ្មានផ្ទុកវីរុស COVID-19 ក៏ដោយ ក្នុងនោះរួមមាន៖
- ទទួលបានការថែទាំដោយការគោរព និងសេចក្តីថ្លៃថ្នូរ
- ការពន្យល់ច្បាស់លាស់ដោយបុគ្គលិកផ្នែកសម្ភព
- វិធីជួយបំបាត់ការឈឺចាប់
- ការធ្វើចលនា និងទីតាំងជួយសម្រួលក្នុងការសម្រាលកូន។
ដកស្រង់ពី៖ Hello គ្រូពេទ្យ