ប៉ាម៉ាក់ត្រូវដឹង! ហេតុអ្វីបានជាកូនមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​? តើមានសញ្ញាអ្វីខ្លះ?

ទឹក​នោម​ផ្អែម​ប្រភេទ​១ គឺ​ជា​ជំងឺ​​ប៉ះពាល់​ដល់​វិធី​ដែល​រាង​កាយ​ប្រើ​ប្រាស់​ជាតិ​គ្លុយកូស។ គ្លុយកូស​​ជា​ស្ករ​មួយ​ប្រភេទ​ដែល​ជា​ប្រភព​ផ្ដល់​ថាមពល​ដល់​រាង​កាយ​របស់កូនៗយើ​ង។ រាង​កាយ​កូន​​យើង​ត្រូវ​ការ​ជាតិ​ស្ករ (គ្លុយកូស)​​ដើម្បី​ដំណើរការ។

ហេតុអ្វីបានជាកូនមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១? តើគួរដោះស្រាយបែបណា?

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​ដែល​រាង​កាយ​យើង​ដំណើរការ៖

ប៉ាម៉ាក់ឆ្ងល់ទេហេតុអ្វីបានជាកូនមាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១?

ពេល​កូន​យើង​ញ៉ាំ​អាហារ ​​ជាតិ​ស្ករ​នៅ​ក្នុង​អាហារ​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​ពួក​គេ។ លំពែង ផលិត​អ័រម៉ូន​មួយ​ប្រភេទ​ហៅ​ថា អាំងស៊ុយលីន (Insulin) ដែល​ជួយ​ដឹក​ជាតិ​ស្ករ​ចូល​ទៅ​ក្នុង​កោសិកា​របស់​រាង​កាយ។ ហេតុ​នេះ​ហើយ​ទើប​រាង​កាយ​កូន​យើង​អាច​មាន​ថាមពល​ដែល​ត្រូវ​ការ។

ប៉ុន្តែ​បើ​នរណា​ម្នាក់ ឬ​កូន​យើង​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ រាង​កាយ​កូន​យើង​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន​ទេ ឬ​ផលិត​បាន​ដែរ ប៉ុន្តែ​មាន​កម្រិត​មិន​គ្រប់គ្រាន់។ ដោយ​សារ​តែ​គ្មាន​អាំងស៊ុយលីន ជាតិ​ស្ករ​​ដែល​បាន​ពី​អាហារ​នឹង​មិន​អាច​រលាយ​ចូល​ទៅ​ក្នុង​កោសិកា​របស់​រាង​កាយ​កូន​បាន​ ហើយ​នឹង​បន្ត​កើន​ឡើង​ក្នុង​ចរន្ត​ឈាម។ ជាតិ​ស្ករ​​ច្រើន​នៅ​ក្នុង​ឈាម​ នឹង​ធ្វើ​ឲ្យ​កូន​​ធ្លាក់​ខ្លួន​ឈឺ​បើ​សិន​ជា​កូន​យើង​​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​ទេ​នោះ។

១. តើ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ មាន​អ្វី​ខ្លះ?

ពេល​ដំបូង​ៗ​ដែល​កូន​កើត​ជំងឺ​​ទឹក​នោម​ផ្អែមប្រភេទ១​ ជា​ទូទៅ​​​មាន​បញ្ហា​ដូច​ជា៖

  • នោម​ញឹក៖ព្រោះ​រាង​កាយ​ព្យាយាម​បញ្ចេញ​ចោល​ជាតិ​ស្ករ​ដែល​លើស​ក្នុង​ឈាម​ចេញ​មក​ក្រៅ​រាងកាយ​តាមរយៈ​ទឹក​នោម។
  • ស្រេក​ទឹក​ខ្លាំង៖ កូន​ញ៉ាំ​ទឹក​ច្រើន ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់​បង់​ដោយ​សារ​ការ​នោម​ញឹក។
  • ឆាប់​ឃ្លាន៖ កូន​ញ៉ាំ​ច្រើន ​ញ៉ាំ​ញឹក​ ព្រោះ​ជាតិ​ស្ករ​​ដែល​បាន​ពី​អាហារ​នឹង​មិន​អាច​រលាយ​ចូល​ទៅ​ក្នុង​កោសិកា​របស់​រាង​កាយ​កូន​បាន។
  • ស្រក​ទម្ងន់​៖ដោយ​សារ​រាង​កាយ​ចាប់​ផ្ដើម​ប្រើ​ជាតិ​ខ្លាញ់ និង​សាច់ដុំ​របស់​រាង​កាយ​ដើម្បី​បង្កើត​ថាមពល​ ដោយ​សារ​តែ​មិន​អាច​ប្រើ​ជាតិ​ស្ករ​តាម​វិធី​ធម្មតា​បាន។
  • អស់កម្លាំង៖កូន​អាច​អស់​កម្លាំង​ល្ហិតល្ហៃ ព្រោះ​រាង​កាយ​គេ​មិន​អាច​ប្រើ​ស្ករ​ធ្វើ​ជា​ថាមពល​បាន។

សញ្ញា​ផ្សេង​ទៀត​រួម​មាន៖

  • ខ្យល់​ដង្ហើម​មាន​ក្លិន​ដូច​ផ្លែឈើ
  • ស្រវាំង​ភ្នែក
  • ឈឺពោះ
  • ចង្អោរ ឬ​ក្អួត
  • សន្លប់​បាត់​ស្មារតី
  • ដក​ដង្ហើម​ញាប់ ឬ​ដក​ដង្ហើម​ធំ
T1D-3

២. តើ​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ត្រូវ​ព្យាបាល​ដូច​ម្ដេច?

ការ​ចាក់​អាំងស៊ុយលីន​គឺ​ជា​វិធី​ព្យាបាល​តែ​មួយ​គត់​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១។ ការ​ចាក់​អាំងស៊ុយលីន​នឹង​ជួយ​ជំនួស​ជាតិ​អាំងស៊ុយលីន​ដែល​រាង​កាយ​កូន​របស់​យើង​មិន​អាច​ផលិត​បាន។ ការ​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម ផែន​ការ​របប​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណគឺ​ជា​រឿង​សំខាន់​ដើម្បី​ជួយ​កូន​យើង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន។

៣. តើ​កូន​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ បាន​ដូច​ម្ដេច?

មូល​ហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​កើត​​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​​គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ទោះ​បី​ជា​កត្តា​ប្រឈម​មួយ​ចំនួន​បាន​រក​ឃើញ​ហើយ​ក៏​ដោយ។ កត្តា​ប្រឈម​ដែល​នាំ​ឲ្យ​​កើត​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​នឹង​កើន​ឡើង​ប្រសិន​បើ​រាង​កាយ​របស់​កូន​​យើង​មាន​ប្រភេទ​ហ្សែន​មួយ​ចំនួន។

យើង​​និង​កូន​ មិន​មែន​ជា​អ្នក​បង្ក​ឲ្យ​​មាន​ជំងឺ​នេះ​ទេ ហើយ​មិន​មាន​វិធី​ណា​ដែល​យើង​​អាច​ការពារ​ជំងឺ​នេះ​មិន​ឲ្យ​កើត​បាន​ដែរ។

៤. តើ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ អាច​បង្ក​ការ​ប៉ះពាល់​​ដល់​ជីវិត​កូន​របស់​យើង​ដូច​ម្ដេច?

កូន​របស់​យើង​​នឹង​នៅ​តែ​សភាព​ធម្មតា​ដូច​ក្មេង​ដទៃ​​ បើ​សិន​ជា​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ​ហើយ​កូន​របស់​យើង​នៅ​តែ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដូច​ក្មេង​ទូទៅ​ដែរ រួម​មាន៖

  • ទៅ​សាលា​រៀន
  • ហាត់​កីឡា
  • ធ្វើការ
  • រៀបការ និង​មាន​កូន​ចៅ​ទៅ​អនាគត។​

ដកស្រង់ពី៖ Hello Health Group