ប៉ាម៉ាក់ត្រូវដឹង! កូនតូចក៏អាចកើត ជំងឺទឹកនោមផ្អែមដែរ តើវាមានសញ្ញាអ្វីខ្លះ?
ទឹកនោមផ្អែមប្រភេទ១ គឺជាជំងឺប៉ះពាល់ដល់វិធីដែលរាងកាយប្រើប្រាស់ជាតិគ្លុយកូស។ គ្លុយកូសជាស្ករមួយប្រភេទដែលជាប្រភពផ្ដល់ថាមពលដល់រាងកាយរបស់កូនៗយើង។ រាងកាយកូនយើងត្រូវការជាតិស្ករ (គ្លុយកូស)ដើម្បីដំណើរការ។
ហេតុអ្វីបានជាកូនមានជំងឺទឹកនោមផ្អែមប្រភេទ១? តើគួរដោះស្រាយបែបណា?
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលរាងកាយយើងដំណើរការ៖

ពេលកូនយើងញ៉ាំអាហារ ជាតិស្ករនៅក្នុងអាហារនឹងចូលទៅក្នុងចរន្តឈាមរបស់ពួកគេ។ លំពែង ផលិតអ័រម៉ូនមួយប្រភេទហៅថា អាំងស៊ុយលីន (Insulin) ដែលជួយដឹកជាតិស្ករចូលទៅក្នុងកោសិការបស់រាងកាយ។ ហេតុនេះហើយទើបរាងកាយកូនយើងអាចមានថាមពលដែលត្រូវការ។
ប៉ុន្តែបើនរណាម្នាក់ ឬកូនយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ រាងកាយកូនយើងមិនអាចផលិតអាំងស៊ុយលីនបានទេ ឬផលិតបានដែរ ប៉ុន្តែមានកម្រិតមិនគ្រប់គ្រាន់។ ដោយសារតែគ្មានអាំងស៊ុយលីន ជាតិស្ករដែលបានពីអាហារនឹងមិនអាចរលាយចូលទៅក្នុងកោសិការបស់រាងកាយកូនបាន ហើយនឹងបន្តកើនឡើងក្នុងចរន្តឈាម។ ជាតិស្ករច្រើននៅក្នុងឈាម នឹងធ្វើឲ្យកូនធ្លាក់ខ្លួនឈឺបើសិនជាកូនយើងមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ។
១. តើសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ១ មានអ្វីខ្លះ?
ពេលដំបូងៗដែលកូនកើតជំងឺទឹកនោមផ្អែមប្រភេទ១ ជាទូទៅមានបញ្ហាដូចជា៖
- នោមញឹក៖ព្រោះរាងកាយព្យាយាមបញ្ចេញចោលជាតិស្ករដែលលើសក្នុងឈាមចេញមកក្រៅរាងកាយតាមរយៈទឹកនោម។
- ស្រេកទឹកខ្លាំង៖ កូនញ៉ាំទឹកច្រើន ដើម្បីបង្គ្រប់ជាតិទឹកដែលបាត់បង់ដោយសារការនោមញឹក។
- ឆាប់ឃ្លាន៖ កូនញ៉ាំច្រើន ញ៉ាំញឹក ព្រោះជាតិស្ករដែលបានពីអាហារនឹងមិនអាចរលាយចូលទៅក្នុងកោសិការបស់រាងកាយកូនបាន។
- ស្រកទម្ងន់៖ដោយសាររាងកាយចាប់ផ្ដើមប្រើជាតិខ្លាញ់ និងសាច់ដុំរបស់រាងកាយដើម្បីបង្កើតថាមពល ដោយសារតែមិនអាចប្រើជាតិស្ករតាមវិធីធម្មតាបាន។
- អស់កម្លាំង៖កូនអាចអស់កម្លាំងល្ហិតល្ហៃ ព្រោះរាងកាយគេមិនអាចប្រើស្ករធ្វើជាថាមពលបាន។

សញ្ញាផ្សេងទៀតរួមមាន៖
- ខ្យល់ដង្ហើមមានក្លិនដូចផ្លែឈើ
- ស្រវាំងភ្នែក
- ឈឺពោះ
- ចង្អោរ ឬក្អួត
- សន្លប់បាត់ស្មារតី
- ដកដង្ហើមញាប់ ឬដកដង្ហើមធំ
២. តើជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវព្យាបាលដូចម្ដេច?
ការចាក់អាំងស៊ុយលីនគឺជាវិធីព្យាបាលតែមួយគត់សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ ការចាក់អាំងស៊ុយលីននឹងជួយជំនួសជាតិអាំងស៊ុយលីនដែលរាងកាយកូនរបស់យើងមិនអាចផលិតបាន។ ការធ្វើតេស្តជាតិស្ករក្នុងឈាម ផែនការរបបអាហារ និងការធ្វើលំហាត់ប្រាណគឺជារឿងសំខាន់ដើម្បីជួយកូនយើងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។
៣. តើកូនយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ បានដូចម្ដេច?
មូលហេតុពិតប្រាកដដែលនាំឲ្យកើតមានជំងឺទឹកនោមផ្អែមប្រភេទ១គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ទោះបីជាកត្តាប្រឈមមួយចំនួនបានរកឃើញហើយក៏ដោយ។ កត្តាប្រឈមដែលនាំឲ្យកើតជាជំងឺទឹកនោមផ្អែមប្រភេទ១ អាចនឹងកើនឡើងប្រសិនបើរាងកាយរបស់កូនយើងមានប្រភេទហ្សែនមួយចំនួន។
យើងនិងកូន មិនមែនជាអ្នកបង្កឲ្យមានជំងឺនេះទេ ហើយមិនមានវិធីណាដែលយើងអាចការពារជំងឺនេះមិនឲ្យកើតបានដែរ។

៤. តើជំងឺទឹកនោមផ្អែមប្រភេទ១ អាចបង្កការប៉ះពាល់ដល់ជីវិតកូនរបស់យើងដូចម្ដេច?
កូនរបស់យើងនឹងនៅតែសភាពធម្មតាដូចក្មេងដទៃ បើសិនជាទទួលបានការព្យាបាលត្រឹមត្រូវ ហើយកូនរបស់យើងនៅតែអាចធ្វើអ្វីគ្រប់យ៉ាងដូចក្មេងទូទៅដែរ រួមមាន៖
- ទៅសាលារៀន
- ហាត់កីឡា
- ធ្វើការ
- រៀបការ និងមានកូនចៅទៅអនាគត។
ដកស្រង់ពី៖ Hello Health Group