ម៉ាក់ៗត្រូវប្រុងប្រយ័ត្ន! តើកូនហើមពោះមកពីអី? តើការលាបប្រេងកូឡាឪ្យកូនជាឬទេ?
ក្មេងតូចជួបអាការៈហើមពោះញឹកញាប់ ដែលនេះជាក្តីកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប ហើយដើម្បីដោះស្រាយបញ្ហានេះ ម៉ាក់ប៉ាតែងយកប្រេងកូឡាមកលាបរឹតពោះឲ្យកូន។
តើទារកហើមពោះមកពីមូលហេតុអី? តើការលាបប្រេងកូឡាអាចព្យាបាលអាការៈហើមពោះបានទេ?
ទារកបញ្ចេញខ្យល់ ឬផោមជាញឹកញាប់ជារឿងធម្មតានោះទេ តែបើហើមពោះញឹកញាប់នោះទើបគួរឲ្យបារម្ភ។

ក្មេងហើមពោះអាចបណ្តាលមកពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន ឯករណីមួយទៀត អាចមកពីរបបអាហាររបស់ម្តាយ ដែលញ៉ាំអាហារផ្អាប់ ជូរ ផ្អូម បន្លែឆៅ ផឹកថ្នាំខ្មែរឬស្រាត្រាំ ហើយ បំបៅដោះកូន។ ចំពោះកូនធំ អាចញ៉ាំអាហារបាន មកពីការអាលែកហ្ស៊ីនឹងសារធាតុណាមួយ ឬក៏ញ៉ាំបន្លែឆៅ។
ការព្យាបាលអាការៈហើមពោះទៅតាមមូលហេតុជាក់ស្តែង បើមកពីចំណីអាហារម្តាយ យើងត្រូវផ្លាស់ប្តូរ របបអាហារបើមកពីផឹកថ្នាំខ្មែរ ម្តាយត្រូវបញ្ឈប់ភ្លាម។ ចំពោះការព្យាបាលវិញ គ្រូពេទ្យឯកទេសកុមាររូបនេះថា គ្រូពេទ្យអាចឲ្យប្រើថ្នាំមួយចំនួន ដើម្បីឲ្យដើរខ្យល់ស្រួល ហើយព្យាបាលឫសគល់ តើកូនហើមពោះមកពីអ្វីឲ្យប្រាកដ។

ចំពោះការលាបប្រេងកូឡាវិញ មិនមានការសិក្សាបញ្ជាក់ថា អាចបំបាត់អាការៈហើម ឆ្អល់ពោះនោះទេ។ ការលាបប្រេងកូឡាឲ្យកូនក្មេងអាយុក្រោម ២ឆ្នាំ មិនត្រឹមតែគ្មានបានប្រយោជន៍នោះទេ ថែមទាំងប៉ះពាល់សុខភាពក្មេងទៀត។
ផលប៉ះពាល់នៃការលាបប្រេងកូឡាឲ្យក្មេងអាយុក្រោម ២ឆ្នាំ មាន
- ពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវដង្ហើម ធ្វើឲ្យក្មេងពុល
- ប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យក្មេងអាប់ប្រាជ្ញា
- ទី៣ ធ្វើឲ្យក្មេងមានបញ្ហាស្បែក។
ដកស្រង់ពី៖ Hello Krupet