ជួបអាការៈ​ក្អក​ស្ងួត​ពេលពពោះ! តើបណ្ដាល​មក​ពី​អ្វី? តើម៉ាក់ៗគួរដោះស្រាយ​បែប​ណា​?​​​​​​​​

ជា​ទូ​ទៅ​ ​អាការៈ​ក្អក​ស្ងួត​ អំឡុង​ពេល​មាន​គភ៌​បណ្ដាលឲ្យយើង​​​ពិបាក​ដកដង្ហើម​ ហើយ​អាច​ឈាន​ដល់​​ស្ថានភាព​គ្រោះថ្នាក់​ដទៃ​ទៀត​ដូចជា​គ្រុន​ក្ដៅ​ជា​ដើម​។​ ក្រៅ​ពី​រំខាន​ដល់​ដំណេក​ និង​កិច្ចការ​ប្រចាំថ្ងៃ​ អាការៈ​ក្អក​ស្ងួត​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ទៀត​ ប្រសិនបើ​យើង​មិន​អើពើ។​ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ខ្សោយ​ទៅ​ៗ​ អំឡុង​ពេល​ពពោះ​ ​ម៉ាក់​ៗ​គប្បី​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ពី​មូលហេតុ​បង្ក​អាការៈ​ក្អក​ស្ងួត​ និង​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

ហេតុអ្វី​ស្ត្រី​ពពោះ​ងាយ​ប្រឈម​នឹង​ការ​ក្អក​ស្ងួត​​?

​​​​​​​ស្ត្រី​ពពោះ​ងាយ​​ប្រឈម​នឹង​ការ​ក្អក​ដោយ​សារ​តែ​មូលហេតុ​​ផ្សេង​ៗ​ ហើយ​ការ​កើន​ឡើង​នៃ​​កម្រិត​អ័រម៉ូន​Oestrogen គឺ​ជា​កត្តា​ចម្បង​មួយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ចុះ​ខ្សោយ​ នៅ​អំឡុង​ពេល​​មាន​គភ៌​ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ធម្មជាតិ​របស់​រាងកាយ​ខ្សោយ​ នឹង​​ងាយ​កើត​អាលែកហ្ស៊ី​ ​និង​ក្អក​។

15 Efficient Indian Home Remedies for Cold during Pregnancy

មូលហេតុ​នៃ​អាការៈ​ក្អក​ស្ងួត​កើត​​ចំពោះ​ស្ត្រី​ពពោះ​?

មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​ក្អក​ស្ងួត​ មូលហេតុ​សំខាន់​ៗ​ទាំង​នេះ​រួម​មាន​៖

  • អាលែកហ្ស៊ី​៖ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ចុះ​ខ្សោយ​ ម៉ាក់​ៗ​នឹង​​ងាយ​ប្រឈម​នឹង​​បញ្ហា​អាលែកហ្ស៊ី។​ មេរោគ​អាច​ចូល​ទៅ​ក្នុង​រាងកាយ​តាម​រយៈ​ច្រមុះ​ ឬ​មាត់​ ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម​ ឬ​ក្អក​ស្ងួត​។
  • ជំងឺ​ហឺត​៖ ប្រសិនបើ​ម៉ាក់​ៗ​មាន​​ជំងឺ​ហឺត​ ​គឺ​ងាយ​នឹង​កើត​មាន​អាការៈ​ក្អក​ស្ងួត​នៅ​អំឡុង​ពេល​មាន​គភ៌​ណាស់​។
  • ជំងឺ​រលាក​ច្រមុះ​ ៖ ជំងឺ​​ពាក់ព័ន្ធ​នឹង​​ការ​មាន​គភ៌​ ដូចជា​​ជំងឺ​រលាក​ច្រមុះ​អាច​បណ្ដាល​ឲ្យ​ហើម​ភ្នាស​រម្អិល​ ដែល​អាច​បង្ក​ឲ្យ​កើត​មាន​អាការៈ​ក្អក​ស្ងួត​។
  • ប្រព័ន្ធ​ភាព​ស៊ាំ​ទាប​៖ អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​គភ៌​ងាយ​កើត​អាលែកហ្ស៊ី​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូច​នេះ​ហើយ​ទើប​នាំ​ឲ្យ​កើត​មាន​អាការៈ​ក្អក​ស្ងួត​។
  • ក្រហាយ​ទ្រូង​៖ ការ​ចាល់​អាស៊ីដ​ ឬ​ក្រហាយ​ទ្រូង​ គឺ​ជា​​អាការៈ​ដែល​កើត​មាន​ជា​ទូទៅ​នៅ​អំឡុង​ពេល​មាន​គភ៌​។​ កត្តា​នេះ​ក៏​អាច​រួម​ចំណែក​ដល់​ការ​ក្អក​ស្ងួត​ផង​ដែរ​។

រោគ​សញ្ញា​នៃ​ការ​ក្អក​ស្ងួត​

មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​នឹង​លេច​ឡើង​ នៅ​ពេល​ដែល​ម៉ាក់​ៗ​​មាន​អាការៈ​ក្អក​ស្ងួត​។

  • ពិបាក​ដក​ដង្ហើម​ និង​តឹង​ច្រមុះ​
  • ក្អួត​ចង្អោរ​
  • គេង​មិន​លក់​ និង​ពិបាក​ក្នុង​ការ​គេង​
How to get rid of cold and cough naturally during pregnancy

វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ក្អក​ស្ងួត​ អំឡុង​ពេល​មាន​គភ៌​

ម៉ាក់​ៗ​​គប្បី​បញ្ចូល​របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ។​ ពិត​ណាស់​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ក៏​ជួយ​បង្កើន​ភាព​ស៊ាំ​ ព្រម​ទាំង​កាត់បន្ថយ​អាការៈ​ក្អក​ស្ងួត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ លើស​ពី​នេះ​ ​ស្ត្រី​ពពោះ​​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ញ៉ាំ​ប្រភេទ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ឃីវី​ ប៉េងប៉ោះ​ ក្រូច​ ឬ​ទំពាំងបាយជូរ​ជា​ដើម។​ ​

បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​​ខាង​ក្រោម​នេះ៖

  • គេង​ឲ្យ​បាន​គ្រប់គ្រាន់​
  • ញ៉ាំ​ទឹក​ក្រូច​ស្រស់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
  • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ
  • ញ៉ាំ​ទឹក​ស៊ុប តែ​ក្ដៅ​ឧណ្ហ​ៗ​
  • ហាត់ប្រាណ​ជា​ទៀងទាត់​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
  • ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ក្តៅ​ឧណ្ហ​ៗ

ដកស្រង់ពី៖ Hello Health Group