ប្រយ័ត្នគ្រោះថ្នាក់! ស្ត្រីពពោះ ៤ ប្រភេទនេះភាគច្រើនសុទ្ធតែអាចសម្រាលមុនខែ
កូនកើតមុនខែ ឬការសម្រាលកូនមុនកំណត់ សំដៅទៅលើការសម្រាលកូននៅមុនរយៈពេល ៣៧ សប្តាហ៍នៃការពពោះ។ ម៉ាក់ៗដែលសម្រាលកូនមុនខែ អាចគ្រោះថ្នាក់ទាំងម្តាយទាំងកូន ដោយកូនអាចស្លាប់ ឬកូនកើតមកខ្សោយ មានបញ្ហាប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយ អាហារ ងាយឆ្លងមេរោគ ស្លេកស្លាំង ខាន់លឿង ខួរក្បាលមិនសូវលូតលាស់ ឯម្តាយវិញអាចប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែពេលពពោះលើកក្រោយៗទៀត និងមានបញ្ហាផ្លូវចិត្ត។
តើមានម៉ាក់ប្រភេទណាខ្លះ ដែលអាចកើតមុនខែ?
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយដែលងាយសម្រាលមុនខែណាស់៖
១. អ្នកម្តាយដែលធ្វើការនឿយហត់ខ្លាំង ងាយប្រឈមមុខនឹងការកើតមុនខែខ្លាំងណាស់ ព្រោះពេលដែលអ្នកម្តាយបញ្ចេញកម្លាំងខ្លាំង នឹងធ្វើឲ្យប៉ះពាល់ដល់ស្បូន។ ជាហេតុដែលធ្វើឲ្យស្បូនបើកមុនថ្ងៃ ហើយកូនចេញមកមុនថ្ងៃកំណត់។ ដូចនេះ មិនថាអ្នកម្តាយហាត់ប្រាណ ឬធ្វើការងារផ្ទះទេ គឺមិនត្រូវនឿយហត់ខ្លាំងឡើយ។
២. អ្នកម្តាយដែលមិនឡើងទម្ងន់ក្នុងពេលពរពោះកូនក្នុងផ្ទៃ ក៏ងាយប្រឈមមុខនឹងការសម្រាលមុនខែដែរ ព្រោះរាងកាយខ្វះសារធាតុចិញ្ចឹម។ ដូចនេះ អ្នកម្តាយគួរតែត្រៀមទុកជាមុន ទើបមិនគ្រោះថ្នាក់។
៣. អ្នកម្តាយដែលមានទម្លាប់ដើរហាត់ប្រាណ កូនក៏អាចចេញមកមុនពេលកំណត់ដែរ។ ចំពោះអ្នកម្តាយដែលមិនសូវដើរហាត់ប្រាណ ដោយនៅក្នុងតែផ្ទះ អាចកើតក្នុងពេលកំណើត ឬក្រោយពេលកំណត់។
៤. កូនក្នុងពោះធំពេក ក៏ធ្វើឲ្យអ្នកម្តាយអាចកើតមុនពេលកំណត់ដែរ ព្រោះកូនលូតលាស់ខ្លាំងពេក។ ដូចនេះ អ្នកម្តាយគួរតែត្រៀមចិត្ត ត្រៀមកាយ ត្រៀមរបស់ឲ្យគ្រប់ ទើបមិនស្លន់ក្នុងពេលសម្រាល៕
ដកស្រង់ពី៖ Health.com