ខែក្តៅមកដល់ហើយ! កូនតូចងាយរលាកទងសួតណាស់ ម៉ាក់ៗត្រូវដឹងរោគសញ្ញានិងវិធីការពារទាំងនេះ
ជាទូទៅកូនក្មេងមានប្រព័ន្ធភាពស៊ាំខ្សោយ សួតក៏នៅខ្ចី ហើយត្រូវអាកាសធាតុក្តៅស្អុះស្អាប់ ធូលីក៏សម្បូរទៀតនោះ ងាយនឹងមានជំងឺផ្លូវដង្ហើម រលាកទងសួត។ អូនតូចៗដែលឧស្សាហ៍រលាកទងសួត ហើយព្យាបាលមិនទាន់ពេល ឬមិនបានត្រឹមត្រូវ អាចប្រឈមនឹងជំងឺហឺត។
តើជំងឺរលាកទងសួតមានរោគសញ្ញា ព្រមទាំងព្យាបាលដូចម្តេចខ្លះ?
ខាងក្រោមនេះយើងនឹងបង្ហាញអំពីរោគសញ្ញា គន្លឹះព្យាបាល និង វិធីបង្ការដូចខាងក្រោម៖

១. រោគសញ្ញាជំងឺរលាកទងសួត
ជំងឺរលាកទងសួតបណ្តាលមកពីពពួកវីរុសភាគច្រើន គឺបណ្តាលមកពី (Syncytial Virus) ក្មេងរលាកទងសួត ចេញរោគសញ្ញាដំបូងដូចគ្នានឹងជំងឺផ្តាសាយដែរ គឺក្តៅខ្លួន ក្អក ហៀរសំបោរ រញ៉ាំរញ៉ូវ អាចឲ្យម៉ាក់ប៉ាគិតថា កូនមានជំងឺផ្តាសាយធម្មតា។ ប៉ុន្តែ ២-៣ ថ្ងៃក្រោយមក អូនតូចនឹងលេចចេញនូវសញ្ញាផ្សេងៗទៀតដូចជា៖
- ហត់ ពិបាកដកដង្ហើម
- ដកដង្ហើមញាប់ខុសធម្មតា
- ដកដង្ហើមមានឮសំឡេង
- ឈឺទ្រូង
- មិនចង់បៅ ឬញ៉ាំចំណីអាហារ
- ក្អកខ្លាំង មានស្លេស្ម
- ស្វាយខ្លួន (ក្មេងខ្លះ)។
២. វិធីព្យាបាលរលាកទងសួត
បើកូនមានរោគសញ្ញាដូចរៀបរាប់ខាងលើនេះ ច្បាស់មានរលាកទងសួតហើយ ម៉ាក់ប៉ាត្រូវប្រញាប់នាំអាអូនមកជួបគ្រូពេទ្យ។ ភ្លាមៗយើងមិនត្រូវឲ្យកូនញ៉ាំថ្នាំអីផ្តេសផ្តាសទេ គឺអាចជួយផ្ហូវដង្ហើមអាអូនដោយលាងច្រមុះ ឬឆ្ពង់ជាមួយសេរ៉ូមប្រៃ ឲ្យកូនញ៉ាំទឹកគ្រប់គ្រាន់ និងប្រើថ្នាំបញ្ចុះកម្តៅកូន ប្រសិនបើក្តៅខ្លួនលើស ៣៨ អង្សារសេ ។

៣. វិធីការបង្ការជំងឺរលាកទងសួត
ថ្វីត្បិតតែរលាកទងសួតជាជំងឺឆ្លងស្រួចស្រាល់ កើតមានញឹកញាប់លើកុមារតូចៗ តែម៉ាក់ប៉ាអាចបង្ការកូនតូចពីជំងឺនេះបាន។
- ត្រូវមានអនាម័យ
- មិនត្រូវទុកកូននៅកន្លែងមិនស្អាត បរិយាកាសអាប់អួរ
- ឲ្យកូននៅឲ្យឆ្ងាយពីផ្សែងបារី។
ដកស្រង់ពី៖ Hello Health Group