ជំនឿទាំង ៧ ផ្សេងៗគ្នាលើការសម្រាលកូនដោយវះកាត់ ប៉ុន្តែវាជារឿងមិនពិតទាល់តែសោះ
ជាទូទៅ មានមូលហេតុជាច្រើនដែលជំរុញឲ្យម៉ាក់ៗត្រូវសម្រាលកូនដោយការវះកាត់ ក្នុងនោះរួមមានផលវិបាកនៃជំងឺ ទីតាំងទារកខុសធម្មតា ឬចង្វាក់បេះដូងទារកនៅក្នុងស្បូនមិនប្រក្រតីជាដើម។
យ៉ាងណាមិញ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនម៉ាក់ៗដែលសម្រាលកូនដោយវះកាត់ មានការកើនឡើង គួរឲ្យកត់សម្គាល់។ ជាមួយនឹងការកើនឡើងនៃចំនួនដ៏ខ្ពស់នេះ ម៉ាក់ៗមួយចំនួននៅតែមានការយល់ច្រឡំពាក់ព័ន្ធនឹងការសម្រាលកូនដោយការវះកាត់។
តើមានជំនឿអ្វីខ្លះលើការសម្រាលកូនដោយវះកាត់? ចំពោក្រោយពីអានហើយយល់យ៉ាងដែរ?
ការយល់ច្រឡំ ឬជំនឿទាំងនេះ នឹងត្រូវបានបកស្រាយដូចខាងក្រោម៖
១. ការជាសះស្បើយមានភាពយឺតយ៉ាវ
ម៉ាក់ៗតែងជឿថា ការសម្រាលកូនដោយវះកាត់ ត្រូវការពេលវេលាយូរក្នុងការជាសះស្បើយ។ ប៉ុន្តែ តាមពិតទៅ ការឈឺចាប់នៃការសម្រាលតាមវិធីនេះ មិនមានរយៈពេលយូរប៉ុន្មានទេ។ ម៉ាក់ៗអាចក្រោកឈរបាន នៅក្នុងរយៈពេល៣ថ្ងៃ។ រីឯការសម្រាលតាមបែបធម្មជាតិ ក៏ត្រូវកាត់ផ្នែកចន្លោះទ្វារធំ និងរន្ធយោនី(Perineum)ដែរ ដែលត្រូវការពេលប្រហែលមួយសប្ដាហ៍ ក្នុងការជាសះស្បើយ។ ដូច្នេះហើយ ការឈឺចាប់ក្រោយពេលសម្រាល គឺពុំមានភាពខុសគ្នាឡើយ មិនថាយើងសម្រាលកូនដោយវះកាត់ ឬតាមធម្មជាតិនោះទេ។
២. បើសម្រាលកូនដោយវះកាត់ម្ដង គឺត្រូវសម្រាលតាមវិធីនេះជានិច្ច
ជំនឿនេះ គឺមិនពិតទាល់តែសោះ។ ប្រសិនបើលក្ខខណ្ឌអំណោយផល ហើយពុំមានផលវិបាកអ្វីមួយកើតឡើង យើងអាចសម្រាលកូនតាមធម្មជាតិបាន បើទោះបីជាយើងសម្រាលដំបូងដោយវះកាត់ក៏ដោយ។
៣. ការប្រើថ្នាំស្ពឹកនៅឆ្អឹងខ្នង នឹងបណ្ដាលឲ្យឈឺខ្នងនៅថ្ងៃក្រោយ
ម៉ាក់ៗជាច្រើន តែងតែយល់ថា ជំនឿនេះគឺជាការពិត ប៉ុន្តែវាមិនដូច្នោះទេ។ ជាក់ស្ដែង ការប្រើម្ជុលចាក់នៅឆ្អឹងខ្នង គឺមិនមានផលប៉ះពាល់នោះទេ ហើយវាក៏ពុំមានរបួសដែលបន្សល់ទុកនៅពេលក្រោយដែរ។ ហេតុនេះហើយ អាការៈឈឺខ្នងដែលកើតឡើងបន្ទាប់ពីសម្រាលកូន ទោះបីជាសម្រាលដោយវះកាត់ ឬសម្រាលតាមធម្មជាតិ គឺអាចកើតឡើង ប្រសិនបើយើងមានឥរិយាបថមិនល្អ។
៤. ក្រោយសម្រាលកូនដោយវះកាត់ មិនអាចបំបៅដោះកូនភ្លាមៗទេ
ជំនឿនេះគឺមិនពិតនោះទេ។ ម៉ាក់ៗអាចចាប់ផ្ដើមបំបៅដោះកូនភ្លាមៗ បន្ទាប់ពីសម្រាលកូនដោយវះកាត់រួច។
៥. ធ្លាក់ឈាមតិចតួច ក្រោយសម្រាលកូនដោយវះកាត់
ពិតណាស់ មិនថាយើងសម្រាលកូនដោយវះកាត់ ឬតាមធម្មជាតិនោះទេ វាមិនមានផលប៉ះពាល់ដល់ការធ្លាក់ឈាមក្រោយសម្រាលកូនឡើយ។
៦. ស្រងូតស្រងាត់ក្រោយសម្រាលកូនដោយវះកាត់
ជំនឿនេះ គឺមិនពិតនោះទេ។ បម្រែបម្រួលអ័រម៉ូនកើតឡើងចំពោះការសម្រាលកូនដោយវះកាត់ គឺដូចគ្នាទៅនឹងការសម្រាលកូនតាមធម្មជាតិ។ ដូច្នេះហើយ បន្ទាប់ពីសម្រាលកូនដោយវះកាត់ យើងក៏អាចមានអារម្មណ៍ស្រងូតស្រងាត់ដូចគ្នាដែរ។
៧. ហាមធ្វើចលនាបន្ទាប់ពីសម្រាលកូនដោយវះកាត់
ជាទូទៅ យើងអាចបន្តទម្លាប់ប្រចាំថ្ងៃរបស់យើងវិញបាន នៅពេលដែលយើងមានអារម្មណ៍ធូរស្រាលឡើងវិញ។ សកម្មភាពប្រចាំថ្ងៃ ក៏អាចបន្តវិញបាន នៅក្នុងពេលដ៏ខ្លី។ ប៉ុន្តែការហាត់ប្រាណ គឺត្រូវរង់ចាំយ៉ាងហោចណាស់ រយៈពេល៣ខែសិន បន្ទាប់ពីសម្រាលកូនដោយវះកាត់។
👉👉👉 សម្រាប់អ្នកម៉ាក់ យល់យ៉ាងណាដែរ? តោះចូលរួមផ្តល់មតិយោបល់ទាំងអស់គ្នា!
ដកស្រង់ពី៖ Hello Health Group