មេត្តាប្រុងប្រយ័ត្ន! អ្នកម៉ាក់បើមានសញ្ញាទាំងនេះ កូនក្នុងផ្ទៃគំរាម ឬកំពុងរលូតហើយ
រឿងដែលស្រីៗពពោះត្រូវប្រយ័ត្ននោះ គឺការរលូតកូនដែលភាគច្រើនជួបប្រទះនៅត្រីមាសទី១ នៃការពពោះ។ ចំពោះមូលហេតុសំខាន់បណ្ដាលឲ្យកូនរលូត មកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម ស្បូនមានបញ្ហា ម៉ាក់ៗមានកូនភ្លោះ ឬកូនពង ការពពោះនៅអាយុច្រើនពេក ឬក្មេងពេក និងការធ្វើសកម្មភាពមួយចំនួនដែលប៉ះពាល់គភ៌ជាដើម។
តើមានសញ្ញាអ្វីខ្លះកូនក្នុងផ្ទៃគំរាម ឬកំពុងរលូត?
សញ្ញាមួយចំនួនដែលបញ្ជាក់ថា កូនក្នុងផ្ទៃគំរាមរលូត ឬកំពុងរលូតមានដូចជា៖
១. សញ្ញាគំរាមរលូតកូន
- ធ្លាក់ឈាមតិច ឬច្រើន
- ឈឺពោះតិច ឬខ្លាំង
- ស្បូនកន្ទ្រាក់។
២. សញ្ញាកំពុងរលូតកូន
- ធ្លាក់ឈាមខ្លាំង
- ឈឺពោះខ្លាំង និងញឹកញាប់
- ស្បូនកន្ទ្រាក់ខ្លាំង។
ដើម្បីបង្ការការរលូតកូនដោយប្រការណាមួយនោះ ម៉ាក់ៗចាំបាច់ត្រូវតែរក្សាសុខភាពឲ្យបានល្អ ទាំងមុន និងអំឡុងពេលពពោះ ចៀសឲ្យបាននូវចំណុចមួយចំនួនខាងក្រោមនេះ៖
- កុំជក់បារី និងផឹកស្រា
- មិនត្រូវលើករបស់ធ្ងន់ ឬឈោងយករបស់ខ្ពស់ហួសពីដៃ
- មិនត្រូវពពោះនៅអាយុច្រើនពេក ឬក្មេងពេក
- មិនត្រូវធ្វើដំណើរឆ្ងាយ
- ហាមប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា។
ដកស្រង់ពី៖ Hello Health Group