រមាស់ស្បែកពេលពពោះ! អ្នកម៉ាក់អាចសាកដោះស្រាយតាមវិធីល្អៗទាំងនេះ
អាការៈរមាស់ស្បែកតិចតួច ដែលកើតឡើងនៅអំឡុងពេលមានគភ៌ គឺជារឿងធម្មតាប៉ុណ្ណោះ ហើយប្រហែលជា២០%នៃស្ត្រីមានគភ៌ជួបប្រទះបញ្ហាមួយនេះ។ ជាទូទៅ ស្ត្រីមានផ្ទៃពោះ អាចមានអារម្មណ៍រមាស់ត្រង់បរិវេណពោះ និងសុដន់ ដោយសារតែស្បែកចាប់ផ្ដើមយឺត ដើម្បីសម្រួលដល់ការកើនឡើងនៃទំហំពោះ។
តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីព្យាបាលរមាស់ស្បែកពេលពពោះ?
ខាងក្រោមនេះ អ្នកម៉ាក់នឹងបានស្វែងយល់បន្ថែមអំពីមូលហេតុដែលធ្វើឪ្យរមាស់ស្បែក និងដំណោះស្រាយល្អៗដូចជា៖

១. គន្លឹះក្នុងការកាត់បន្ថយអាការៈរមាស់ នៅអំឡុងពេលមានគភ៌
ការអេះរមាស់ កាន់តែធ្វើឲ្យស្បែករលាក ព្រមទាំងបង្កើនហានិភ័យនៃការឆ្លងមេរោគស្បែកថែមទៀតផង។ ប្រសិនបើមានអាការៈរមាស់ស្បែក ដោយសារតែស្បែកស្ងួត យឺត វិធីសាស្ត្រទាំងនេះអាចជួយកាត់បន្ថយបញ្ហារបស់ម៉ាក់ៗបាន។
- ស្អំទឹកកក៖ ចូរស្អំទឹកកក ឬកំណាត់សើមដែលត្រជាក់នៅបរិវេណរមាស់ចំនួន១០នាទី ឬរហូតដល់អាការៈរមាស់បានធូរស្បើយ។
- ផ្ដល់សំណើម៖ ចូរជ្រើសរើសប្រភេទឡេ ឬគ្រីមដែលមិនមានក្លិនក្រអូប (fragrance-free ) ដោយលាបវាបន្ទាប់ពីងូតទឹករួច និងរក្សាទុកឡេទាំងនោះនៅក្នុងទូរទឹកកក ដើម្បីឲ្យស្បែកមានភាពត្រជាក់ល្អ នៅពេលផ្ដល់សំណើម។

២.តិចនិកការពារស្បែកពីបញ្ហារមាស់ អំឡុងពេលមានគភ៌
ជាក់ស្ដែង យើងមិនអាចការពារបញ្ហារមាស់ស្បែកបានទាំងស្រុងឡើយ ប៉ុន្តែតិចនិកទាំងនេះ អាចជួយកាត់បន្ថយអាការៈរមាស់ស្បែកបានមួយចំណែកដែរ។
- ងូតទឹកក្ដៅឧណ្ហៗ
- ជៀសវាងត្រូវពន្លឺថ្ងៃក្ដៅខ្លាំង
- ជ្រើសរើសសំលៀកបំពាក់បែបរលុងៗ
- កាត់បន្ថយស្ត្រេសឲ្យនៅកម្រិតទាប។
ដកស្រង់ពី៖ Hello Health Group