ពពោះមិនមែនងាយស្រួលទេ! ធ្វើជាប្តីល្អ និងប៉ាល្អ គួរតែធ្វើរឿងទាំងនេះពេលប្រពន្ធពពោះ និងសម្រាល
ជាស្វាមីល្អ បងប្អូនបុរសៗគួរតែមានការស្វែងយល់ និងដឹងពីចិត្តភរិយាអំឡុងពេលពពោះ និងបន្ទាប់ពីសម្រាល ព្រោះនេះជារឿងសំខាន់បំផុត។
តើដើម្បីជាប្តីល្អ និងប៉ាល្អគួរតែធ្វើរឿងអ្វីខ្លះ?
ដូចនេះយើងជាស្វាមី និងប៉ាល្អម្នាក់គួរដឹងរឿង ៦ យ៉ាងខាងក្រោម៖
១. អំឡុងពេលពពោះ
- កិច្ចការផ្ទះ៖ ស្វាមីល្អត្រូវដឹងពីទុក្ខធុរៈដ៏លំបាកនេះរបស់ប្រពន្ធ ព្រោះនាងកំពុងតែពពោះ ដូចនេះកិច្ចការលាងដុសបន្ទប់ទឹក ឬបោកគក់មិនល្អសម្រាប់អ្នកមានពោះពុងឡើយ។ មួយវិញទៀត ការជួយសម្រួលការងារអស់ទាំងនេះ ធ្វើឲ្យប្រពន្ធមានអារម្មណ៍ល្អ និងមានពេលសម្រាកបានគ្រប់គ្រាន់ ហើយពេលម៉ាក់ៗមានសុខភាពល្អ កូនក្នុងពោះក៏ល្អដូចគ្នា។
- កុំត្អូញពីម្ហូប៖ មនុស្សស្រីពពោះខ្លះ ចាញ់កូនធុំក្លិនផ្សែង ឬក្លិនខ្ទឹមមិនបានផង ដូចនេះម្ហូបខ្លះក៏ធ្វើបាន ខ្លះក៏ធ្វើមិនបាន។ ដូចនេះបើប្រពន្ធធ្វើឲ្យញ៉ាំហើយ រសជាតិឆ្ងាញ់មិនសូវឆ្ងាញ់កុំរអ៊ូរទាំ ព្រោះអាចបំផ្លាញទឹកចិត្តភរិយាបាន ហើយបើអាហារខ្លះដែលពិបាកចម្អិន គួរបបួលម៉ាក់ៗទៅញ៉ាំខាងក្រៅទៅ។
- ដើរផ្សារ៖ អំឡុងពេលពពោះម៉ាក់ៗ និងកូនក្នុងផ្ទៃមានតម្រូវការច្រើន ដូចនេះកុំបណ្ដោយឲ្យគាត់ដើរម្នាក់ឯង។ ស្វាមីល្អ ត្រូវកំដរម៉ាក់ៗដើររកទិញសម្ភារៈ និងកាន់អីវ៉ាន់ជំនួសព្រោះមានរបស់ខ្លះធ្ងន់ ដែលកម្លាំងស្ត្រីមិនដល់។
២- ក្រោយសម្រាល
- បោកគក់៖ នេះក៏នៅតែជារឿងសំខាន់ដែលប៉ាៗល្អ គួរធ្វើជំនួសម៉ាក់ៗ ដោយសារតែស្ត្រីជាប់រវល់មើលថែ និងបំបៅកូន។ ម្យ៉ាងការងារធ្ងន់បែបនេះ មិនសមនឹងអ្នកទើបសម្រាលកូនឡើយ។
- ជួយមើលកូន៖ ម៉ាក់ៗបន្ទាប់ពីសម្រាលកូន អត់ងងុយច្រើនមើលថែកូនទាំងយប់ថ្ងៃ ហើយបើកូនបៅទឹកដោះគោទៀតរឹតតែមានពេលគេងតិច។
- ធ្វើម្ហូប៖ ប្រសិនបើអ្នកមិននៅតែពីរនាក់ប្ដីប្រពន្ធ គួរតែដឹងពីសុខទុក្ខនេះ ព្រោះការធ្វើម្ហូបត្រូវចំណាយពេលច្រើន។ តែបើប៉ាៗមិនចេះ អាចរៀបបន្លែបន្លុកឲ្យរួចរាល់ ដើម្បីឲ្យម៉ាក់ៗមកឆ្លៀតដកឃ្លាមកចម្អិនមួយភ្លែត។
- លាងដុសសម្ភារៈផ្សេងៗ៖ ប្រសិនបើកូនបៅទឹកដោះគោ ត្រូវជួយលាងដប និងស្រុះទឹកក្ដៅឲ្យបានត្រឹមត្រូវ មិនតែប៉ុណ្ណោះចានឆ្នាំង កែវ រៀបចំផ្ទះសម្បែង ក៏គួរតែជួយទុកដាក់ជំនួសប្រពន្ធដែរ។
ដកស្រង់ពី៖ Hello Health Group