ប៉ាម៉ាក់ធ្វើរឿង ៤ នេះអាចប៉ះពាល់ដល់អារម្មណ៍កូនៗធ្ងន់ធ្ងរណាស់
ជឿថាម៉ាក់ប៉ាសម័យថ្មីនេះ យល់ដឹងច្រើនថា ក្មេងក៏អាចកើតមានបញ្ហាផ្លូវអារម្មណ៍ដូចចាស់ៗដែរព្រោះ ក្មេងៗភាគច្រើន ឆាប់ទទួលរងឥទ្ធិពលផ្នែកអារម្មណ៍ណាស់ ឆាប់ខឹង ឆាប់យំ ហើយក៏ឆាប់សប្បាយដែរ។ ពេលខ្លះ អារម្មណ៍ទាំងនោះអាចបណ្ដាលមកពីទង្វើដែលម៉ាក់ប៉ាធ្វើមួយពេល ដែលអាចប៉ះពាល់ដល់អារម្មណ៍កូនបានដោយមិនដឹងខ្លួន។
តើមានអ្វីខ្លះដែលបណ្តាលឪ្យប៉ះពាល់ដល់អារម្មណ៍កូន?
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញ ៤ ចំណុចសម្រាប់អ្នកប៉ាម៉ាក់ត្រូវដឹង៖
១.ម៉ាក់ប៉ាឈ្លោះគ្នា
រាល់ពេលដែលម៉ាក់ប៉ាឈ្លោះគ្នាម្តងៗ កុំគិតថា កូនតូចៗមិនដឹងអី។ ក្មេងតូចៗភាគច្រើន ឲ្យតែពេលឃើញ ម៉ាក់ប៉ាស្រែកគំហកដាក់គ្នា មានពេលខ្លះឃើញមានប្រើហិង្សា ទោះកូនស្ដាប់មិនយល់ ក៏ដឹងពីបរិយាកាសជុំវិញខ្លួនដែរ។ ការឈ្លោះគ្នារបស់ម៉ាក់ប៉ា អាចធ្វើឲ្យកូនខ្លាច ព្រួយបារម្ភ ហើយអាចឲ្យកូនគិតថា នៅក្នុងក្រុមគ្រួសារបាត់បង់ភាពកក់ក្តៅ។
២. គ្មានពេលសម្រាប់កូន
ការទទួលបានការថែទាំពីម៉ាក់ប៉ាផ្ទាល់គឺចាំបាច់បំផុត ព្រោះឲ្យតែមានម៉ាក់ប៉ានៅក្បែរ ចាំជួយ កូនៗនឹងមានអារម្មណ៍សប្បាយចិត្ត និងមានភាពកក់ក្តៅ។ ផ្ទុយទៅវិញ បើមួយថ្ងៃៗ ម៉ាក់ប៉ារវល់តែការងារ គ្មានពេលសម្រាប់កូន អាចបណ្ដាលឲ្យបាត់បង់ភាពស្និទ្ធស្នាលក្នុងគ្រួសារ ហើយអាចឲ្យកូនគិតថា ក្នុងគ្រួសារគ្មានភាពកក់ក្តៅ និងគ្មានអ្នកណាខ្វាយខ្វល់ពីខ្លួន។

៣.មិនចេះលើកទឹកចិត្ត
កូនតូចៗគ្រប់រូបត្រូវការលើកទឹកចិត្ត ជាពិសេស អំឡុងពេលស្ត្រេសដូចជា ពេលប្រឡង ឬគ្រាន់តែពេលបំពេញកិច្ចការតូចតាចដូចជា ពេលឲ្យពេទ្យចាក់ថ្នាំក្តី។ ការជំរុញទឹកចិត្តសម្រាប់ក្មេង វាជាហេតុផលសាមញ្ញមួយដែលជំរុញឲ្យពួកគេ ធ្វើបានល្អក្នុងការបំពេញកិច្ចការអ្វីមួយ។
៤.ប្រៀបធៀបកូននឹងអ្នកផ្សេង
នេះជាបញ្ហាដែលម៉ាក់ប៉ាមួយចំនួនចូលចិត្តលើកមកនិយាយ នៅពេលខឹង ឬមិនពេញចិត្តនូវអ្វីដែលកូនធ្វើ តែវាអាចផ្តល់ផលមិនល្អខ្លាំង ទៅលើផ្លូវចិត្ត និងការគិតរបស់កូនបាន។ បើចង់ឲ្យកូនល្អ ប្រៀបធៀបកូននឹងអ្នកដទៃ មិនមែនជាវិធីល្អទេ ព្រោះមនុស្សគ្រប់រូបមានគំនិត និងផែនការខុសៗគ្នា។
ដកស្រង់ពី៖ Hello Health Group