ទារកទើបនឹង​កើត! អ្នកម៉ាក់គួរ​បំបៅដោះ​តាមម៉ោងទាំងនេះទើបល្អសុខភាពកូន

ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ទំនង​ជា​នៅ​ឆ្ងល់​ច្រើន​ថា​គួរ​ឲ្យ​កូន​​ទើប​កើត​បៅ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​បៅ​ម្ដងៗ​ក្នុង​កម្រិត​ណា​ទើប​ឆ្អែត​ជា​ដើម​។ ការ​បំបៅ​ដោះ​កូន​មិន​មាន​គោលការណ៍​កំណត់​ជាក់​លាក់​នោះ​ទេ គឺ​អាស្រ័យ​លើ​កូន​របស់​យើង​ម្នាក់ៗ​។

ខាងក្រោមនេះអ្នកម៉ាក់ថ្មីថ្មោងនឹងបានស្វែងយល់បន្ថែមអំពីលក្ខណៈនៃការបំបៅដោះឪ្យបានត្រឹមត្រូវសម្រាប់ទារក៖

Breastfeeding is like learning to drive – only harder | WCRF International

១. ទារកទើប​កើត​បាន​ពីរ​បី​ថ្ងៃ​
កូន​យើង​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ដំបូង ពោះ​នៅ​តូច មិន​ទាន់​ឃ្លាន​ខ្លាំង​ប៉ុន្មាន​ទេ ដោយ​ថា​បៅ​ដោះ​ម៉ាក់ៗ​ម្ដង​ប្រហែល​ជា​ត្រូវ​ការ​បរិមាណ​ទឹក​ដោះ​៣០​មិល្លីលីត្រ​។ កូន​ក្នុង​វ័យ​នេះ អាច​ថា​ត្រូវ​បំបៅ​ដោះ​ប្រហែល​១ម៉ោង​ ទៅ​បី​ម៉ោង​ម្ដង​។​

២. ទារក​ចូល​​វ័យ​អាទិត្យ ឬ​ខែ​ដំបូងៗ​
ពេល​កូន​មាន​អាយុ​ដល់​អាទិត្យ ឬ​ខែ​ដំបូងៗ​ហើយ ពោះ​អូនៗ​ក៏​កាន់តែ​ធំ​ជាមុន​ដែរ ឯ​បរិមាណ​ទឹក​ដោះ​ដែល​កូន​ត្រូវ​ការ​នឹង​កើន​ឡើង​នៅ​ពេល​អូនៗ​បាន​អាយុ​ចាប់ពី​មួយ​សប្ដាហ៍​ឡើង​ទៅ ដែល​អាច​ត្រូវការ​ពី​៦០​ទៅ​៩០​មិល្លីលីត្រ​ពេល​បៅ​​ម្ដងៗ​។

នៅ​ពេល​កូន​យើង​ឈាន​ចូល​វ័យ​៤ទៅ​៦ សប្ដាហ៍ កូន​អាច​ឃា្លន​រាល់​ពីរ​ទៅ​​បួន​​ម៉ោង​ម្ដង ឬ​អាច​ថា​ក្នុង​រយៈពេល​២៤​ម៉ោង​អូនៗ​ត្រូវ​ការ​បៅ​ពី​ប្រាំបី ទៅ​១២​ដង​។ បើ​និយាយ​ពី​ម៉ោង​គេង​វិញ អាច​ថា​គេង​ម្ដង​ពី​បួន​​ទៅ​ប្រាំ​​ម៉ោង​។

៣. អាយុ​៦ទៅ​១២​ខែ​
មក​ដល់អាយុ​នេះ​ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​ប្រចាំ​ថ្ងៃ​នឹង​ប្រែ​ប្រួល​ច្រើន ព្រោះថា​អូនៗ​អាច​ញ៉ាំ​អាហារ​បន្ថែម​ផ្សេង​ៗ​បាន​ហើយ​។​ ដូចនេះ​ម៉ាក់ៗ​អាច​បំបៅ​ដោះ​នៅ​ពេល​ណា​យើង​មើល​ឃើញ​ថា​កូន​ឃ្លាន។ បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ថា​ក្នុង​វ័យ​នេះ​អូនៗ​លែង​សូវ​ចង់​បៅ​ដោះ ព្រោះ​បាន​ញ៉ាំ​អាហារ​បន្ថែម ម៉ាក់ៗ​គួរ​ទម្លាប់​ឲ្យ​កូន​បៅ​ដោះ​មុន​សិន ចាំ​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​តាម​ក្រោយ​។​

Breastfeeding | CDC

៤. វ័យ​១២​ទៅ​២៤​ខែ
មក​ដល់​វិញ​នេះ ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​អូនៗ​អាច​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​ថា​ក្មេង​ខ្លះ​បៅ​តែ​មុន​ចូល​គេង ឬ​ពេល​ព្រឹក​ ព្រោះថា​អូនៗ​បាន​ញ៉ាំ​អាហារ​ផ្សេងៗ​ទៀត​ច្រើន​ហើយ។ យ៉ាងណា ម៉ាក់ៗ​នៅ​តែត្រូវ​សម្គាល់​មើល​ដដែល​ថា គួរ​បំបៅ​​ដោះ​កូន​នៅ​ពេលណា​កូន​ឃ្លាន​ មិន​មែន​ត្រូវ​ដល់​ពេល​នេះ ឬ​ពេល​នោះ​ចាំ​បំបៅ​ដោះ​នោះ​ទេ​។

ជា​ទូ​ទៅ​គ្មាន​ការ​កំណត់​ដាច់​ណាត់​ថា​កូន​ត្រូវ​បៅ​ដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​ជាក់​លាក់​នោះ​ទេ ពោល​​គឺ​ម៉ាក់ៗ​ត្រូវ​ចេះ​មើល​ពី​សញ្ញា​កូន​ឃ្លាន ហើយ​បំបៅ​ដោះ​កូន។ បើ​ម៉ាក់ៗ​នៅ​មានការ​សង្ស័យ​ត្រូវ​សាក​សួរ​គ្រូពេទ្យ​ជំនាញ​ អំពី​ការ​បំបៅ​ដោះ​កូន​នេះ​ឲ្យ​បាន​ច្បាស់​លាស់​។

ដកស្រង់ពី៖ Hello Health Group