គន្លឹះសម្រាប់អ្នកម៉ាក់! ផលប៉ះពាល់និង តិចនិកការពារកុំឪ្យទារកឈ្លក់ទឹកដោះ
ទារកឈ្លក់ទឹកដោះអាចបណ្ដាលមកពីកត្តាប្រឈមដូចជា ទារកមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់ មានបញ្ហាបេះដូង ទារកមានបញ្ហាឆែបមាត់ ទារកដែលក្អែញឹកញាប់ ឬការបំបៅដោះកូនមិនបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។
ខាងក្រោមនេះយើងនឹងសម្អិតនូវគន្លឹះមួយចំនួនស្តីការឈ្លក់ទឹកដោះរបស់ទារក៖
១. ផលប៉ះពាល់នៃការឈ្លក់ទឹកដោះ
ការឈ្លក់ទឹកដោះ ជាការលេបទឹកដោះម្ដាយ ឬទឹកដោះគោចូលទៅក្នុងសួតដោយចៃដន្យ។ ការឈ្លក់ទឹកដោះចូលសួតនេះ ទៀតសោតអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង ដែលម៉ាក់ៗគួរដឹង និងប្រយ័ត្នដូចជា៖
- អាចបង្កឲ្យមានការរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតអាចបាត់បង់ជីវិតក៏មាន
- ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
- ទារកអាចនឹងមិនសូវឡើងទម្ងន់។
២. តិចនិកការពារកូនកុំឲ្យឈ្លក់ទឹកដោះ
ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ ភាគច្រើនដោយការបំបៅទឹកដោះគោ។ ដើម្បីការពារអាអូនកុំឲ្យឈ្លក់បាន ម៉ាក់ៗអាចអនុវត្តតាមការណែនាំរបស់មន្ទីរពេទ្យកាល់ម៉ែតខាងក្រោមនេះបានដូចជា៖
- ត្រូវបំបៅទារកដោយដាក់មាត់ទារកឲ្យស៊ប់នឹងក្បាលដោះ
- រៀបចំស្ថានភាពទារកឲ្យបានត្រឹមត្រូវដោយ លើកទារកបញ្ឆិតឲ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាបរាល់ពេលបៅ
- ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឲ្យបានយ៉ាងតិច៣០-៦០នាទី មុននឹងដាក់ឲ្យទារកគេងលើផ្ទៃរាបស្មើវិញ
- ប្រសិនបើទារកក្អែញឹកញាប់ ម៉ាក់ៗត្រូវបំបៅអាអូនតិចៗ តែច្រើនដង។
ដកស្រង់ពី៖ Hello Health Group