វិធីសាស្ត្រ ៥ ល្អៗនៅពេលកូនក្នុងផ្ទៃមិនគ្រប់គីឡូ ម៉ាក់ៗអាចអនុវត្តន៍បានងាយ
ការគិតគូរអំពីសុខភាពរបស់ទារកក្រោយសម្រាលរួច អាចនឹងងាយស្រួលជាងការថែទាំទារកដែលនៅក្នុងផ្ទៃទៅទៀត។ នៅពេលដែលស្រីៗយើងចាប់ផ្ដើមមានគភ៌ យើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះសុខភាពខ្លួនឯង ពីព្រោះវាមានផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់កូនដែលនៅក្នុងផ្ទៃ។ លើសពីនេះ ម៉ាក់ៗចាំបាច់ត្រូវធានាថា ខ្លួននិងទារកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីឲ្យអាអូនមានការលូតលាស់ល្អប្រសើរ។
តើមានវិធីអ្វីខ្លះនៅពេលកូនក្នុងផ្ទៃមិនគ្រប់គីឡូ?
យ៉ាងណាមិញ ប្រសិនបើទារកក្នុងផ្ទៃមិនគ្រប់គីឡូទេនោះ យើងអាចអនុវត្តន៍តាមវិធីសាស្ត្រទាំងនេះ ដើម្បីបង្កើនទម្ងន់ដល់ទារកឲ្យបានទាន់ពេលវេលា៖
១. របបអាហារត្រឹមត្រូវ
ម៉ាក់ៗគប្បីប្រកាន់ខ្ជាប់នូវរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព។ ផ្លែឈើស្រស់ បន្លែ ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ និងកាបូអ៊ីដ្រាតល្អ គឺជាជម្រើសអាហារដ៏ស័ក្ដិសមបំផុតសម្រាប់ម៉ាក់ៗ និងអាអូន។
ចូរជៀសវាងអាហារខ្លាញ់ ចៀន និងអាហារដែលមានកូលេស្តេរ៉ូលខ្ពស់ ក៏ដូចជាអាហារដែលប្រើសារធាតុរក្សាគុណភាពឲ្យបានយូរច្រើន។
២. សម្រាកឲ្យបានគ្រប់គ្រាន់
ជាមួយគ្នានេះដែរ យើងត្រូវគេងឲ្យបានច្រើននៅពេលយប់ និងសម្រាកនៅពេលណាដែលយើងនឿយហត់ខ្លាំង នៅអំឡុងពេលថ្ងៃ។ ពិតណាស់ ការពពោះអាចប៉ះពាល់ដល់រាងកាយម៉ាក់ៗយ៉ាងសម្បើម។ ដូច្នេះហើយ ម៉ាក់ៗគួរសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានថាមពល និងភាពស្រស់ស្រាយដល់រាងកាយសារជាថ្មីម្ដងទៀត។
៣. ញ៉ាំវីតាមីនអំឡុងពេលពពោះ
បន្ថែមពីនេះ ម៉ាក់ៗគួរញ៉ាំវីតាមីននៅពេលពពោះ ទៅតាមការណែនាំរបស់គ្រូពេទ្យ។ ជាទូទៅ វីតាមីននៅពេលពពោះ ផ្ដល់សារធាតុចិញ្ចឹមបន្ថែមដល់រាងកាយ ដើម្បីទ្រទ្រង់សុខភាពទាំងម្ដាយ និងទារកក្នុងផ្ទៃ។
៤. កាត់បន្ថយស្រ្តេស
នៅពេលដែលយើងស្រ្តេស ឬថប់បារម្ភ យើងអាចនឹងញ៉ាំច្រើនជ្រុល ឬតិចជ្រុល ឬមិនថែទាំខ្លួនឲ្យបានដិតដល់។ កត្តានេះ អាចប៉ះពាល់ដល់ម៉ាក់ៗ និងទារកនៅក្នុងផ្ទៃយ៉ាងខ្លាំងក្លា។ ដូចនេះ ការរក្សាចិត្តឲ្យស្ងប់ និងគ្រប់គ្រងស្រ្តេសបានល្អ មានសារសំខាន់ខ្លាំងណាស់ក្នុងអំឡុងពេលពពោះ។
៥. ជៀសវាងផឹកគ្រឿងស្រវឹង និងជក់បារី
នៅអំឡុងពេលពពោះ ម៉ាក់ៗមិនគួរផឹកគ្រឿងស្រវឹង ឬជក់បារីនោះទេ។ សារធាតុទាំងនេះ មានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពរបស់យើង ហើយវាក៏អាចកំណត់អំពីស្ថានភាពសុខភាពរបស់ទារកក្នុងផ្ទៃថែមទៀតផង។
ដកស្រង់ពី៖ Hello Krupet