ពេលពពោះម៉ាក់ៗញ៉ាំលៀស ខ្យង ខ្ចៅ កូនកើតមកហៀរទឹកមាត់?
ចាស់ៗចំណាំនិយាយថា ស្រីៗដែលញ៉ាំលៀស ខ្ចៅ ខ្យង ឬគ្រុំអំឡុងពពោះ នោះពេលកូនកើតមកច្បាស់ជាហៀរទឹកមាត់ ដូចខ្ចៅខ្យងដែរហើយ ដូច្នេះហើយគ្នាយើងមួយចំនួនទោះជាឃ្លានយ៉ាងណាក៏មិនហ៊ានញ៉ាំដែរ។
តើរឿងញ៉ាំលៀស ខ្យង ខ្ចៅពេលពពោះធ្វើឪ្យកូនហៀរទឹកមាត់ឬ?
ខាងក្រោមនេះអ្នកម៉ាក់ពពោះនឹងបានយល់ដឹងបន្ថែមអំពីពាក្យចចាមរាមនេះ៖

តាមពិតនេះគ្រាន់តែពាក្យចចាមអារាមដែលគេនិយាយតៗគ្នាតែប៉ុណ្ណោះ ធាតុពិតរហូតមកដល់ពេលនេះមិនទាន់មានភស្តុតាវិទ្យាសាស្ត្រណាមួយដែលអះអាងថា នេះជាការពិតនោះទេ។
ករណីដែលក្មេងមួយចំនួនកើតមកមានហៀរទឹកមាត់មិនឈប់នោះអាចមកពី ក្មេងមានអណ្តាតធំ មានការបង្ករោគនៅក្រពេញទឹកមាត់ រលាកបំពង់ក ច្រាលទឹកអាសុីដក្រពះ ឬមានបញ្ហាប្រព័ន្ធសរសៃប្រសាទជាដើម។

ទោះជាការញ៉ាំពពួកសត្វអត់មានឈាមទាំងនោះមិនធ្វើឲ្យកូនកើតមានហៀរទឹកមាត់ក៏ដោយ ក៏ម៉ាក់ៗមិនត្រូវញ៉ាំដែរ។ សត្វទាំងនោះមិនសម្បូរជីវជាតិ ឬប្រូតេអ៊ីនទេ វារស់នៅក្នុងទឹកកខ្វក់ សំបកមានជាប់ដី ឬស្លែខ្មៅៗ និងសត្វល្អិតមកជាមួយ កាលយើងលាងមិនស្អាត ឬចម្អិនមិនឆ្អិនល្អទៀត ធ្វើឲ្យឆ្លងព្រូន អៀន តេនញ៉ា ញ៉ាំទៅម៉ាក់ៗអាចឈឺពោះ រាករូស ឬកើតជំងឺផ្សេងទៀត ប៉ះពាល់ដល់កូនក្នុងផ្ទៃ។
ដកស្រង់ពី៖ Hello Health Group