មានច្រើនណាស់! អាការៈឈឺចុកចាប់ ៥ យ៉ាងស្ត្រីពពោះសុទ្ធតែអាចឆ្លងកាត់
បញ្ហាសុខភាពជាច្រើនឧស្សាហ៍កើតមានបំផុតចំពោះស្រីៗគ្នាយើងកំពុងពពោះ។ អំឡុងពេលមានផ្ទៃពោះ ដោយសារបញ្ហាកើនទម្ងន់ បម្រែបម្រួលអ័រម៉ូន និងកើនសម្ពាធឈាម សុទ្ធតែនាំឲ្យស្រីៗយើង រងការឈឺចាប់លើរាងកាយ។
ពេលនេះ Parentingtip នឹងលើកយកអាការៈឧស្សាហ៍កើតមានបំផុតមកបកស្រាយដូចមានខាងក្រោម៖

១. បញ្ហារមួលក្រពើ
បញ្ហារមួលក្រពើ ជាទូទៅកើតឡើងដោយសារសាច់ដុំកំភួនជើង ហើយក៏ឧស្សាហ៍កើតមានបំផុតលើស្រីៗកំពុងពពោះ ពិសេសនៅពេលយប់អំឡុងត្រីមាសទី២ និងទី៣ នៃការពពោះ។ បញ្ហានេះកើតមាននៅពេលផ្នែកណាមួយនៃសាច់ដុំកំភួនជើងរបស់យើងកន្ត្រាក់ និងរមួលចូលគ្នា ហើយពិតជាធ្វើឲ្យយើងឈឺចុកចាប់ខ្លាំង។
២. ហើមជើង និងប្រអប់ជើង
នៅពេលមានឡើងជាតិទឹកក្នុងរាងកាយលើសកម្រិត វានឹងច្រាលទៅកាន់ជើង និងប្រអប់ជើង ហើយឧស្សាហ៍កើតមានបន្ទាប់ពីពពោះបានប្រមាណ៣ខែ ដែលត្រូវចាត់ទុកជាការពពោះពេញលក្ខណៈ។ ទោះយ៉ាងណា អាការៈនេះក៏មិនបានធ្វើឲ្យយើងមានអារម្មណ៍មិនស្រណុកសុខស្រួលនោះដែរ។
មានវិធីហាត់ប្រាណជាច្រើន អាចជួយដោះស្រាយបញ្ហាហើមជើងអំឡុងពេលពពោះ ខណៈស្រ្តីខ្លះបានចែករំលែកបទពិសោធរបស់ខ្លួនថា ការហាត់ប្រាណបានជួយបន្ធូរអាការៈហើមជើង និងប្រអប់ជើង ឬ Swollen feet and legs ពិសេសអាចជួយធ្វើឲ្យលំហូរឈាមទៅកាន់ជើង និងប្រអប់ជើងរត់បានល្អ អាចដោះស្រាយបញ្ហាលើសជាតិទឹកទៀតផង។

៣. អាការៈឈឺក្រោមចង្កេះ
អាការៈឈឺប្រភេទនេះ ឧស្សាហ៍កើតមានបំផុតចំពោះស្រីៗពពោះ គឺមានដល់ទៅ ២/៣ នៃស្រីៗពពោះទាំងអស់។ នៅត្រីមាសដំបូង កត្តាធ្វើឲ្យឈឺខ្នងខាងក្រោម អាចដោយសារការសម្រាករបស់សាច់ដុំ និងសរសៃជុំវិញត្រគាក ខណៈបន្ទាប់ពី ៣ខែដំបូង អាការៈអាចនឹងកាន់តែឈឺ ដោយសារតែការឡើងទម្ងន់សង្កត់ទៅលើស្បូន បូករួមទាំងសាច់ដុំពោះទៀតផង។
៤. ឈឺចុកចាប់ត្រគាក
ពីមុនមក បញ្ហានេះត្រូវគេហៅថាជាដំណើរមិនស៊ីគ្នានៅតំបន់ត្រគាក ខណៈការចុកចាប់ត្រគាក ក៏ជាបញ្ហាឧស្សាហ៍កើតមានច្រើនផងដែរ បង្កឡើងដោយសារសន្លាក់នៅតំបន់ត្រគាកធ្វើចលនាមិនស្មើគ្នា ដោយកើតមានលើស្រីៗពពោះយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម ៥នាក់។
៥. ឈឺភ្លៅខាងក្នុង
សាច់ភ្លៅខាងក្នុង ជាផ្នែកមួយផ្សេងទៀតនៃរាងកាយ ស្រីៗពពោះខ្លះអាចឈឺ និងតឹងណែនខ្លាំងអំឡុងពេលពពោះ។ បើគ្នាយើងមានបញ្ហាឈឺ និងតឹងណែន មានអារម្មណ៍ក្តៅដូចរលាកនៅតំបន់នោះ យើងអាចពិភាក្សាជាមួយពេទ្យដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវណាមួយសម្រាប់យើង។
ដកស្រង់ពី៖ Hello Health Group