គេងមិនលក់ពេលពពោះឧស្សាហ៍កើតមានណាស់ តើគួរដោះស្រាយបែបណា?
ជំងឺគេងមិនលក់ អាចកើតលើយើងគ្រប់ពេល គ្រប់វ័យ នាំឲ្យប៉ះពាល់ច្រើនដល់សុខភាព។ អ្វីកាន់តែគួរឲ្យព្រួយបារម្ភខ្លាំង បើកើតលើស្រីៗកំពុងពពោះ ត្រូវតែប្រយ័ត្នប្រយែងឲ្យបានច្រើន ទោះធម្មតាមិនអាចប៉ះពាល់ដល់សុខភាពយើង និងកូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែក៏មិនត្រូវព្រងើយកន្តើយដែរ។
ពេលកំពុងពពោះ ហើយជួបបញ្ហានេះអាចសាកដោះស្រាយតាមវិធីក្នុងអត្ថបទនេះបាន៖

១. កត្តាអ្វីខ្លះនាំឲ្យគេងមិនលក់ពេលពពោះ
មានកត្តាស្មុគស្មាញជាច្រើនរួមបញ្ចូលគ្នា ដែលអាចបង្កទៅជាបញ្ហាគេងមិនលក់ពេលពពោះ ក្នុងនោះរាប់បញ្ចូលទាំង៖
- បម្រែបម្រួលអ័រម៉ូន
- តម្រូវការទៅបន្ទប់ទឹកញឹកញាប់
- បញ្ហាក្រហាយទ្រូងពេលពពោះ
- រមួលក្រពើ
- ការធ្វើមេតាប៉ូលីសក្នុងរាងកាយនាំឲ្យឡើងកម្តៅ
- គេងមិនស្រណុក ដោយសារតែភគ៌ក្នុងផ្ទៃកាន់តែធំ និងកម្រើក
- បញ្ហាថប់បារម្ភមុនសម្រាល។
២. គេងមិនលក់ពេលពពោះគួរធ្វើម៉េច?
បញ្ហានេះធ្វើឲ្យយើងគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់ គួរសាកល្បងដោះស្រាយតាមវិធីសាស្ត្រខាងក្រោមនេះបន្តិចលមើល៍៖

- ក្រោកឡើង៖ បើព្យាយាមគេងប្រមាណ ២០-៣០ នាទី ហើយបើនៅតែគេងមិនលក់ អាចក្រោកទៅធ្វើអ្វីយើងគិតថាមិនទាន់ធ្វើរួចកាលពីល្ងាច (ចំណាយត្រឹម ១៥នាទីបានហើយ) ហើយព្យាយាមត្រឡប់មកគេងវិញ ប្រហែលជាជួយឲ្យយើងមានអារម្មណ៍ល្វើយជាងមុន ងាយគេងលក់ស្រួល។
- កុំគិតពីចំនួនម៉ោងយើងគេងអី៖ គិតថា ពេលវេលាគេងសម្រាប់យើងទូទៅ ៨ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែគ្នាយើងខ្លះអាចនឹងមានតម្រូវការគេងច្រើន ឬតិចជាងនេះ។ អ្វីល្អបំផុត សួរខ្លួនយើងមានអារម្មណ៍ស្រួលខ្លួន ឬយ៉ាងណាជាមួយរយៈពេលយើងគេង។ បើយើងគ្មានអារម្មណ៍ល្វើយ អស់កម្លាំងទេនោះ មានន័យថាយើងគេងគ្រប់គ្រាន់ហើយ។
៣. គេងមិនលក់ពេលពពោះគ្រោះថ្នាក់ដែរទេ?
បញ្ហាគេងមិនលក់ពេលពពោះ មិនអាចបង្កហានិភ័យដល់សុខភាពយើង និងកូនទេ អ៊ីចឹងក៏មិនចាំបាច់បារម្ភខ្លាំងពេកនោះដែរ។ ពេលខ្លះស្រីៗយើងកុំខ្វាយខ្វល់ច្រើនពេក ព្រោះថាការមិនខ្វាយខ្វល់ច្រើន ក៏ជួយឲ្យយើងអាចគេងលក់ដូចធម្មតាវិញបាន។
ដកស្រង់ពី៖ Hello Health Group